ក្នុងជីវិតប្រចាំថ្ងៃ មនុស្សភាគច្រើន ចំណាយពេលមិនតិចម៉ោង មិនក្រោមពី៨ទៅ១០ម៉ោងទេ ក្នុងការអង្គុយរៀន អង្គុយធ្វើការ ងាយធ្វើឈឺខ្នង ចង្កេះ ចុករោយ ងាយឈឺចាប់សន្លាក់ ឆ្អឹកជាដើម។ យោងតាមលោកវេជ្ជបណ្ឌិត Tran Anh Vu នាយករងមជ្ឈមណ្ឌលរបួសឆ្អឹង មន្ទីរពេទ្យ Tam Anh នៅទីក្រុងហូជីមិញ បានឱ្យដឹងថាប្រហែល ៦០% នៃបុគ្គលិកការិយាល័យមានបញ្ហាឆ្អឹងនិងសន្លាក់។ ការអង្គុយច្រើនឬអង្គុតយូរ ខុសឥរិយាបថ បានបង្កើនសម្ពាធលើសន្លាក់ ជាពិសេស ជង្គង់ ក និងស្មា ឆ្អឹងខ្នងចង្កេះ និងកដៃ គឺជាសន្លាក់ដែលងាយនឹងរឹង និងឈឺចាប់បំផុត។
ការឈឺចាប់តិចតួចទាំងនេះ ផ្សំចូលគ្នាអាចបង្កជាបញ្ហាកាន់តែធំទៅៗ ប្រសិនបើអ្នកមិនអើពើរកដំណោះស្រាយ។ ដើម្បីបំបាត់ការឈឺចាប់ រំខានទាំងអស់នេះ វេជ្ជបណ្ឌិត Tran Anh Vu បានណែនាំឱ្យ ក្រោកដើរ លាតសន្ធឹងស្មារ រៀងរាល់៣០នាទីឬ១ម៉ោងម្ដង ក្នុងម៉ោងការងាររបស់អ្នក។ ព្រមទាំងណែនាំ ក្បាច់សម្រួលសរសៃ សន្លាក់ ដែលអ្នកអាចធ្វើបានក្នុងអំឡុងពេលធ្វើការបាន៖
លំហាត់ប្រាណក៖ អង្គុយចុចកុំព្យូទ័រយូរ បើអង្គុយឱនចុះ ដាក់កុំព្យូទ័រទាបជាងផងនោះ នឹងងាយធ្វើឱ្យរឹងកញ្ជឹកក ឈឺចុក ព្រមទាំងងាយរលាកសន្លាក់ឆ្អឹងកោងកផងដែរ។ របៀបធ្វើ អង្គុយដាក់ខ្លួន ខ្នង កឱ្យត្រង់ បន្ទាប់មកយកដៃឆ្វេងដាក់លើក្បាល ហើយទាញករបស់អ្នកទៅខាងឆ្វេងយឺតៗរហូតដល់មានអារម្មណ៍ថាតឹងសាច់ដុំត្រង់ក តែកុំតឹងពេក ធ្វើម្ដង១០វិនាទី និងធ្វើឱ្យបាន១០ដង។ បន្ទាប់មកប្តូរមកខាងស្ដាំវិញ។
លំហាត់ប្រាណស្មា៖ ដើម្បីបន្ធូរសាច់ដុំ បំបាត់ចុករាយ សម្រួលសរសៃឈាមឱ្យរត់ស្រួល អង្គុយឱ្យត្រង់ដូចខាងលើកដៃស្ដាំងរបស់អ្នក បន្ទាប់បត់កែងដៃដាក់ទៅក្រោយខ្នង និងដៃឆ្វេងដាក់ឱ្យស្របខ្លួន បត់កែងដៃទៅក្រោយខ្នងដូចគ្នា ឱ្យដៃឆ្វេងស្ដាំចាប់គ្នា។ ធ្វើម្ដងឱ្យបាន៥ទៅ៨នាទី រក្សាខ្នងឱ្យត្រង់អាចប្តូរខាងបាន។
លំហាត់ប្រាណកដៃ៖ ចុចកុំព្យូទ័រច្រើន ងាយធ្វើឱ្យកដៃ និងម្រាមដៃ រឹង ស្ពឹក ស្រពន់ ដាក់ដៃទៅមុខឱ្យត្រង់ យកដៃស្ដាំចាប់ម្រាមដៃខាងឆ្វេង ទាញចុះក្រោម អាចមើលរូបបន្ថែមបាន ធ្វើម្ដង១០វិនាទី ប្តូរដៃទៅមក ម្ដងឆ្វេង ម្ដងស្ដាំ និងធ្វើឱ្យបាន២ទៅ៣ដង។
លំហាត់ប្រាណជង្គង់៖ អង្គុយយូរ នឹងធ្វើឱ្យជង្គង់របស់អ្នក ស្ពឹក ស្រពន់ គាំងសន្លាក់ ពិបាកបត់បែន ចរន្តឈាមក៏រត់មិនស្រួល ថែមទាំងផ្ដល់សម្ពាធឱ្យឆ្អឹកកោងខ្នងថែមទៀតបើអង្គុយកោង មិនមានអ្វីផ្អែកឱ្យត្រង់ខ្នងក្នុងរយៈពេលយូរ។ របៀបសម្រួលសន្លាក់ ក៏ដូចជាចរន្តឈាមរត់របស់អ្នក គឺអង្គុយឱ្យត្រង់ខ្លួន លើដៃស្ដាំទៅមុខឱ្យកែងនិងខ្លួន រួចលើជើងស្ដាំឡើង ឱ្យបាន៣០វិនាទី ធ្វើចលនាបែបនេះ ឱ្យបាន១០ដង ទាំងសងខាង។
ជារួមមកបើអ្នករវល់ការងារច្រើន មិនសូវមានពេលវេលាធ្វើលំហាត់ប្រាណ អាចសាកល្បងក្បាច់ងាយៗទាំងនេះបាន គ្រាន់តែធ្វើនៅកន្លែងតុធ្វើការរបស់អ្នក ដើម្បីជួយបន្ធូរសម្ពាធដល់រាងកាយផងដែរ៕
អត្ថបទដោយ៖ Senghong