តាសក់មិនត្រឹមតែជាបន្លែដ៏ពេញនិយម អាចយកមកច្នៃធ្វើម្ហូបបានច្រើនមុខនោះទេ បន្លែនេះក៏ត្រូវបានគេយកមកថែរក្សាស្បែក និងអាចយកមកច្នៃជាភេសជ្ជៈជំនួយសុខភាពបានថែមទៀត។ ថ្ងៃនេះយើងមិនមកនិយាយពីការយកតាសក់ទៅចំអិនម្ហូបនោះទេ ប៉ុន្តែយើងមកនិយាយពីការយកតាសក់ទៅធ្វើជាទឹកឌីថុក មិនត្រឹមតែល្អសម្រាប់សុខភាពកាពារជំងឺច្រើនមុខ ថែសម្រស់នោះទេ វាមានរសជាតិឆ្ងាញ់ ជួយឱ្យអ្នកទទួលទានទឹកបានច្រើនជាងមុនថែមទៀត។
មុននឹងដល់វិធីធ្វើ យើងមកដឹងពីអត្ថប្រយោជន៍នៃការទទួលទានទឹកតាសក់ជាមុនសិន។ យោងតាមការឱ្យដឹងពីប្រភពHealthline បានឱ្យដឹងថា ការទទួលទានទឹកតាសក់មានប្រយោជន៍ច្រើនដល់សុខភាពដូចជា៖
១ ជួយការពារមហារីក៖ តាមការសិក្សាគេបានរកឃើញថា ក្នុងតាសក់មានសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុcucurbitacins និងក្រុមសារធាតុចិញ្ចឹមlignans ដែលវាមានតួនាទីប្រឆាំងនឹងមហារីក។
២ កាត់បន្ថយការលើសសម្ពាធឈាម៖ កត្តាជម្រុញមួយដែលធ្វើឱ្យលើសសម្ពាធឈាម គឺការទទួលទានជាតិអំបិលច្រើន(សូដ្យូម) និងទទួលទានជាតិប៉ូតាដ្យូមតិច។ ប៉ូតាដ្យូម វាជាអេឡិចត្រូលីត្រ ដែលជួយគ្រប់គ្រងបរិមាណសូដ្យូម និងជួយដល់សុខភាពតម្រងនោមផងដែរ។ ហេតុនេះ ប្រភពនៃប៉ូតាស្យូម ដែលមាននៅក្នុងតាសក់អាចជួយកាត់បន្ថយការឡើងសម្ពាធឈាមបាន។
៣ ជួយដល់សុខភាពឆ្អឹង៖ តាសក់ជាប្រភពនៃវីតាមីនK ដែលឆ្អឹងត្រូវការ និងជួយឱ្យជាលិកាក្នុងខ្លួនដំណើរការល្អ។ ការទទួលទានតាសក់ស្រស់ៗ បានរក្សាទុកនូវវីតាមីនK ច្រើនជាងការយកតាសក់ទៅចំអិន។
៤ ប្រឆាំងអុកស៊ីតកម្ម៖ សារធាតុប្រឆាំងអុកស៊ីតកម្មមានក្នុងតាសក់ជួយការពារ និងពន្យារការខូចខាតរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។ ភាពតានតឹងនៃអុកស៊ីតកម្ម ក៏អាចធ្វើឱ្យរាងកាយប្រឈមនឹងជំងឺរ៉ាំរ៉ៃដូចជាទឹកនោមផ្អែម ជំងឺបេះដូង មហារីក ការខ្សោយចុះនៃសុខភាពភ្នែក។ ហេតុនេះការទទួលទានតាសក់ អាចជួយការពារអ្នកពីជំងឺទាំងនេះបាន។
សម្រាប់វិធីធ្វើ អ្នកគ្រាន់តែចិតតាសក់ស្ដើងៗ ១ឬ២ផ្លែ ហើយដាក់ចូលត្រាំក្នុងទឹកធម្មតា ១លីត្រ ឬអាចលៃតាមជាក់ស្តែងក្នុងករណីអ្នកដាក់ទឹកច្រើនជាងនេះ អាចបន្ថែមកក្រូចឆ្មារពណ៌លឿន២ឬ៣ចំណិតបន្ថែមបានឱ្យកាន់តែមានរសជាតិឆ្ងាញ់។ លាយរួច អ្នកអាចទទួលទានវាភ្លាមៗ ឬទុកឱ្យបានកន្លះម៉ោងទៅ១ម៉ោង ដើម្បីឱ្យកាន់តែចេញជាតិសឹមទទួលទានក៏បាន ហើយអ្នកអាចទទួលទានទឹកឌីថុកនេះបានពេញ១ថ្ងៃ។ ការធ្វើបែបនេះ មិនត្រឹមតែបន្ថែមរសជាតិនៃទឹក ធ្វើឱ្យអ្នកទទួលទានបានច្រើនជាងមុនទេ វាថែមទាំងជួយឱ្យស្បែកស្រស់ថ្លា មានសំណើម និងការពារជំងឺបានថែមទៀត។ កុំភ្លេចសាកល្បងទាំងអស់គ្នាណា៕
អត្ថបទដោយ៖ Senghong