ជំងឺមហារីកក្រពេញប្រូស្តាតកើតឡើងលើមនុស្សយើងនៅពេលដែលកោសិកាក្រពេញមួយនេះចាប់ផ្តើមប្រែខ្លួនទៅជាខុសធម្មតា និងបំបែកខ្លួនច្រើន។ ជំងឺមហារីកក្រពេញប្រូស្តាតជាបញ្ហាសុខភាពទូទៅបំផុតមួយដែលងាយនឹងកើតមានចំពោះបុរស។
ទោះជាយ៉ាងណាអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានយ៉ាងងាយដោយគ្រាន់តែទទួលទានអាហារធម្មតាៗមួយចំនួន។ អាការៈដែលជាប់ទាក់ទងនឹងមហារីកមួយនេះមានដូចជា នោមញឹក មានឈាមក្នុងទឹកកាម មិនស្រួលក្នុងតំបន់អាងត្រគាក ពិបាកនោម កម្លាំងទឹកនោមបាញ់កាន់តែខ្សោយ និងងាប់លិង្គជាដើម។
ថ្វីបើមិនមានគម្រោងការពារជំងឺមហារីកក្រពេញប្រូស្តាតដែលល្អឥតខ្ចោះក៏ដោយ តែខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចជួយបន្ថយការប្រឈមនឹងជំងឺនេះបាន៖
សណ្តែកសៀង៖ ការសិក្សាថ្មីមួយបានរកឃើញថា ការញ៉ាំអាហារសម្បូរសណ្តែកសៀងអាចការពារបុរសពីជំងឺមហារីកក្រពេញប្រូស្តាតបាន។ សារធាតុ Phytoestrogens ដែលមានក្នុងផលិតផលសណ្តែកសៀងនឹងជួយបន្ថយការប្រឈមនឹងមហារីកក្រពេញប្រូស្តាតបាន។
វីតាមីនសេ៖ វីតាមីនមួយនេះនឹងជួយបង្ការកោសិកាមហារីកកុំឲ្យបំបែកខ្លួនកាន់តែខ្លាំងទៀតបាន។ វានឹងបង្កើនមុខងារប្រព័ន្ធភាពស៊ាំដែលអាចប្រឆាំងនឹងជំងឺមហារីកបានយ៉ាងមានសុវត្ថិភាព។ វាជំរុញដល់ប្រសិទ្ធភាពថ្នាំមួយចំនួនសម្រាប់ប្រើលើជំងឺមហារីកដែរ។
ប៉េងប៉ោះ៖ សារធាតុ Lycopene គឺជាសារធាតុបំពាក់ពណ៌ក្រហមដល់ប៉េងប៉ោះផង និងជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយដែលអាចជួយយើងកុំឲ្យកោសិកាមហារីករាលដាលទៅឆ្ងាយទៀត រួមទាំងកោសិកាមហារីកក្រពេញប្រូស្តាតផង។ នោះក៏ព្រោះតែប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដែលជួយទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាតប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកផ្លែប៉េងបោះស្រស់ជាប្រចាំដើម្បីទទួលបានអត្ថប្រយោជន៍អស្ចារ្យ ក៏ដូចជាសារធាតុ lycopene គ្រប់គ្រាន់។
ទឹកផ្លែទទឹម៖ ការញ៉ាំទឹកផ្លែទទឹមរាល់ថ្ងៃប្រហែលជាបន្ថយការលូតលាស់មហារីកក្រពេញប្រូស្តាតបាន ដោយសារតែវាផ្ទុកទៅដោយសារធាតុPolyphenols និង Isoflavones ។ ទឹកផ្លែទទឹមអាចទប់ស្កាត់សកម្មភាពរបស់រ៉ាឌីកាលសេរី ដែលថ្វើឲ្យកោសិកាខូចខាត និងជាប់ទាក់ទងនឹងមហារីកបាន។
ប្រូខូលីឬផ្កាខាត់ណាខៀវ៖ ប្រូខូលីគឺជាបន្លែមួយប្រភេទដែលផ្ទុកទៅដោយសារធាតុជាច្រើនសម្រាប់ការពារមនុស្សយើងពីជំងឺមហារីកបាន។មួយក្នុងចំណោមប្រភេទនៃអាហារដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត។ នោះក៏ព្រោះតែផ្កាខាត់ណាខៀវជាប្រភពដ៏ប្រសើរនៃសារធាតុ indoles និង sulforaphane ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ ដើម្បីរក្សាសារធាតុប្រឆាំងជំងឺមហារីកនៃផ្កាខាត់ណាខៀវ កុំចម្អិនវាលើសពី ៥ នាទី។
តែបៃតង៖ ការស្រាវជ្រាវបានបង្ហាញថា បុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាត ហើយញ៉ាំតែបៃតងទៀត គឺមិនសូវមានការរលាកដល់ជាលិកាក្រពេញប្រូស្តាតឡើយ។ តែបៃតងគឺមានសារធាតុ Polyphenols ខ្ពស់ ដែលអាចជួយប្រឆាំងនឹងជំងឺមហារីកបាន។ការទទួលទានតែបៃតងជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាក្រពេញប្រូស្តាតគួរអោយកត់សម្គាល់។នោះក៏ព្រោះតែតៃបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពាររាងកាយប្រឆាំងនឹងរ៉ាឌីកាល់សរីដែលបង្កបញ្ហារលាកក្រពេញប្រូស្តាត។
ស៊ុត៖ ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន D ដែលចាំបាច់ក្នុងការរក្សាសុខភាពក្រពេញប្រូស្តាតចៀសផុតពីបញ្ហាគួរអោយព្រួយបារម្ភផ្សេងៗ រួមទាំងជំងឺមហារីក។
ត្រីសម្បូរខ្លាញ់៖ រួមមានត្រីសាលម៉ុន ត្រីសាឌីន ត្រី herring និងត្រី mackerel គឺសុទ្ធតែជាប្រភេទនៃត្រីដែលផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអូមេហ្គា ៦ ចាំបាច់ក្នុងការរក្សាសុខភាពក្រពេញប្រូស្តាតល្អប្រសើរទប់ស្កាត់ហានិភ័យនៃជំងឺមហារីក៕
អត្ថបទដោយ៖មាស វាសនា