ក្ដីស្រលាញ់ឪពុកម្ដាយចំពោះកូនពិតជាមានអត្ថន័យគ្មានអ្វីអាចប្រៀបធៀបបានទេ ប៉ុន្តែបើទោះបីយ៉ាងណាក្ដីឪពុកម្ដាយតែងចង់ឃើញកូនរបស់ខ្លួនដើរតាមគន្លងធម៌ និងរឹងមាំដោយខ្លួនឯង ហើយពេលខ្លះទម្លាប់ជួយកូន តាមចិត្តកូនរហូតដល់ថ្នាក់ខូច និងបានចិត្តពេកក៏មានដែរ បើមានទម្លាប់មិនល្អបែបនេះ ឪពុកម្ដាយគួរស្វែងយល់បន្ថែមពីសិល្បៈក្នុងការចិញ្ចឹមកូនរបស់លោក Warren Buffett ដែលមានអាយុ ៩៥ឆ្នាំហើយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិ ១៥០.៥ ពាន់លានដុល្លារ គាត់មានក្បួនចិញ្ចឹមកូន ឱ្យចេះប្រើសមត្ថភាព ចេះរឹងមាំដោយខ្លួនឯងពេលធំឡើង។
១. ឱ្យកូនចេះពឹងលើខ្លួនឯងដោយភាពក្លាហាន៖ លោកតា Warren Buffett បានប្រាប់ទៅកាន់គេហ័ទំព័រអន្តរជាតិ Fortune ថា ខ្ញុំមានគម្រោងបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់ខ្លួនចូលទៅក្នុងមូលនិធិ Buffett ជាជាងឱ្យកូន។ បន្ថែមពីលើនោះលោកមានប្រសាសន៍ថា “កូនៗរបស់ខ្ញុំនឹងមានភាពក្លាហានក្នុងការកែច្នែនៅសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេឱ្យខ្លាំងឡើង ហើយខ្ញុំគឺរងចាំ ចាំជួយដោះស្រាយបញ្ហានៅពេលពួកគេត្រូវការជំនួយ ជាជាងផ្តល់លុយកាក់ឱ្យ”។
នេះជាដំបូន្មានលោកតា Warren Buffett ពិតជាអស្ចារ្យណាស់ដែលមានអត្ថន័យថា “អ្នកគួរតែចាកចេញទុកពេលឱ្យកូនរៀនធ្វើការដោយខ្លួនឯង ដើម្បីកសាងសមត្ថភាព ប៉ុន្តែបើអ្នកមិនចាកចេញទេពួកគេមិនមានភាពក្លាហានក្នុងការធ្វើនោះទេ។ ព្រោះអ្វី? ពួកគេដេកចាំឪពុកម្តាយជួយរហូត។ បើអ្នកបន្តជួយកូនបែបនេះ ពេលគ្មានវត្តមានរបស់អ្នក អ្វីដែលអ្នកមានក៏ត្រូវរលាយទៅវិញដែរ មកពីកូនអ្នកពិកាសមត្ថភាពថែរក្សា។
២. ឪពុកម្តាយចាំជួយកូនពេលសុំជំនួយ កុំជួយគ្រប់យ៉ាងឱ្យកូន៖ ឪពុកម្តាយគួរចង្អុលបង្ហាញផ្លូវ រួចហើយឱ្យកូនរៀនដើរទៅកាន់គោលដៅដោយខ្លួនឯង។ អ្នកមិនចាំបាច់អាណិតកូនខ្លាំងពេក ពេលកូនជួបបញ្ហាក្នុងការធ្វើដំណើរនោះ គ្រាន់តែអ្នកញញឹម ហើយនិយាយប្រាប់កូនថា កូនត្រូវតែព្យាយាមទៅគោលដៅទៀតណា! វាជាសារបង្ហាញថា កូនឯងមានសមត្ថភាពអស្ចារ្យជាងបញ្ហានេះឆ្ងាយណាស់។ នេះជារបៀបដែលឪពុកម្តាយបង្រៀនកូនឱ្យចេះរឹងមាំដោយខ្លួនឯង។
សូម្បីលោកតា Warren Buffett បានបង្រៀនកូនគាត់ឱ្យចេះរឹងមាំតាំងពីតូចថា “ខ្ញុំឃើញឪពុកម្ដាយជាច្រើនកំពុងព្យាយាមដឹកដៃកូនៗ របស់ពួកគេ ហើយអ្វីដែលអាក្រក់បំផុតដែលឪពុកម្ដាយតែងតែធ្វើនោះគឺ ប្រើលុយដើម្បីជម្រុញទឹកចិត្តដល់កូនៗ ក្នុងការធ្វើអ្វីមួយ។ សម្រាប់ខ្ញុំបានប្រាប់កូនហើយថា ពួកគេមិនចាំបាច់ធ្វើអ្វីទេ គ្រាន់តែខំរៀនបញ្ចប់ថ្នាក់មហាវិទ្យាល័យដើម្បីក្លាយទៅជាវេជ្ជបណ្ឌិត ឬមេធាវី បន្ថែមពីលើនេះខ្ញុំបានប្រាប់ពួកគេឱ្យប្រើទេពកោសល្យរបស់ពួកគេតាមទម្រង់ណាក៏ដោយ ឱ្យបង្កើតផលប្រយោជន៏ធំបំផុតដល់ខ្លួនឯង និងសង្គមជាតិ៕ អត្ថបទដោយ៖ ទ្រ សុភាព
