កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានធ្វើការផ្សព្វផ្សាយ អំពីនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ឱ្យប្រជាពលរដ្ឋគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយខ្លួនឯង។ សូមអានពីវិធីព្យាបាលកូវីដ តាមអាការនីមួយៗដូចខាងក្រោម៖
- ករណីមានអាការ អស់កម្លាំង ឬហត់បន្តិចបន្តួច ឬមិនស្រណុកក្នុងខ្លួន៖ ត្រូវបរិភោគអាហារមានជីវជាតិគ្រាប់គ្រាន់(សាច់ បន្លែ ផ្លែឈើ) ព្រមទាំងពិសាទឹកឱ្យបានច្រើន និងសម្រាកឱ្យបានច្រើនផងដែរ។
- ករណីមានអាការ ក្ដៅខ្លួន ឬឈឺក្បាល ឈឺបំពង់ក ឈឺសាច់ដុំឬសន្លាក់៖ សម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី ៣០គីឡូក្រាម ឡើង ត្រូវលេបថ្នាំប៉ារ៉ាសេតាម៉ុល ៥០០ម.ក្រ ឱ្យបាន៣ដងក្នុង១ថ្ងៃ។ រីឯកុមារចាប់ពី ២០-២៩គីឡូក្រាម ត្រូវឱ្យលេបថ្នាំប៉ារ៉ាសេតាម៉ុល ៣០០ម.ក្រ ឱ្យបាន៣ដងក្នុង១ថ្ងៃ។
- ករណីមានអាការ តឹងច្រមុះ ឬផ្ដាសាយ ហៀរសំបោរ ក្អក ឬឈឺសន្លាក់៖ សម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី ៦ឆ្នាំឡើង ត្រូវលេបថ្នាំប្រូម៉ិចស៊ីន ៨ម.ក្រ ឱ្យបាន៣ដងក្នុង១ថ្ងៃ ឬថ្នាំសេទីរីហ្ស៊ីន ១០ម.ក្រ ១ដងក្នុងមួយថ្ងៃ។
ចំពោះប្រភេទថ្នាំម៉ូណាទ្រីស ប្រើសម្រាប់ព្យាបាលជំងឺឆ្លងបង្កឡើងពីវីរុសកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ (ចាប់ពី១៨ឆ្នាំ ឡើងទៅ) ដែលមានលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន និងមានហានិភ័យក្នុងការវិវត្តិទៅជាជំងឺធ្ងន់ធ្ងរ។
វីធីប្រើ សម្រាប់មនុស្សពេញវ័យ ៖ ថ្នាំគ្រាប់ម៉ូលណាទ្រីស(ម៉ូលនូពីរ៉ាវា) លេបម្តង ៨០០ម.ក្រ (ស្មើនិងលេបចំនួន៤គ្រាប់ និងចំនួន២ដង ក្នុង១ថ្ងៃ ក្នុងរយៈពេល៥ថ្ងៃ ជាប់គ្នា)។
ចំពោះប្រភេទថ្នាំផាកឡូវីដ ប្រើសម្រាប់ព្យាបាលជំងឺឆ្លងបង្កឡើងពី វីរុសកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ (ចាប់ពី ១២ឆ្នាំឡើងទៅ) ដែលមានលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន និងមានហានិភ័យក្នុងការវិវត្តិទៅជាជំងឺធ្ងន់ធ្ងរ។
វិធីប្រើ កម្រិតណែនាំប្រើនៃ ថ្នាំផាកឡូវីដ(PAXLOVID) គឺលេបម្ដងទាំង២មុខចូលគ្នា ស្មើនិង៣គ្រាប់ ដែលលេបថ្នាំគ្រាប់ជាម៉ាទ្រីវា ១៥០មីលីក្រាម ចំនួន២គ្រាប់ និងថ្នាំគ្រាប់វីតូណាវា ១០០មីលីក្រាម ចំនួន១គ្រាប់ លេប២ដង ក្នុង១ថ្ងៃ រយៈពេល៥ថ្ងៃ ជាបន្តបន្ទាប់។ គួរប្រើ PAXLOVID ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីធ្វើវិនិច្ឆ័យរកឃើញថាមានវីរុសកូវីដ-១៩ និងក្នុងអំឡុងពេល៥ថ្ងៃ នៃការលេចចេញរោគសញ្ញា។
បញ្ជាក់៖ ថ្នាំម៉ូណាទ្រីស និងថ្នាំផាកឡូវីដ ជាប្រភេទថ្នាំប្រឆាំងវីរុស មិនត្រូវប្រើថ្នាំទាំង២មុខនេះរួមគ្នា ក្នុងការព្យាបាលជំងឺកូវីដ១៩ទេ៕
អត្ថបទដោយ៖ Senghong