មុខស្អាត រាងសែ្វល ប្រើរបស់ថ្លៃ គ្រាន់តែជាភាពទាក់ទាញផ្អែកខាងក្រៅប៉ុណ្ណោះ។ ភាពទាក់ទាញដែលពិតប្រាកដគេមិនបានកំណត់លើរបស់ទាំងនេះទេ តែវាកើតឡើងពីថាមពល និងអាកប្បកិរិយា។ សម្រាប់មនុស្សស្រីភាពទាក់ទាញពិតប្រាកដកើតឡើងពីរឿងសាមញ្ញណាស់ ដោយមានដូចជា៖
១. ស្នាមញញឹម៖ ស្នាមញញឹមមិនត្រឹមតែធ្វើឱ្យមនុស្សស្រីមានភាពទាក់ទាញ តែវាមានថាមពលវិជ្ជមានធ្វើឱ្យមនុស្សជុំវិញមានភាពរីករាយ។ ស្នាមញញឹមមួយអាចផ្លាស់ប្តូរទឹកមុខអ្នកឱ្យស្រស់ស្អាតជាងមុន ដោយមិនបាច់មានគ្រឿងសំអាង ឬសម្លៀកបំពាក់ល្អទេ។ វាក្លាយជាអាវុធសម្ងាត់មួយ ដែលទាក់ទាញមនុស្សដោយមិនចាំបាច់ប្រើពាក្យសម្ដី។
២. មានជំនាញ និងចេះរៀបចំខ្លួន៖ មនុស្សស្រីដែលមានជំនាញ និងចំណេះដឹងពិតប្រាកដ គឺជាមនុស្សស្រីដែលអាចរស់ដោយពឹងលើខ្លួនឯង និងអាចជួយអ្នកដទៃបាន។ ការរៀបចំខ្លួនឱ្យមានរបៀបរៀបរយ មិនត្រឹមតែធ្វើឱ្យស្រស់ស្អាតខាងក្រៅមើលទៅលេចធ្លោទេ ប៉ុន្តែថែមទាំងអាចជួយបង្កើនទំនុកចិត្តផ្នែកខាងក្នុងទ្វេដង។ មនុស្សស្រីដែលមានទំនុកចិត្តលើខ្លួនឯង គឺជាមនុស្សស្រីដែលទាក់ទាញ និងស្រស់ស្អាតបំផុត។
៣. ចេះគិតមុននិយាយ៖ ពាក្យសម្ដីគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចរិត។ មនុស្សភាគច្រើនឈ្លោះគ្នាមកពីពាក្យសម្ដី។ ប្រសិនបើមនុស្សស្រីយើងចេះគិតមុននិយាយ និយាយស្ដីត្រឹមត្រូវ ស្គាល់ខុសស្គាល់ត្រូវ និងសមរម្យ នោះនឹងធ្វើឱ្យអ្នកមើលទៅមានតម្លៃ និងភាពថ្លៃថ្នូរ ហើយទទួលបានការគោរពស្រឡាញ់ពីអ្នកជុំវិញ។ ផ្ទុយទៅវិញ ពាក្យសម្ដីអាក្រក់អាចប៉ះពាល់ដល់កិត្តិយស និងបង្កឱ្យអ្នកខាតតម្លៃ។
៤. រក្សាសុខភាពខ្លួនឯងឱ្យបានល្អ៖ សុខភាពខាងក្នុងតែងត្រូវបានគេមើលរំលង ទាំងដែលវាគឺជាឬសគល់នៃភាពស្រស់ស្អាតពីធម្មជាតិ។ ពេលរាងកាយមានសុខភាពល្អ ស្បែកនឹងភ្លឺរលោង កាយវិការមានថាមពល ធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្ត។ ការថែរក្សាសុខភាព អ្នកអាចអនុវត្តតាមរយៈរបបអាហារដែលមានតុល្យភាព បរិភោគបន្លែ ផ្លែឈើ និងផឹកទឹកគ្រប់គ្រាន់ ជួយឱ្យអ្នកស្រស់បស់ ស្បែកស្អាតដោយមិនបាច់ប្រើគ្រឿង Makeup ច្រើន។ សុខភាពល្អគឺជាសម្រស់ដែលមិនអាចក្លែងបន្លំបាន។
៥. ត្រូវមានក្លិនក្រអូប៖ ក្លិនក្រអូបអាចជួយបន្ថែមភាពទាក់ទាញ ។ ប្រើក្លិនទឹកអប់ស្រាលៗ មិនផ្អែមពេក និងមិនខ្លាំងពេក អាចបង្ហាញពីភាពទាន់សម័យ និងរចនាបថផ្ទាល់ខ្លួន។ វាគួរឱ្យចាប់អារម្មណ៍ក្នុងរបៀបស្ងៀមស្ងាត់ ដោយមិនចាំបាច់និយាយអ្វីទាំងអស់។
៦. រៀនសូត្រមិនឈប់ឈរ៖ ការរៀនសូត្រមិនចេះចប់ទេ មនុស្សស្រីដែលមានចំណេះដឹងថ្មីៗ ដើរតាមទាន់សម័យកាល និងពង្រឹងខ្លួនឯងជាបន្តបន្ទាប់ នឹងកាន់តែមានភាពទាក់ទាញ។ ការកំណត់គោលដៅមួយឱ្យបានច្បាស់លាស់ រៀនពីអ្វីថ្មីជាប្រចាំនឹងជួយឱ្យអ្នកស្ថិតនៅលើផ្លូវអភិវឌ្ឍន៍ជានិច្ច។ មនុស្សស្រីដែលស្រឡាញ់ការរៀន គឺជាមនុស្សស្រីដែលមើលទៅថ្លៃថ្នូរ និងមានសម្រស់ផ្នែកខាងក្នុងពិតប្រាកដ៕
អត្ថបទដោយ៖ សារួ
