សព្វថ្ងៃនេះ មនុស្សមួយចំនួនប្រើ Facebooks គ្រាន់តែកំដរអារម្មណ៍សប្បាយតែប៉ុណ្ណោះ។ តាមពិតទៅ! បើយើងចេះប្រើបណ្តាញសង្គមឱ្យមានប្រយោជន៍ដល់ខួរក្បាល ច្បាស់ណាស់ចំណូលកើតចេញពីការលេងនេះផងដែរ។ មានបុរសម្នាក់អង្គុយលេង Facebooks ក៏បែកគំនិតទៅធ្វើកសិកម្មទាញចំណូលក្លាយជាអ្នកមាន។
បុរសម្នាក់នោះគឺលោក Benjamin Swan ជាសហគ្រិនដ៏ជោគជ័យមួយរូបមានដើមកំណើតក្នុងប្រទេសសិង្ហបុរី។ មុនដំបូងគាត់ជាបុគ្គលិកធ្វើការនៅធនាគារ Citibank។ អ្វីដែលធ្វើឱ្យជីវិតគាត់ផ្លាស់ប្តូរខ្លាំងនោះ នៅអំឡុងពេលគាត់កំពុងតែជិះរថភ្លើងត្រឡប់ទៅផ្ទះក្រោយចេញពីធ្វើការក៏អង្គុយអូស Facebook ធ្វើឱ្យគាត់ទាក់គំនិតអស្ចារ្យក្នុងអត្ថបទរបស់លោក Dickson Despommier ជាសាស្រ្តាចារ្យមីក្រូជីវវិទ្យា។ គ្រាន់តែគាត់អានហើយមើលឃើញអនាគតធ្វើកសិកម្មតាមបច្ចេកទេសទំនើបតែម្តង។
លោក Swan បានរកឃើញក្ដីស្រមៃដ៏អស្ចារ្យមួយដែលខ្លួនមិនដែលធ្លាប់បានគិតពីមុនមកគឺគាត់បានចាប់ផ្តើមធ្វើកសិកម្មបែបបច្ចេកទេសទំនើបដោយការសាកល្បងសិន។ គាត់មានក្តីស្រមៃមួយថា បន្លែនិងផ្លែឈើរបស់គាត់នឹងគ្មានគ្មានសារធាតុគីមី និងជួយលើកកំពស់ការរស់នៅរបស់មនុស្សជាតិឱ្យមានសុខភាពល្អ។
ហើយលោក Swan បានចាប់ផ្ដើមធ្វើការសិក្សាស្រាវពីការដំាំដំណាំដោយប្រើបច្ចេកទេសទំនើប តាមរយៈ Youtube & Google និងការអានសៀវភៅផ្សេងៗ ដែលផ្តល់គំនិតទាក់ទងជាមួយកសិកម្ម។ ក្រោយពេលដែលសិក្សាស្រាវជ្រាវអស់ពេល ៦ខែមកហើយ គាត់ចាប់ផ្ដើមពិសោធន៍ទៅលើការដាំបន្លែខាត់ណា ប៉ុន្ដែការពិសោធន៍លើកដំបូងបានបរាជ័យម្តងហើយម្តងទៀត តែគាត់នៅតែព្យាយាមធ្វើការពិសោធន៍បន្តទៀត។
គាត់បានព្យាយាមរៀតសូត្រពីកំហុសដែលធ្វើឱ្យគាត់បរាជ័យហើយបន្តការប្រឹងប្រែងសិក្សាស្រាវជ្រាវរកបច្ចេកទេសដាំដុះថ្មីៗបន្ថែមទៀត។ ក្រោយមកលោក Swan ក៏រកបានដៃគូរសហការម្នាក់ដែលមានឈ្មោះថា Martin Lavoo ដែលមានចំណង់ចំណូលចិត្តនិងគោលដៅលើវិស័យកសិកម្មដូចគ្នា។
ពួកគាត់ជ្រើរើសតែបន្ថែនិងផ្លែឈើណាដែលមានសារធាតុចិញ្ចឹកខ្ពស់ហើយមានតម្រូវការទីផ្សារខ្ពស់។ ដោយក្រោយពីធកវើការតស៊ូអស់រយៈពេលជាង ១៨ខែ អ្នកទាំងពីរបានរកឃើញវិធីសាស្រ្តដាំដុះតាមបែបបច្ចេកទេសទំនើបបានយ៉ាងជោគជ័យ។ ពេលមានលទ្ធផលល្អបែបនេះ ទើបពួកគាត់សម្រេចចិត្តលាឈប់ពីការងារ មកបង្កើតក្រុមហ៊ុនកសិកម្មមួយដែលមានឈ្មោះថា Sustenir Agriculture។
ចំណុចពិសេសរបស់លោក Benjamin Swan និង Martin Lavoo ពេលធ្វើបានសម្រេចហើយ គាត់ថតបង្ហោះលើបណ្តាញសង្គម ឱ្យមនុស្សជាច្រើនមើលឃើញពីកន្លែងពួកគាត់ធ្វើមានអនាម័យមានពណ៍ស្រស់ស្អាត ហើយបន្លែនិងផ្លែឈើមានគុណភាពគ្មានជាតិគីមី ព្រោះពួកគាត់ធ្វើការដាំដុះបន្លែនិងផ្លែឈើនេះទៅតាមច្ចេកទេសទំនើបដែលពួកគាត់បានរកឃើញនោះ។
មានមនុស្សជាច្រើនចង់ញ៉ាំផ្លែឈើនិងបន្លែរបស់គាត់ តើវាមានរសជាតិបែបណា? រយៈពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ពួកគាត់ទាំងពីរនាក់ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង។ ដោយបន្លែងនិងផ្លែឈើរបស់គាត់បានផ្គត់ផ្គង់ទៅកាន់ទីផ្សារធំៗជាច្រើនទូទាំងប្រទេសសិង្ហបុរី និងបាននាំចេញទៅក្រៅប្រទេសថែមទៀតផង។ ហើយបន្លែនិងផ្លែឈើដែលចេញពីក្រុមហ៊ុន Sustenir Agriculture ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុងនិងក្រៅប្រទេសផងដែរ។
នេះជាមេរៀនមួយដ៏ល្អបញ្ជាក់ប្រាប់អ្នកថា ចំណូលរបស់អ្នកកើនព្រោះតែចេះប្រើបណ្តាញសង្គមឱ្យមានប្រយោជន៍។ ជាពិសេសចំណូលកើនមកពីគំនិតអ្នករីកចម្រើនលើវិស័យរបស់អ្នកកំពុងតែធ្វើដែរ។ បើអ្នកជាអ្នកដាំបន្លែធម្មជាតិ ចូលប្រើបណ្តាញសង្គមមើលពីមាតិកាដែលគេបង្ហោះលើបណ្តាញសង្គមពីរបៀបដាំបន្លែទទួលបានផល។ ពេលអ្នកមើលច្រើន អ្នកក៏បែកគំនិតចេះច្នៃការដាំដុះរបស់អ្នកកាន់តែល្អ។ ហើយបើអ្នកចង់លក់ដាច់បានច្រើននោះ កុំលក់ត្រឹមតែនៅផ្សារមួយមុខ ចូរអ្នកប្រើបណ្តាញសង្គមថតវីដេអូពីរបៀបអ្នកដាំ ពីរបៀបអ្នកមើលថែ ពីរបៀបអ្នកប្រមូលផល ច្បាស់ណាស់នឹងមានអ្នកទាញពីអ្នកច្រើនជាមិនខានទេ៕ អត្ថបទដោយ៖ ទ្រ សុភាព