ការកាត់បន្ថយជាតិស្ករកែច្នៃដូចជាអ្នកកាត់ជំងឺចេញពីក្នុងខ្លួន។ ព្រោះអ្នកហូបអាហារ ឬភេសជ្ជៈមានជាតិស្ករច្រើនលើសកម្រិតនាំអ្នកមានជំងឺធាត់ និងទឹកនោមផ្អែម។ បុរសនិងនារីគួរតែកាត់បន្ថយជាតិស្ករ អាហារមានជាតិផ្អែម និងភេសជ្ជៈគ្រឿងកំប៉ុង និងស្រាជាដើម។ ពេលអ្នកកាត់ជាតិស្ករ អ្នកកាត់ជំងឺ ៦មុខនេះ៖
១. កាត់ស្ករកាត់ធាត់៖ ការញ៉ាំអាហារមានជាតិស្ករច្រើនពេកអាចបង្កឱ្យមានខ្លាញ់ក្បាលពោះ។ ខ្លាញ់ក្បាលពោះបង្កើនហានិភ័យជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែម។ ការកំណត់ជាតិស្ករក្នុងអាហារជួយអ្នកគ្រប់គ្រងគីឡូ និងកាត់បន្ថយខ្លាញ់ក្បាលពោះ។ ចូរអ្នកហូបទឹកឱ្យបានច្រើន ហូបបន្លែ ផ្លែឈើស្រស់ វាមានជាតិស្ករមានគុណភាពដល់សុខភាពរាងកាយ។
២. សុខភាពមាត់ធ្មេញល្អ៖ ជាតិស្ករនាំឱ្យមាត់អ្នកមានកើនបាក់តេរីអាចផលិតជាតិអាស៊ីតដែលបំផ្លាញផ្ទៃធ្មេញពុកផុយបានលឿន។ ពេលបាត់តេរីកាន់តែច្រើននាំឱ្យឆ្លងមេរោគដល់អញ្ចាញធ្មេញក្លាយជាការរលាក។ ការកាត់បន្ថយជាតិស្ករក្នុងរបបអាហារឱ្យតិចជាង ១០%កាឡូរីជាប្រចាំថ្ងៃអាចការពារការជំងឺពុកធ្មេញ និងជំងឺរលាកអញ្ចាញធ្មេញបានយ៉ាងល្អប្រសើរ។
៣. កាត់ស្ករកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត៖ អាហារមានជាតិស្ករឬជាតិផ្អែមជាប្រចាំថ្ងៃនោះ វាអាចប៉ះពាល់ដល់ដំណើរការខួរក្បាលនិងអារម្មណ៍របស់អ្នកធ្លាក់ចុះលឿន។ ការផឹកភេសជ្ជៈមានជាតិស្ករច្រើនអាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងធ្វើឱ្យរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តកាន់តែអាក្រក់ខ្លាំងថែមទៀត។
៤. កាត់ស្ករ ស្បែកកម្រចាស់៖ ការហូបអាហារមានជាតិស្ករច្រើនអាចជម្រុញមានការរលាកក្នុងរាងកាយបង្កើនការផលិតជាតិខ្លាញ់ឱ្យស្បែកអ្នកឆាប់ចាស់លឿនជាងវ័យ។ ហើយកើតមុនអាចបណ្តាលមកពីលើសជាតិខ្លាញ់នេះដែរ។ ការបន្ថែមជាតិស្ករក្នុងអាហារដុត ចៀន និងសម្ល វានាំឱ្យមានប្រតិកម្មជាមួយនឹងសរសៃ collagen និង elastin នៅក្នុងស្បែក។ ការកាត់បន្ថយការជាតិស្ករជួយពន្យឺតភាពចាស់ស្បែករបស់អ្នក។
៥. កាត់ស្ករកាត់បន្ថយជំងឺថ្លើម៖ តួនាតីថ្លើមទទួលខុសត្រូវក្នុងការបំបែកជាតិស្ករ។ នៅពេលមានជាតិស្ករ fructose ច្រើនពេក ជាពិសេសពីភេសជ្ជៈមានជាតិស្ករ ថ្លើមរបស់អ្នកនឹងបំប្លែងវាទៅជាខ្លាញ់កាន់តែច្រើន។ ហើយខ្លាញ់ច្រើនឡើងនៅក្នុងថ្លើម វាកាន់តែមានហានិភ័យវិវត្តទៅជាជំងឺខ្លាញ់រុំថ្លើម។
៦. រក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម៖ អ្នកផឹកភេសជ្ជៈមានជាតិស្ករជាប្រចាំមានហានិភ័យខ្ពស់នាំវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ លឿនជាងពេលធម្មតា។ ដូច្នេះ មនុស្សពេញវ័យគួរតែរក្សាតុល្យភាពការទទួលទានជាតិស្ករប្រចាំថ្ងៃ រួមផ្សំការហាត់ប្រាណ គេងឱ្យបានគ្រប់ ផឹកទឹកឱ្យបាន ៣ទៅ៤លីត្រក្នុងមួយថ្ងៃ និងហូបអាហារមានសុខភាពល្អ ដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព