បើកទ្វារប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ការប្រកួតចំបាប់នារី ទម្ងន់ ៧២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កីឡារិនីកម្ពុជា ជា កញ្ញា បានផ្ទួលគូប្រកួតដែលជាកីឡាការិនីមកពីប្រទេសឡាវ នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមបានមេដាយមាសជូនកម្ពុជា។
ការប្រកួតកីឡាចំបាប់កាលពីម្សិលមិញនេះ ចំបាប់កម្ពុជា ដណ្តើមបានមេដាយ០៦គ្រឿង ក្នុងនោះមេដាយមាស០១គ្រឿង ប្រាក់០២ និងសំរឹទ្ធ០៣គ្រឿង ពីការប្រកួតកីឡាចំបាប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅមជ្ឈមណ្ឌល OCIC ។ ក្នុងនោះ កីឡាការិនី ជា កញ្ញា បានក្លាយជាកីឡាការិនីដំបូង ដែលបានដណ្ដើមបានមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
ក្នុងកិច្ចសម្ភាស ម្ចាស់មេដាយមាស ជា កញ្ញា បានបង្ហើបប្រាប់ថា ប្រភេទកីឡាមួយនេះពិតជាមានការលំបាក ទាមទារឱ្យយើងមានកាយសម្បទារឹងមាំ ដូចជាមនុស្សប្រុស។ មុនប្រកួត កញ្ញាបានគិតថាវាពិបាក ដោយសារគូរប្រកួត មានមាឌធំជាង កម្លាំងគេពេញល្អ តែសំខាន់លើបច្ចេកទេសចុងក្រោយ កញ្ញានៅតែអាចធ្វើបាន។
អ្វីដែលជាកម្លាំងចិត្តធ្វើឱ្យ ជា កញ្ញា អាចដណ្ដើមបានមេដាយមាស គាត់បានលើកឡើងថា "ដោយសារពាក្យជម្រុញទឹកចិត្តពីលោកគ្រូ អ្នកគ្រូ ពីម៉ាក់ និងជម្នះពីសម្ដីមើលងាយពីអ្នកដទៃ ដែលគេនិយាយពីល្អពីខ្លួន ទើបខ្ញុំបានកម្លាំងចិត្តបន្តហ្វឹកហាត់ លះបង់ទាំងរូបសម្រស់មិនស្ថាយ ព្រោះតែកីឡាទាល់តែដាក់ចិត្តដាក់បេះដូង ទើបអាចជោគជ័យ"។
ក្រោយពីចប់ការប្រកួត រូបភាពដ៏រំជួលចិត្តកីឡាការិនីរូបនេះ ក៏បានរត់លើកទង់ជាតិកម្ពុជាទាំងទឹកភ្នែកនៃក្ដីរំភើបយ៉ាងមានមោទនភាពបំផុតផងដែរ។
អត្ថបទដោយ៖ Senghong