គ្រោះថ្នាក់តែងកើតមានជាយថាហេតុ ដោយយើងមិនអាចដឹងមុនបានឡើយ ខណៈភ្លាមៗនៅក្នុងស្ថានភាពនោះមនុស្សត្រូវការជួយសង្គ្រោះបឋមដែលអាចជួយការពារអាយុជីវិតយើង ឬអាយុជីវិតសាច់ញាតិ។ នៅក្នុងការសង្រ្គោះត្រូវបានធ្វើឡើងដោយសកម្មភាព ឬត្រូវការសម្ភារ ថ្នាំពេទ្យមួយចំនួនតូចដើម្បីប្រើប្រាស់នៅគ្រប់ទីកន្លែង ជាពិសេសគឺនៅផ្ទះតែម្ដង។
ជាក់ស្ដែងយោងតាមការឲ្យដឹងពីសំណាក់ឱសថការី លោក ថៃ កុលាប បានលើកឡើងថា នៅតាមផ្ទះចាំបាច់ត្រូវតែមាន Fisrt Aid Kit ឬក៏យើងអាចហៅបានថា «ប្រអប់សង្គ្រោះបឋម» ។ អត្ថប្រយោជន៍ប្រអប់សង្គ្រោះបឋមនេះដែរគឺមានច្រើនសម្បូរបែបណាស់នៅពេលដែលយើងមានបញ្ហាឈឺ ថ្កាត់ អាសន្នភ្លាមៗ ដែលមិនមែនជារបួសធ្ងន់ធ្ងរនៅក្នុងផ្ទះ យប់ព្រលប់ ឬក៏តាមកន្លែងណាដែលយើងធ្វើដំណើរកំសាន្ដ បំពេញភារកិច្ចផ្លូវឆ្ងាយដែលអាចយកបានតាមខ្លួន យើងអាចប្រើប្រាស់វាបានយ៉ាងលឿន ជួយសម្រាលបញ្ហាបានយ៉ាងងាយស្រួលមានប្រសិទ្ធភាព។
ឱសថការី បានបញ្ជាក់ទៀតថា ចំពោះថ្នាំ ឬសម្ភារពេទ្យដែលយើងគួរតែមាននៅក្នុងប្រអប់សង្គ្រោះបឋមនោះគឺយើងត្រូវមានប្រភេទថ្នាំ OTC ដែលថ្នាំទាំងអស់ហ្នឹងរួមមានដូចជា ប៉ារ៉ាសេតាម៉ុល អាស្ពីរីន ថ្នាំផ្ដាសាយ ឈឺក្បាល ថ្នាំអាឡែហ្សី ថ្នាំកាត់បន្ថយអាស៊ីតក្រពះ ថ្នាំទល់លាមក ថ្នាំក្រហម ថ្នាំលាងរបួសសម្លាប់មេរោគ បង់បិតដំបៅ អាល់កុល ល-ល។ ខណៈថ្នាំទាំងអស់ហ្នឹងយើងអាចរកទិញបាននៅគ្រប់ឱសថស្ថានដោយមិនចាំបាច់មានក្រដាសចេញវេជ្ជបញ្ជាឡើយ។
ដោយឡែកចំពោះការប្រើប្រាស់ទៀតសោតយើងមិនអាចប្រើប្រាស់តាមចិត្តនឹកឃើញនោះទេ។ ក្នុងលក្ខខណ្ឌដែលយើងឈឺក្បាល ក្ដៅខ្លួនតិចតួច រងរបួសស្រាលយើងអាចប្រើប្រាស់ប្រអប់សង្គ្រោះបឋមបាន ប៉ុន្តែក្នុងករណីសុខភាព របួសធ្ងន់ធ្ងរដាច់ខាតត្រូវតែបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបានឆាប់រហ័ស។
ហើយអ្វីដែលសំខាន់ទៀតនោះពេលដែលយើងឈឺយើងត្រូវតែទៅពិនិត្យ ពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនដើម្បីឲ្យគ្រូពេទ្យចេញវេជ្ជបញ្ជាក្នុងការប្រើប្រាស់ថ្នាំប្រកបដោយប្រសិទ្ធភាព។
គួរឱ្យដឹងផងដែរថា ឱសថការី លោក ថៃ កុលាប បានបញ្ចាប់ការសិក្សាក្នុងឆ្នាំ២០១៦ នៅឯសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ក្រោយពីបញ្ចាប់ការសិក្សាលោកក៏បម្រើការងារផ្នែកលក់ឱសថនៅឱសថស្ថានឯកជន១កន្លែង អស់រយៈពេល៧ឆ្នាំមកហើយ ៕
អត្ថបទដោយ៖ ស្រីណុច