បន្ទាប់ពីកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការរញ្ជួយដីនៅស្ថានីយអាកាសយោធាទី២ រួចមក តាមនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា ស្ថានភាពរញ្ជួយដីពេលនេះធូរស្រាលហើយ។ លោកស្រីបានបន្តថា ប្រជាជនអាចត្រឡប់ទៅផ្ទះវិញឥឡូវនេះ។ នេះជាការយោងតាម The Nation Thailand។
លោកស្រី Paetongtarn បានសង្កត់ធ្ងន់ថា ប្រជាជនអាចត្រឡប់ទៅផ្ទះវិញបានហើយ ព្រោះពេលនេះ តាមស្ថានភាពរញ្ជួយដីពិតជាបានធូរស្រាលខ្លាំងហើយ។ វាមានកម្រិតធ្លាក់មកត្រឹម ៤.៩រ៉ិចទ័រប៉ុណ្ណោះ វាមិនអាចបង្កឱ្យមានរលកស៊ូណាមិ ឬការរញ្ជួយដីកើតឡើងខ្លាំងទៀតនោះទេ។ លោកស្រីបញ្ជាក់បែបនេះ ព្រោះគាត់បានប្រជុំជាមួយអ្នកជំនាញពីនាយកដ្ឋានឧតុនិយមថៃរួចហើយ។ ហើយក្រសួងដឹកជញ្ជូនកំពុងតែបង្កើនការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។
ហើយនាយករដ្ឋមន្ដ្រីបានប្រាប់ថា ប្រជាពលរដ្ឋដែលបារម្ភពីសុវត្ថិភាពលំនៅដ្ឋានអាចធ្វើដំណើរតាមសាធារណៈដោយមានមន្ដ្រីអាជ្ញាធរចាំជួយសម្របសម្រួលនៅទីនោះដោយមានទឹកនិងអាហារជាមួយ។ គាត់បានបន្ថែមថា រដ្ឋាភិបាលកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីតាមស្វែងរកជាបន្ទាន់អ្នកបាត់ខ្លួន តាមជួយសង្រ្គោះអ្នកកំពុងតែជាប់គាំងនៅក្នុងអគារ និងធ្វើការព្យាបាលអ្នកមានរបួសផងដែរ៕