សុខភាពមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបបចំណីអាហារប្រចាំថ្ងៃ ជាក់ស្តែង ប្រភេទអាហារដែលមានបន្ថែមជាតិស្ករ ដូចជាភេសជ្ជៈផ្អែម ប្រភេទអាហារកំប៉ុង និងអាហារដែលសម្បូរជាតិស្ករផ្សេងទៀត បានបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនដូចជា បង្កឲ្យកើតជំងឺទឹកនោមផ្អែម ការឡើងទម្ងន់ ជំងឺខ្លាញ់រុំថ្លើម និងជំងឺមហារីកជាដើម ។ ខាងក្រោមនេះ ជាហេតុទាំង៥ ដែលលោកអ្នកគួរបោះបង់ទម្លាប់ញ៉ាំអាហារមានជាតិស្ករខ្ពស់ ។
១. ជួយកាត់បន្ថយការរលាកក្នុងរ៉ាំរ៉ៃ៖ យោងតាមលទ្ធផលនៃការសិក្សាបានរកឃើញថា ការរលាកក្នុងរ៉ាំរ៉ៃ(Chronic inflammation) បានបង្កឲ្យមានផលប៉ះពាល់ផ្ទាល់ ជាមួយជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាម បេះដូង និងជំងឺរលាកសន្លាក់ជាដើម ។
២. កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក៖ អ្នកជំនាញខាងផ្នែកសុខភាពបានលើកឡើងថា ការកាត់បន្ថយអាហារដែលមានជាតិស្ករខ្ពស់ បានជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកបាន ។ អ្នកជំនាញក៏បានពន្យល់ទៀតថា ជាតិស្ករដែលមាននៅក្នុងចំណីអាហារ បានទៅចិញ្ចឹមកោសិកាមហារីក ឲ្យរីកធំធាត់ រីករាលដាលក្នុងរាងកាយ ហើយអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាពបានគ្រប់ពេលវេលា។
៣. ជួយដល់ប្រព័ន្ធរំលាយអាហារ៖ អ្នកជំនាញបាន លើកឡើងថា ជាតិស្ករដែលច្រើនហួសប្រមាណក្នុងចរន្តឈាម បានទៅជួយចិញ្ចឹមបាក់តេរីអាក្រក់ក្នុងប្រព័ន្ធរំលាយអាហារ និងបង្កឲ្យមានបញ្ហាដូចជា រាករួស កើនឡើងឧស្ម័នក្នុងក្រពះពោះវៀន និងទល់លាមកជាដើម។ ក្នុងករណីលោកអ្នក មានបញ្ហាក្រពះ ពោះវៀន ការកាត់បន្ថយការញ៉ាំអាហារដែលសម្បូរដោយជាតិស្ករ គឺជាជម្រើសដ៏ល្អមួយ ។
៤. កាត់បន្ថយអារម្មណ៍ស្រ្តេស៖ ការកាត់បន្ថយអាហារដែលមានជាតិស្ករខ្ពស់ មិនត្រឹមតែផ្ដល់ផលវិជ្ជមានដល់រាងកាយទាំងមូលនោះទេ ប៉ុន្តែវាបានជួយកាត់បន្ថយអាហារស្រ្តេស និងជួយពង្រឹងសុខភាពរបស់ខួរក្បាលផងដែរ ។
៥. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៖ យោងតាមលទ្ធផលនៃការសិក្សា ដោយសាកលវិទ្យាល័យ San Francisco បានរកឃើញថា អ្នកមានទម្លាប់ញ៉ាំអាហារដែលមានជាតិស្ករខ្ពស់ ងាយប្រឈមក្នុងការកើតជំងឺទឹកនោមផ្អែមជាងមនុស្សធម្មតា ៕
អត្ថបទដោយ៖ ហួ ភារ៉ា
ប្រភព៖ www.eatthis.com