របបអាហារដែលត្រឹមត្រូវគឺញុំាអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីជួយឱ្យសុខភាពល្អ មិនងាយមានជំងឺផ្សេងៗមកយាយីច្រើន ជាមូលហេតុធ្វើឱ្យរស់នៅមានអាយុវែង។ ថ្វីត្បិតតែអាហារមានច្រើនក៏ពិតមែន ក៏ប៉ុន្ដែអាហារខ្លះមិនបាត់ញុំាល្អជាង ព្រោះគ្មានផលល្អសម្រាប់សុខភាពទាល់តែសោះ គឺមានតែធ្វើឱ្យឈឺ អស់លុយសម្រាប់ព្យាបាលទៅវិញ។
អាស្រ័យដូចនេះហើយ ការជ្រើសរើសរបបបអាហារដែលត្រូវញុំារាល់ថ្ងៃ គឺជារឿងសំខាន់បំផុត ប្រសិនណាអ្នកជាមនុស្សដែលស្រឡាញ់សុខភាព និងចង់បានអាយុវែង មិនចង់ឈឺច្រើន។ ព្រោះឈឺច្រើនមិនស្រួលនោះទេ ហើយជំងឺខ្លះ ដូចជាមហារីក ទឹកនោមផ្អែមជាដើម មានលុយច្រើនយ៉ាងណាក៏មិនអាចកម្ចាត់ជំងឺនេះចេញពីខ្លួនបានឡើយ។ បើកើតហើយមានតែត្រៀមខ្លួនសម្រាប់ព្យាបាលរហូតដល់នាទីចុងក្រោយ។ នេះជារឿងមួយ ចុះប្រសិនណាអ្នកអត់លុយទៀត តើអាចរក្សាជីវិតរបស់អ្នកបានដែរ បើឧទាហរណ៍អ្នកមានជំងឺនេះ? ដូច្នេះហើយយើងត្រូវមានទម្លាប់មួយថែរក្សាសុខភាពជារឿងចម្បង។ ផ្សាភ្ជាប់ជាមួយខ្លឹមសារខាងលើនេះ ក្រុមការងារចាបបៃតងនឹងលើកយក បន្លែ២មុខ គឺពោតបារាំង និងទំពាំងបារាំង ដែលបន្លែទាំង២មុខនេះ ញុំាចូលចិត្តញុំាមួយណាអាចញុំាមួយនិងទៅ ព្រោះមានអត្ថប្រយោជន៍ច្រើន ជួយសុខភាពរបស់អ្នក ហើយអ្នកមិនគួររំលងក្រុមបន្លែ២នេះផងដែរ នេះបើយោងតាមរយៈគេហទំព័រ eatingwell.com។ ប្រភពនេះបាននិយាយថា ទំពាំងបារាំងគឺមានប្រយោជន៍ជួយបញ្ចុះសម្ពាធឈាមក្នុងខ្លួន សម្រួលដល់លំហូរឈាម ការពារក្សាបេះដូង ឆ្អឹង តម្រងនោម និងសរសៃប្រសាទឱ្យដំណើរការ និងមានសុខភាពល្អ។ ជាពិសេសបន្លែនេះក៏មានប្រយោជន៍ការពារជំងឺមហារីកផងដែរ គឺតាមរយៈគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុ glutathione ដែលជាសមាសធាតុបន្សាបជាតិពុល ដែលជួយបំបែកសារធាតុបង្កមហារីក និងសមាសធាតុបង្កគ្រោះថ្នាក់ផ្សេងទៀត ដូចជារ៉ាឌីកាល់សេរី។ មហារីកទាំងនោះមានដូចជា មហារីកឆ្អឹង បំពង់ក សុដន់ ពោះវៀនធំ និងមហារីកសួតជាដើម។
ចំណែកឯពោតបារាំងវិញក៏មិនចាញ់ទំពាំងបារាំងដូចគ្នា គឺបន្លែនេះមានប្រយោជន៍សម្រាប់សុខភាពរបស់បេះដូង។ យោងតាមសមាគមបេះដូងអាមេរិក (American Heart AssociationTrusted Source) (AHA)។ បានណែនាំថា ការញុំាអាហារដែលសម្បូរដោយជាតិសរសៃច្រើន គឺអាចជួយដល់សុខភាពបេះដូង ការពារជំងឺធាត់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ ដូច្នេះរបបអាហារដែលមានប្រយោជន៍សម្បូរជាតិសរសៃដូចជាពោតបារាំងនេះ អ្នកមិនគួររំលងនោះទេ។ លើសពីនេះពោតបារាំងក៏មានប្រយោជន៍ជួយការពារជំងឹមហារីក រួមទាំងជំងឺពុកឆ្អឹងផងដែរ ព្រោះវាសម្បូរដោយ វីតាមីន K អាចជួយពង្រឹងឆ្អឹង និងការពារការបាក់ឆ្អឹង៕
អត្ថបទដោយ៖ ធីតា