មុននេះបន្តិច ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានបង្ហោះសារឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៍មានជាច្រើននៅថ្ងៃទី១៨ខែមេសា ឆ្នាំ២០២២ នេះឱ្យដឹងថា “ខ្ញុំសូមជម្រាបជូនថាការព្រួយបារម្ភមានការឆ្លងកូវីដ-១៩ឫមិនព្រួយបារម្ភ យើងគួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើងហើយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗនិងក្រុមគ្រួសារដែរក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩។”
“យើងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ដែលត្រូវរងចាំនិងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយរហូតដល់ដំណាច់ខែមេសានេះ។ ការទទួលខុសត្រូវរបស់បុគ្គល និងសហគមន៍នាពេលនេះជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនីមួយៗ ហើយប្រសិនបើលោកអ្នកមានការសង្ស័យសូមធ្វើតេស្តរហ័ស ឫទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក។
បើលទ្ធផលបង្ហាញវិជ្ជមានកូវីដ-១៩ និងបើក្នុងលក្ខណ:ស្រាល សូមនៅដោយឡែកការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។ បើមានរោគសញ្ញាសង្ស័យថាវិវត្តន៍ទៅធ្ងន់ធ្ងរសូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសង្ងំនៅផ្ទះដែលអាចស្លាប់បាត់បង់ជីវិតបាន។ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឫក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា។
សូមនាំគ្នាទៅចាក់វ៉ាក់ស៊ាំងកូវីដ-១៩ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គលនិងភាពស៊ាំរបស់សហគមន៍សម្រាប់រក្សានិរន្តន៍ភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗដូចជារោងចក្រ សហគ្រាស ទីផ្សារ និងសាលារៀន។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អនិងចៀសផុតនូវជំងឺកូវីដ-១៩ ទាំងអស់គ្នា៕