ជំងឺគ្រុនឈាម ជាប្រភេទជំងឺដែលភាគច្រើនកើតលើក្មេងៗ ហើយភ្នាក់ងារចម្លងនៃជំងឺនេះគឺមូសខ្លាញី ។ ជំងឺនេះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ប្រសិនបើមិនមានការព្យាបាលទាន់ពេលវេលានោះទេ ។ សភាពធ្ងន់ធ្ងរនៃជំងឺនេះ កើតឡើងនៅពេលដែល មានការហូរឈាមចេញពីសរីរៈខាងក្នុង និងចំនួនប្លាកែតចុះទាបខ្លាំង នាំឲ្យប៉ះពាល់ដល់ដំណើរការនៃសរីរៈផ្សេងៗ និងឈានដល់ការបាត់បង់អាយុជីវិត ។
រោគសញ្ញា៖ មានអ្នកជំងឺមួយចំនួន អាចកើតជំងឺគ្រុនឈាមដោយគ្មានសញ្ញា និងរោគសញ្ញា ហើយរោគសញ្ញាមួយចំនួន មានលក្ខណៈមិនច្បាស់លាស់ ដែលនាំឲ្យមានការយល់ច្រឡំជាមួយជំងឺផ្សេងទៀត ដូចជាជំងឺផ្ដាសាយជាដើម ។ លក្ខណៈសម្គាល់នៃជំងឺនេះគឺ កម្ដៅអាចឡើងខ្ពស់រហូតដល់ ៤០អង្សា អ្នកជំងឺប្រែជាដេកសន្លឹម មិនចង់ញ៉ាំអាហារ រួមជាមួយសញ្ញាដូចជា ឈឺក្បាល ឈឺសន្លាក់ ឈឺសាច់ដុំ ក្អួតចង្អោរ ឈឺក្នុងភ្នែក ឡើងកូនកណ្ដុល និងស្បែកចេញស្នាមក្រហម ។
សញ្ញាគំរាមកំហែង៖ ឈឺក្នុងពោះខ្លាំង ក្អួតចង្អោរមិនព្រមបាត់ មានឈាមតាមរន្ធច្រមុះ នោមឈាម ក្អួតឈាម ជុះឈាម ឈាមក្រោមស្បែក ដកដង្ហើមញាប់ និងអស់កម្លាំងខ្លាំង។
ជំងឺគ្រុនឈាម ត្រូវបានចាត់ទុកជាប្រភេទជំងឺ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេលវេលា គឺជារឿងដ៏សំខាន់ ក្នុងការបញ្ចៀស ភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិតចំពោះអ្នកជំងឺ។
មធ្យោបាយដ៏ល្អបំផុត ដើម្បីការពារពីជំងឺដ៏គ្រោះថ្នាក់នេះ គឺត្រូវការពារខ្លួនកុំឲ្យមូសខាំ ផ្ទះត្រូវមានពន្លឺគ្រប់គ្រាន់ និងក្មេងត្រូវគេងក្នុងមុងជាដើម ៕
អត្ថបទដោយ៖ ហួ ភារ៉ា
ប្រភព៖ www.mayoclinic.org