កុមារធំឡើងក្លាយជាមនុស្សឆ្លាត ពូកែ មួយផ្អែកបានមកពីការខិតខំរបស់ពួកគ តែមួយផ្អែកទៀតក៏ត្រូវពឹង លើគ្រួសារដែរ។ គ្រួសារមួយដែលមានមូលដ្ឋានគ្រឹះល្អ មិនត្រឹមតែបង្កើតសុភមង្គលសម្រាប់សមាជិកគ្រួសារ តែត្រូវបណ្តុះគ្រាប់ពូជជោគជ័យសម្រាប់កូនៗ និងចៅៗនាពេលអនាគត។ ខាងក្រោមនេះគឺជាលក្ខណៈសំខាន់ ៣ យ៉ាង ដែលគ្រួសារនីមួយៗគួរតែមាន៖
១. ក្នុងផ្ទះត្រូវមានសៀវភៅ៖ ផ្ទះដែលពោរពេញដោយសៀវភៅ គឺជាសួនច្បារនៃបញ្ញា។ ផ្ទះមួយដែលមានសៀវភៅនៅគ្រប់មុំ គឺដូចជាការបើកទ្វារឱ្យក្មេងៗចូលទៅកាន់ពិភពនៃចំណេះដឹងដោយមិនបាច់បង្ខំពួកគេ ។ នៅក្នុងបរិយាកាសបែបនេះ ការអានមិនមែនជាកាតព្វកិច្ច តែវានឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់កូនអ្នក។
ឪពុកម្តាយដែលចូលចិត្តអាន និងចំណាយពេលទំនេរជាមួយសៀវភៅ ជាងការកាន់តែទូរស័ព្ទគឺជាគំរូដ៏ល្អបំផុតសម្រាប់កូន។ តាមរយៈការអាន សមត្ថភាពគិតវិភាគ ការប្រាស្រ័យទាក់ទង និងការគិតដោយឯករាជ្យរបស់ពួកគេនឹងត្រូវបានបណ្តុះឡើងយ៉ាងល្អ។ កុមារដែលធំឡើងជាមួយសៀវភៅ មិនត្រឹមតែពូកែសិក្សានៅសាលាប៉ុណ្ណោះទេ តែនេះក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនពីជីវិត និងការរីកចម្រើននាពេលអនាគតផងដែរ។
២. គ្រួសារដែលមានតែភាពស្ងប់៖ បរិយាកាសគ្រួសារដែលស្ងប់ស្ងាត់ កក់ក្តៅ និងពោរពេញដោយការយល់ចិត្ត គឺជាខ្សែការពារដ៏សំខាន់សម្រាប់ផ្លូវចិត្តរបស់កុមារ។ នៅក្នុងគ្រួសារដែលមានឪពុកម្តាយចេះគោរពគ្នា ឱ្យតម្លៃ អត់ឱនឱ្យគ្នា និងដោះស្រាយបញ្ហាដោយសនិតិវិធី កុមារនឹងមានអារម្មណ៍ថាត្រូវបានស្រឡាញ់ និងមានសុវត្ថិភាពបំផុត។
កុមារបែបនេះភាគច្រើនមានទំនុកចិត្តលើខ្លួនឯង ចេះយល់ចិត្តអ្នកដទៃ និងចេះបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ពួកគេអាចផ្តោតលើការសិក្សា និងការអភិវឌ្ឍខ្លួនដោយមិនមានសម្ពាធខាងផ្លូវអារម្មណ៍។ ផ្ទុយទៅវិញ បរិយាកាសដែលពោរពេញដោយការឈ្លោះប្រកែក និងភាពតានតឹងអាចបង្កឱ្យកុមារខ្វះទំនុកចិត្ត និងងាយប៉ះពាល់ដល់ផ្លូវចិត្ត។
៣. ឪពុកម្ដាយត្រូវធ្វើជាគំរូដល់កូន៖ ជាជាងការប្រៀនប្រដៅកូនតាមរយៈពាក្យសម្ដី តែឪពុកម្ដាយគួរបង្ហាញទង្វើរច្រើនជាង។ ឪពុកម្តាយគឺជាគ្រូដំបូង និងមានឥទ្ធិពលខ្លាំងបំផុតលើអាកប្បកិរិយា និងទស្សនៈនៃជីវិតរបស់កូនៗ។ ឪពុកម្តាយដែលមានទំនួលខុសត្រូវ ខិតខំប្រឹងប្រែង ស្មោះត្រង់ និងប្រព្រឹត្តល្អចំពោះអ្នកដទៃ នឹងបណ្តុះគុណសម្បត្តិដូចគ្នានេះទៅកាន់កូនៗរបស់អ្នកឱ្យពួកគេយកគំរូតាម៕
អត្ថបទដោយ៖ សារួ
