អាហារ គឺជាតម្រូវការចាំបាច់មួយ ដែលអ្នកត្រូវញុំាជាប្រចាំ ដើម្បីមានដង្ហើមរស់នៅបន្តទៀត។ ប្រសិនបើអ្នកជ្រើសរើសអាហារផ្ដេសផ្ដាស សុខភាពរបស់អ្នកច្បាស់ជាទ្រុឌទ្រោម ប៉ុន្តែបើអ្នកចេះជ្រើសរើសអាហារល្អ ច្បាស់ណាស់សុខភាពរបស់អ្នកនឹងល្អប្រសើរ។
ថ្ងៃនេះចាបបៃតងនឹងចែករំលែកអាហារផ្ដេសផ្ដាសជាឃាតករលាក់មុខ ដែលសុទ្ធតែអាហារឆ្ងាញ់ៗដែលគ្រប់គ្នាចូលចិត្តញុំា ហើយញុំាញឹកញាប់ទៀតរួមមាន៖
-ទី១ អាហារបំពង
អាហារបំពងសម្បូរជាតិខ្លាញ់ឆ្អែត និងជាតិខ្លាញ់ខ្ពស់ណាស់ អ៊ីចឹងប្រសិនបើអ្នកញុំាអាហារបំពងច្រើននឹងបង្កឱ្យកើតជំងឺគាំងបេះដូង ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងកើតជំងឺមហារីក នេះបើយោងតាមការចុះផ្សាយរបស់ GoogRx Health។
-ទី២ ភេសជ្ជៈផ្អែម និងប៉ូវកម្លាំង
ការផឹកភេសជ្ជៈផ្អែមញឹកញាប់ ឬប៉ូវកម្លាំង បង្កគ្រោះថ្នាក់ដល់សុខភាពជាខ្លាំងដូចជា ធាត់ខុសធម្មតា ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង ជំងឺតម្រងនោម ជំងឺពុកធ្មេញ ប្រហោងធ្មេញ និងជំងឺរលាកសន្លាក់ នេះបើយោងតាម CDCរបស់សហរដ្ឋអាមេរិក។
-ទី៣ មីកញ្ចប់
មីកញ្ចប់ត្រូវបានគេរកឃើញថា អាចបង្កហានិភ័យដល់រាងកាយរបស់អ្នក ប្រសិនបើញុំាញឹកញាប់ ដែលអាចវិវត្តទៅជាជំងឺមេតាប៉ូលីស ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល នេះបើយោងតាម Health Plus។
-ទី៤ សាចកែច្នៃ
អង្គការសុខភាពពិភពលោកបានចាត់ថ្នាក់សាច់កែច្នៃរួមមាន Ham, Bacon, Salami, ប្រហិត និង Frankfurts ជាសារធាតុបង្កឱ្យកើតជំងឺមហារីក។ ដូច្នេះប្រសិនបើអ្នកញុំាសាច់កែច្នៃញឹកញាប់អាចបង្កើនហានិភ័យឱ្យកើតជំងឺមហារីកពោះវៀន និងជំងឺក្រពះ នេះបើយោងតាម Cancer Council។
អាហារដែលរៀបរាប់ខាងលើនេះសុទ្ធតែជាអាហារឆ្ងាញ់ ដែលគ្រប់គ្នាតែងតែញុំាជាញឹកញាប់នៅតាមដងផ្លូវ និងតាមតូបនានា។ ដូច្នេះមុននឹងឆ្ងាញ់មាត់ត្រូវគិតពីក្រពះ និងរាងកាយរបស់ខ្លួនផង ត្រូវគិតសុខភាពជាចម្បង។