កូនរបស់អ្នកនៅតូចត្រូវការចំណីអាហារដែលថែទាំខួរក្បាលឱ្យគិតបានល្អ។ មានឪពុកម្តាយខ្លះបែរជាបណ្តោយឱ្យកូនរបស់ខ្លួនហូបអាហារប្រៃផ្អែម និងភេសជ្ជៈលើសកម្រិតជាតិស្ករនាំខួរក្បាលចុះខ្សោយ និងខូចតម្រងនោទាំងវ័យក្មេងថែមទៀត។ យោងតាម Times of India បានលើកឡើងថា ឪពុកម្តាយចង់ឱ្យកូនមានសុខភាពខួរក្បាលល្អ រៀនពូកែ ពូកែចងចាំ ឱ្យកូនអ្នកញ៉ាំផ្លែឈើ ៥នេះមុខ៖
១. ផ្លែស្វាយសម្បូរទៅដោយវីតាមីនA និងមានសារធាតុប្រឆាំងអុកស៊ីតកម្មល្អសម្រាប់កូនរបស់អ្នក។ ហើយវាជួយពង្រឹងប្រព័ន្ធភាពស៊ាំកូនអ្នកឱ្យរឹងមាំផងដែរ។ ព្រោះផ្លែស្វាយនេះមានផ្ទុកជាតិ folate ដែលចាំបាច់សម្រាប់ការអភិវឌ្ឍខួរក្បាល និងកោសិកាសរសៃប្រសាទនាំឱ្យក្មេងពូកែចងចាំ។ ហើយផ្លែស្វាយមានរសជាតិឆ្ងាញ់ និងមានជាតិទឹកល្អសម្រាប់ក្មេងណាស់។
២. ផ្លែចេកសម្បូរទៅដោយប៉ូតាស្យូម និងវីតាមីន B6 ដែលសំខាន់សម្រាប់មុខងារសរសៃប្រសាទកុមារ។ ផ្លែឈើនេះជួយដល់ការផលិតសារធាតុបញ្ជូនសរសៃប្រសាទជាការរួមចំណែកដល់អារម្មណ៍ និងការផ្តោតអារម្មណ៍កុមារកាន់តែប្រសើរឡើង។ ព្រោះផ្លែចេកជួយផ្តល់ថាមពលដល់កុមារ និងខួរក្បាលគិតបានល្អ។
៣. ផ្លែល្ហុងមានផ្ទុកវីតាមីន A ជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាលក្មេងៗ ណាស់។ ផ្លែឈើនេះក៏ជួយជម្រុញសុខភាពពោះវៀនកុមារឱ្យដើរស្រួលដែរ។ ក្មេងហូបផ្លែល្ហុងជួយពង្រឹងប្រព័ន្ធខួរក្បាលពូកែចងចាំល្អ។
៤. ផ្លែទំពាំងបាយជូរក្រហមមានផ្ទុកសារធាតុ resveratrol ជាសមាសធាតុមួយដែលគេស្គាល់ថាមានសមត្ថភាពគាំទ្រដល់ការចងចាំ និងមុខងារខួរក្បាលរបស់ក្មេងៗ ។ ផ្លែនេះផ្តល់ជាតិស្ករធម្មជាតិដើម្បីបង្កើតថាមពលដល់កុមារ។
៥. គ្រាប់ផ្លែទទឹមមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជួយការពារកោសិកាខួរក្បាលពីភាពតានតឹង និងការរលាកជាដើម។ ក្មេងញ៉ាំផ្លែទទឹមជាប្រចាំជួយគាំទ្រដល់ចរន្តឈាម បង្កើតអុកស៊ីសែនកាន់តែប្រសើរដល់ខួរក្បាលកុមារយ៉ាងល្អផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
