នៅក្នុងពិភពលោកជំងឺដែលកាចធ្វើឱ្យមនុស្សខ្លាចជាងគេគឺជំងឺមហារីក។ ហ៊ានតែកើតជំងឺនេះកម្រព្យាបាលជាណាស់។ គេហៅថា ជំងឺអ្នកមាន។ ព្រោះវាព្យាបាលអស់លុយច្រើនមានការវះកាត់ ប្រើថ្នាំថ្លៃ និងបាញ់កាំរស្មើអ៊ិចថែមទៀត។ បើយោងតាមការសិក្សាជាសកលចេញផ្សាយនៅក្នុង BMJ Oncology ចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ២០១៩ ករណីមហារីកមានអាយុក្រោម ៥០ឆ្នាំបានកើនជិត ៨០% គឺមានចំនួន ១.៨២លាននាក់ទៅ ៣.២៦លាននាក់។ នៅក្នុងនោះមានអ្នកស្លាប់ ២៧%ច្រើនជាងមួយលាននាក់ក្នុងឆ្នាំ២០១៩។
មានគេព្យាករណ៍ថានៅឆ្នាំ ២០៣០ ចំនួនករណីមហារីកចាប់ផ្តើមដំបូងនៅទូទាំងពិភពលោកនឹងកើនឡើង ៣១% និងការស្លាប់ ២១% ជាមួយនឹងអត្រាខ្ពស់បំផុតក្នុងចំណោមមនុស្សមានអាយុ ៤០ឆ្នាំ។ ចំពោះជំងឺមហារីកទូទៅរួមមាន ជំងឺមហារីកសុដន់ ពោះវៀនធំ បំពង់អាហារ ក្រពះ និងតម្រងនោមជាដើម។ តាមលោកវេជ្ជបណ្ឌិត Ha Van Quoc នៅមន្ទីរពេទ្យ Vinmec Times City IGH បាននិយាយថា នេះជានិន្នាការគួរឱ្យព្រួយបារម្ភថា ជំងឺមហារីក "ជាជំងឺមនុស្សចាស់" ប្រែទៅជាបញ្ហាប្រឈមចំពោះមនុស្សវ័យក្មេងកាន់តែកើនឡើង។ ព្រោះតែជំងឺមហារីកជាជំងឺដ៏ស្មុគស្មាញមួយដែលអាចបណ្តាលមកពីកត្តាសំខាន់មួយគឺកត្តាហ្សែននេះឯង។
តាមលោកវេជ្ជបណ្ឌិត Pham Cam Phuong នាយកមជ្ឈមណ្ឌលវេជ្ជសាស្ត្រនុយក្លេអ៊ែរ និងជំងឺមហារីកនៃមន្ទីរពេទ្យ Bach Mai បាននិយាយថា មនុស្សយើងម្នាក់ៗ មានស្ថានភាពរាងកាយខុសគ្នា មានយន្តការវិវត្តជំងឺមហារីកខុសៗ គ្នា។ ជំងឺមហារីកមួយចំនួនត្រូវបានកំណត់ថា វាជាជំងឺតំណពូជដូចជា មហារីកសុដន់ អូវែ និងមហារីកពោះវៀនជាដើម។ ប៉ុន្តែក្នុងករណីជាច្រើនគ្រូពេទ្យមិនអាចស្វែងរកចម្លើយច្បាស់លាស់នៅឡើយទេ។ ឧទាហរណ៍ដូចជាការផ្លាស់ប្តូរហ្សែន BRCA1 និង BRCA2 បង្កើនហានិភ័យនៃជំងឺមហារីកសុដន់ និងអូវែ នេះបើយោងតាមវិទ្យាស្ថានមហារីកជាតិ (NCI)។ ទោះបីជាពួកគេរស់នៅក្នុងជីវិតដែលមានសុខភាពល្អក៏ដោយ ក៏កត្តាការផ្លាស់ប្តូរហ្សែនមានហានិភ័យខ្ពស់ចំពោះការកើតជំងឺមហារីកដែរ។
ជំងឺមហារីកអាចមកពីប្រភពកត្តាហ្សែនមួយដែរ។ អ្នកមានទម្លាប់អាហារកែច្នៃ ជក់បារី ផឹកស្រា ឬការឆ្លងពីវីរុស HPV ជំងឺរលាកថ្លើមប្រភេទ B/C ឆ្លងបាក់តេរី Helicobacter pylori (HP)... សុទ្ធតែអាចបង្កើនហានិភ័យនៃជំងឺមហារីក ទោះបីជាអ្នកជំងឺទទួលទានអាហារតាមបែបវិទ្យាសាស្ត្រក៏ដោយ។ ការកាត់បន្ថយហានិភ័យជំងឺមហារីកដោយហូបអាហារសុខភាព គេងឱ្យបានគ្រប់គ្រាន់ កាត់បន្ថយភាពតានតឹង រក្សាគីឡូកុំឱ្យធាត់ដោយការហាត់ប្រាណ កុំជក់ថ្នាំ និងកាត់បន្ថយអាហារកែច្នៃ។ ដើម្បីការពារជំងឺមហារីកទាន់ពេលវេលា អ្នកគួរចំណាយលុយខ្លះនិងពេលវេលាទៅពិនិត្យសុខភាពដើម្បីព្យាបាលទាន់ពេលវេលាផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព