បច្ចុប្បន្ននេះមនុស្សភាគច្រើន មានបញ្ហាក្រពះស្ទើរតែគ្រប់គ្នាទៅហើយ ជំងឺឈឺក្រពះនេះ អាចបង្កជាបញ្ហាដល់សុខភាពខ្លាំងណាស់ ដោយហេតុថាកត្តាញុំាអាហារមិនទៀង អាហារគ្រោះថ្នាក់ដល់ក្រពះ ដូចជាគ្រឿងកំប៉ុង ស្រា ប្រភេទសាច់ច្រើន ញុំាអាហារយប់ៗពេក មនុស្សជាច្រើនតែងមានទម្លាប់ ធ្វើរឿងទាំងអស់នេះ ដោយសារការងារ រៀនសូត្រ ទើបជំងឺក្រពះតែងយាយីលើមនុស្សស្ទើរតែគ្រប់រូប។
ដូច្នេះហើយបើដឹងខ្លួនមានបញ្ហាក្រពះ កុំទាន់ឆ្ងាញ់ជាមួយអាហារទាំង៣នេះពេក ប្រយ័ត្នកែលែងកើត ពីកម្រិតស្រាល ទៅធ្ងន់ឡើង ចាំជាចាំញុំាក៏មិនហួសពេលដែរ។ នេះបើយោងតាមរយៈគេហទំព័រ everydayhealth.com បណ្ឌិតLiz Lipskiជាអ្នកឯកទេសផ្នែក អាហាររូបត្ថម្ភ បាននិយាយថា ក្រពះពោះវៀន គឺសរីរាង្គសំខាន់ខ្លាំងសម្រាប់សុខភាពរបស់មនុស្ស។ រួមទាំងបានលើកយកអាហារ៣នេះដែលអ្នកមានបញ្ហាក្រពះពោះវៀនគួរតែពិចារណាមុនញុំា ឬក៏ញុំានៅក្នុងកម្រិតមួយតិចតួចបានហើយព្រោះអាចបណ្ដាលអាការឈឺក្រពះកាន់តែធ្ងន់ជាងមុនមិនខាន មានន័យថាអាចជំងឺរើឡើង។
១.អាហារកែច្នៃ៖ អាហារកែច្នៃមិនមែនមិនល្អទាំងអស់នោះទេ តែអាហារកែច្នៃភាគច្រើន ប៉ះពាល់ដល់សុខភាព ដោយហេតុថា មានប្រើប្រាស់ជាតិសូដ្យូមនៅក្នុងអាហារច្រើន(អំបិលលើសកំណត់) រួមទាំងសារធាតុផ្សេងទៀតដូចជា នីត្រាត និងខ្លាញ់អាក្រក់ ដែលសារធាតុទាំងនេះមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់អ្នកញុំា អាចឈឺក្រពះ ប្រឈមជំងឺមហារីកក្រពះឡើងមក ដូច្នេះ បើញុំា ញុំាតិចៗឬក៏ម្ដងកាលបានហើយ។
២.សាច់ក្រហម៖ យោងតាមរយៈការសិក្សានៅឆ្នាំ២០០៨បានឱ្យដឹងថា មនុស្សដែលចូលចិត្តញុំាប្រភេទសាច់ក្រហមដូចជា សាច់គោ សាច់ជ្រូកជាដើម ច្រើនជារៀងរាល់ថ្ងៃ ងាយប្រឈមជាមួយជំងឺក្រពះពោះវៀនខ្លាំង ព្រោះដោយហេតុថាសាច់ក្រហមសម្បូរដោយ ខ្លាញ់អាក្រក់ច្រើន ដែលប្រភេទខ្លាញ់នេះគឺប្រឈមមានហានិភ័យកើតជំងឺមហារីកពោះវៀនធំខ្ពស់ណាស់ តែបើអ្នកញុំាចង់ញុំាត្រឹម១ខាំទៅ២ខាំបានហើយក្នុង១ថ្ងៃកុំឱ្យលើសកម្រិតនេះ។
៣.អាហារហឹរ៖ ការញុំាអាហារហឹរមិនខុសនោះទេ តែប្រសិនណាញុំាជាប្រចាំថ្ងៃនោះបញ្ហាក្រពះប្រាកដជាមាន ធ្វើឱ្យអ្នកឈឺក្រពះ ចុករាកក្អួត រលាកក្រពះឡើងមក ដូច្នេះប្រសិនណាមានបញ្ហារលាកក្រពះស្រាប់ឈប់ញុំាអាហារមានជាតិហឹរមួយរយៈសិនទៅ ដើម្បីការពារគ្រោះថ្នាក់៕
អត្ថបទដោយ៖ ប៉ែត ធីតា