ជំងឺមហារីក មានច្រើនប្រភេទ និងមានលក្ខណៈកាចសាហាវ ហើយភាគច្រើន អាចកើតឡើង យ៉ាងស្ងៀមស្ងាត់ទៀតផង ។ ការយល់ដឹង ពីរោគសញ្ញា នៃជំងឺកាចសាហាវទាំងនេះ ជាពិសេសក្នុងដំណាក់កាលដំបូងៗ គឺជារឿងសំខាន់ ព្រោះអាចជួយ កំណត់រោគវិនិច្ឆ័យ បានទាន់ពេលវេលា និងការព្យាបាល មានប្រសិទ្ធភាពខ្ពស់ ។
យោងតាមគេហទំព័រ healthline.com មានរោគសញ្ញាដំបូងៗ នៃជំងឺមហារីកមួយចំនួនដែលលោកអ្នក គួរកត់សម្គាល់ និងប្រុងប្រយ័ត្ន ៖
១.ជំងឺមហារីកពោះវៀន៖ អ្នកជំងឺច្រើនមានបញ្ហារាក និងទល់លាមកញឹកញាប់ បូករួមជាមួយ រូបរាងលាមកប្រែជាតូចខុសធម្មតា ពេលខ្លះមានលាយឈាមផង ព្រមទាំង ការកើនឡើងខ្យល់ក្នុងពោះវៀន និងការឈឺក្នុងពោះ ដោយគ្មានមូលហេតុ ។
១.ជំងឺមហារីកកូនកណ្ដុរ៖ កូនកណ្ដុរ គឺជាក្រពេញម៉្យាង ដែលប្រមូលផ្ដុំដោយកោសិកាស ដែលមានតួនាទី ប្រយុទ្ធប្រឆាំងនឹងការបង្ករោគ និងជំងឺផ្សេងៗ ។ ការហើមកូនកណ្ដុរ មិនព្រមបាត់ ក្នុងរយៈពេល ពី៣ទៅ៤សប្ដាហ៍ អាចជាសញ្ញាដំបូង នៃជំងឺធ្ងន់ធ្ងរ ក្នុងនោះក៏មាន ជំងឺមហារីកកូនកណ្ដុរផងដែរ ។
៣. ជំងឺមហារីកប្លោកនោម៖ រោគសញ្ញាសំខាន់ នៃជំងឺមហារីកប្លោកនោម គឺមានឈាមនៅក្នុងទឹកនោម និងនៅក្នុងទឹកកាម ។ ករណីមានរោគសញ្ញានេះ សូមប្រញាប់ ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ។
៤. ជំងឺមហារីកបំពង់ក៖ ការពិបាកលេបអាហារ អាចបណ្ដាលមកពី ការរលាកបំពង់ក ឬការច្រាលជាតិអាស៊ីត ពីក្រពះ ប៉ុន្តែវាក៏អាចជា រោគសញ្ញានៃ ជំងឺមហារីកបំពង់កផងដែរ ។
៥. ជំងឺមហារីកប្រពេញប្រូស្ដាត៖ ការឈឺចង្កេះ អាចជាអាការ កើតឡើងបន្ទាប់ពី លោកអ្នកបានធ្វើការធ្ងន់ ក្នុងរយៈពេលណាមួយ ហើយវានឹងបាត់ទៅវិញ ។ ប៉ុន្តែករណីដែល វាបានកើតឡើង ដោយគ្មានមូលហេតុ ហើយមិនព្រមបាត់ទៅវិញ សូមលោកអ្នកចាប់អារម្មណ៍ វាអាចជារោគសញ្ញា នៃជំងឺមហារីកក្រពេញប្រូស្តាត ។
៦. ជំងឺមហារីកគ្រាប់ឈាម៖ រោគសញ្ញា នៃការក្ដៅខ្លួន បានបញ្ជាក់ពីការ ឆ្លើយតបពីប្រព័ន្ធការពាររាងកាយ ចំពោះការបង្ករោគ និងជំងឺផ្សេងៗ ។ ជាធម្មតា អាការនេះ នឹងបាត់ទៅវិញ បន្ទាប់ពីទទួលការព្យាបាល ប៉ុន្តែករណីអាការនេះ មិនព្រមបាត់ទៅវិញ ដោយគ្មានមូលហេតុ វាអាចជារោគសញ្ញនៃ ជំងឺមហារីកគ្រាប់ឈាម ។
ប្រសិនបើ លោកអ្នកមានរោគសញ្ញា គួរឲ្យសង្ស័យ សូមស្វែងរកការប្រឹក្សា ជាមួយគ្រូពេទ្យជំនាញ ឲ្យបានទាន់ពេលវេលា ៕
អត្ថបទដោយ៖ ហួ ភារ៉ា