នាមុននេះបន្តិចយោងតាមការជូនដំណឹងពីក្រសួងសុខាភិបាល នៅថ្ងៃទៅ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានប្រកាសពីការរកឃើញករណីទី២នៃជំងឺផ្តាសាយបក្សី ក្នុងចំណោមវត្ថុសំណាកទាំង១២ លើបុរសអាយុ៤៩ឆ្នាំ ដែលមានទីលំនៅស្ថិតនៅក្នុងភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ជាក់ស្ដែងជនរងគ្រោះត្រូវជាឪពុករបស់ក្មេងស្រី ដែលទើបតែស្លាប់ដោយជំងឺផ្ដាសាយបក្សី H5N1 កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ប៉ុន្តែស្ថានភាពសុខភាពបុរសនេះមិនទាន់ចេញនូវរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នៅឡើយ។
គួរឱ្យបញ្ជាក់ដែរថា លទ្ធផលនេះទទួលបានបន្ទាប់ពី ក្រសួងសុខាភិបាល ដោយមានកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលខេត្តព្រៃវែង រួមជាមួយដៃគូសុខាភិបាល បានចុះដល់មូលដ្ឋានជាបន្ទាន់ហើយ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់នេះ បានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ជាមួយកុមារីដែលបាន ស្លាប់ដោយសារជំងឺផ្តាសាយបក្សីH5N1 ចំនួន១២នាក់ ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ដែលលទ្ធផលនៃការវិភាគ បានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ (H5N1) ១សំណាក។
គួរឱ្យដឹងផងដែរថា នេះជាករណីទី២ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល ០៩ឆ្នាំកន្លងមកហើយនៅព្រះរាជាណាចក្រកម្ពុជា ដែលករណីចុងក្រោយនេះ គឺជាករណីទី៥៨ ដែលបានរកឃើញនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណី ទាំង៥៨ ជានារី។ ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៥ មកនៅក្នុងចំណោម អ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេដែលមានជីវិត ៕
អត្ថបទដោយ៖ ស្រីណុច