សព្វថ្ងៃនេះ មានមនុស្សភាគច្រើនកើតបញ្ហាផ្លូវចិត្ត និងជំងឺបាក់ទឹកចិត្តដោយគិតថា គ្មានអ្នកណាជួយខ្ញុំបានទេ។ រហូតដេកអោបជំងឺធ្លាក់ទឹកចិត្តក្នុងក្តីអស់សង្ឃឹម រហូតកើតជំងឺស្គម និងជំងឺរលាកក្រពះដែរ។ នៅខាងក្រោមនេះជាក្បាច់ទាំង ៨នេះ ជួយរៀបចំអារម្មណ៍របស់អ្នកឱ្យខ្លាំងជាងបញ្ហា ពីលោកស្រី Tanya J. Peterson ជាអ្នកជំនាញចិត្តសាស្រ្ត និងអ្នកនិពន្ធសៀវភៅផងដែរ។
១. ទទួលខុសត្រូវចំពោះសុខភាពខ្លួនឯង៖ អ្នកត្រូវហ៊ានទទួលស្គាល់ការធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តរបស់ខ្លួន ហើយការជួយសង្គ្រោះផ្លូវចិត្តនេះ ចូរអ្នកប្រើសៀវភៅកំណត់ត្រាកត់ចូលក្នុងសៀវភៅ ឬអានសៀវភៅ និងរកអ្នកជំនាញ ជួយផ្តល់ដំណោះស្រាយ ដើម្បីដើរចេញពីបញ្ហាផ្លូវចិត្តនេះ។
២. ធ្វើឱ្យរាងកាយសកម្ម៖ ការធ្វើចលនារាងកាយ និងធ្វើលំហាត់ប្រាណស្រាលៗ ពិតជាមានឥទ្ធិពលជាវិជ្ជមានដល់ខួរក្បាល និងផ្លូវអារម្មណ៍ខ្លាំង។ ឥឡូវនេះ ពេលអ្នកមានអារម្មណ៍រាងធ្លាក់ទឹកចិត្ត ឬស្រ្តេសនោះ សាកទៅដើរលេងបែបហាត់ប្រាណ អារម្មណ៍ស្រ្តេសធ្លាក់អស់រលីង ហើយចិត្តអ្នកក៏ស្រាលបញ្ហាក្នុងចិត្តដែរ។
៣. គេងលក់ស្រួល៖ ការគេងបានគ្រប់គ្រាន់ ជាកំពូលវិធីក្នុងការសង្គ្រោះអ្នកចេញពីអារម្មណ៍ធ្លាក់ទឹកចិត្ត និងស្មារតីគ្មានក្នុងខ្លួន។ ការបង្កើតទម្លាប់ពេលយប់គេងឱ្យស្ងប់ អ្នកគួរចៀសវាងពីទូរស័ព្ទ និងទូរទស្សន៍ ឬអេក្រង់ផ្សេងទៀត រយៈពេល១ម៉ោង។ នេះតាមអ្នកជំនាញខាងការគេងពីលោក Neil Stanley ។
៤. ហូបអាហារ និងផឹកឱ្យបានគ្រប់គ្រាន់៖ អាហាររូបត្ថម្ភដើរតួយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងឱ្យអ្នកមានថាមពលឡើងវិញ។ ព្រោះរសជាតិអាហារ និងផឹកទឹកគ្រប់គ្រាន់ វាជួយប្រព័ន្ធសរសៃប្រសាទភ្ជាប់នឹងអរម៉ូនដូចជា Dopamine, Noradrenaline និង Serotonin ឱ្យកើនអារម្មណ៍មានថាមពលក្នុងខ្លួនយ៉ាងរីករាយ។
៥. ការដកដង្ហើម៖ ការដកដង្ហើមជ្រៅជាការបញ្ចេញអរម៉ូន Endorphins និងគីមីបង្កើនអារម្មណ៍ផ្សេងនៅក្នុងខួរក្បាល ដើម្បីបន្ធូរអារម្មណ៍តានតឹងចេញពីរាងកាយ។
៦. បង្កើតទម្លាប់ល្អៗ៖ ការថែទាំខ្លួនឯង ជាការយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ហើយអនាម័យផ្ទាល់ខ្លួន វាជាផ្នែកសំខាន់មួយ ដើម្បីដេញជំងឺធ្លាក់ទឹកចិត្តចេញ។ ទោះយ៉ាងណាក៏ដោយ ការធ្លាក់ទឹកចិត្តធ្វើឱ្យការថែទាំខ្លួនឯងពិបាក។ មានតែអ្នកបង្កើតទម្លាប់ល្អៗ មានដូចជា ការអាន ហាត់ប្រាណ និងគិតរឿងល្អៗទេ ធ្វើឱ្យអ្នកមានក្តីសុខ។
៧. ពង្រីកទស្សនៈរបស់អ្នក៖ អ្នកដែលកើតជំងឺធ្លាក់ទឹកចិត្តនេះ ក៏ព្រោះតែបង្រួញការគិតឱ្យរួញតូចមើលឃើញជីវិតក្នុងផ្លូវអវិជ្ជមានច្រើនពេក។ តើការពង្រីកការគិតបែបណា? សូមអ្នកទៅជួបបុគ្គលមានគំនិតវិជ្ជមាន និងអានសៀវភៅល្អ ហើយស្តាប់វិឌីអូលើកចិត្ត ដើម្បីបើកការគិត និងស្វែងយល់របស់អ្នកឱ្យបានទូលំទូលាយជាងមុន។
៨. ស្រមៃមើលជាថាមពល៖ គំនិតបិតាអ្នករូបវិទ្យាលោក Albert Einstein មានប្រសាសន៍ថា “ការស្រមៃសំខាន់ជាងចំណេះដឹង”។ អ្នកអាចស្រមៃក្នុងរឿងណា អត់អស់លុយហើយធ្វើឱ្យអ្នកមានក្តីសុខ ហើយលុបរឿងអាក្រក់ចេញទៅពីខួរក្បាលអ្នក៕ អត្ថបទដោយ៖ ទ្រ សុភាព