តែគុជជាភេសជ្ជៈដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ជាពិសេសសម្រាប់ស្រទាប់យុវវ័យ។ គុជធ្វើចេញពីដំឡូងមី ទោះបីជាមានរសជាតិឆ្ងាញ់ ដែលភាគច្រើនគេនិយមញ៉ាំជាមួយតែទឹកដោះគោផ្សេងៗ ដោយសារវាមានរសជាតិឆ្ងាញ់ធ្វើឱ្យអ្នកញ៉ាំចង់ញ៉ាំហើយញ៉ាំទៀត ប៉ុន្តែក៏មានការលើកឡើងពីការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាពផងដែរ។ ជាមួយគ្នានោះ ក៏មានការលើកឡើងផងដែរថា គុជអាចធ្វើឱ្យកើតមហារីកថែមទៀត។
តើផឹកតែគុជពិតជាអាចកើតមហារីកមែនឬ? ផ្អែកតាមប្រភព Healthline បានឱ្យដឹងថា កាលពីឆ្នាំ២០១២ មានការសិក្សាមួយនៅប្រទេសអាឡឺម៉ង់ បានបង្ហាញថា សំណាកគុជពីហាងតែ មានផ្ទុកសារធាតុ styrene និង acetophenone ។ Styrene គឺជាសារធាតុគីមីដែលប្រើក្នុងការផលិត ហើយត្រូវបានគេរកឃើញផងដែរក្នុងបរិមាណតិចតួចនៅក្នុងអាហារដែលមានប្រភពដើមពីធម្មជាតិ។ ទន្ទឹមនឹងនេះ acetophenone គឺជារសជាតិអាហារសំយោគដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)។
អ្នកស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយបានកំណត់អត្តសញ្ញាណសមាសធាតុទាំងនេះខុស ថាជាសារធាតុ polychlorinated bipheneyls (PCBs) ដែលជាសារធាតុបង្កមហារីក។ ខណៈពេលដែលសមាសធាតុទាំងនេះមិនមែនជា PCBs តាមបច្ចេកទេស ការសិក្សាមួយចំនួនបានបង្ហាញថា styrene ជាសារធាតុបង្កមហារីក។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើសារធាតុទាំងនេះ មាននៅក្នុងតែទឹកដោះគោឬតែគុជទាំងអស់ ឬមានតែនៅក្នុងគំរូដែលប្រើក្នុងការសិក្សានោះទេ។ លើសពីនេះ ការសិក្សានេះមិនទាន់ត្រូវបានបោះពុម្ព ឬពិនិត្យច្បាស់ ដូច្នេះលទ្ធផលមិនទាន់ត្រូវបានអនុម័តនៅឡើយ។
ក៏ប៉ុន្តែ អ្នកគួរតែទទួលទានភេសជ្ជៈនេះក្នុងកម្រិតមធ្យមប៉ុណ្ណោះ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាព ដែលបណ្ថាលមកពីជាតិស្ករខ្ពស់។ បរិមាណស្ករពិតប្រាកដប្រែប្រួលអាស្រ័យលើរសជាតិ និងប្រភេទតែ ប៉ុន្តែជាទូទៅ តែទឹកដោះគោមួយពែង (475 មីលីលីត្រ) មានប្រហែល ៣០០កាឡូរី និងស្ករ៣៨ក្រាម។ ភេសជ្ជៈផ្អែមដែលមានជាតិស្ករដូចជាតែទឹកដោះគោ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងផលប៉ះពាល់អវិជ្ជមានដល់សុខភាព រួមទាំងជំងឺសរសៃឈាមបេះដូង ភាពធាត់ បញ្ហាថ្លើម និងជំងឺទឹកនោមផ្អែមប្រភេទទី២។ ក្នុងនោះ ការសិក្សាមួយចំនួនក៏បានបង្ហាញពីទំនាក់ទំនងជាមួយនឹងការកើនឡើងនៃការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ដែលមានហានិភ័យខ្ពស់នៃជំងឺមហារីកមួយចំនួន រួមទាំង មហារីកសុដន់ ថ្លើម ក្រពេញប្រូស្តាត ពោះវៀនធំ អូវែរ និងមហារីកស្បូនផងដែរ។
គួរចំណាំថា ការណែនាំថាជាតិស្ករបន្ថែមត្រូវបានកំណត់តិចជាង ១០% នៃកាឡូរីសរុបប្រចាំថ្ងៃ។ ឧទាហរណ៍ មនុស្សជាមធ្យមបន្ថែម ២,០០០kcal ក្នុងមួយថ្ងៃ ដែលក្នុងនោះជាតិស្ករមិនលើសពី ១០% ឬ ២០០kcal នោះទេ។ ក្នុងស្ករ ១ក្រាមផ្តល់ កាឡូរី៤ kcal ។ ដូច្នេះក្នុងមួយថ្ងៃ មិនគួរទទួលទានស្ករលើសពី ៥០ក្រាមឡើយ។ ដោយឡែក នៅក្នុង តែគុជ ឬតែទឹកដោះគោ មួយពែង (475 មីលីលីត្រ) ដែលមានជាតិស្ករ ៣៨ក្រាមនឹង វាមានប្រហែល ៧៦% នៃជាតិស្ករដែលកំណត់ឱ្យញ៉ាំក្នុង១ថ្ងៃទៅហើយ បើបូករួមទាំងចំណីអាហារផ្សេងៗទៀតក្នុង១ថ្ងៃ គឺប្រឈមនឹងការញ៉ាំជាតិស្ករលើសកម្រិតខ្លាំងបំផុត។ ហេតុនេះ អ្នកមិនគួរទទួលទានតែទឹកដោះគោ តែគុជ ឬភេសជ្ជៈផ្អែមៗផ្សេងទៀតជាញឹកញាប់ឬជាប្រចាំនោះទេ។
ជារួមមកវិញ មិនទាន់មានការសិក្សាណាមួយដែលរកឃើញថា ការញ៉ាំគុជ ឬទទួលទានតែគុជ បណ្ដាលឱ្យកើតមហារីកឡើយ ប៉ុន្តែហានិភ័យសុខភាពប្រឈមនឹងជំងឺផ្សេងៗ ក៏ដូចជាចូលរួមជាកត្តាជម្រុញនៃជំងឺមហារីកមួយចំនួន គឺបានមកពីការទទួលទានជាតិស្ករលើសកម្រិត។ ហេតុនេះ អ្នកអាចទទួលទានតែគុជបានធម្មតា ប៉ុន្តែកុំញឹកញាប់ឬប្រចាំ មួយវិញទៀតគួរតែកាត់បន្ថយជាតិស្ករតែបន្ថែមនៅក្នុងនោះ កាន់តែតិចកាន់តែល្អ៕

