អ្នកស្រីវេជ្ជបណ្ឌិត Angela Migowa បានរៀបរាប់ប្រាប់ថា ការផ្ដល់នូវអាហាររូបត្ថម្ភ និងអាហារបំប៉នបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់កុមារ ដើម្បីឱ្យពួកគេទទួលបាននូវសុខភាពល្អ រាងកាយរឹងមាំ និងគ្មានជំងឺនានា។ នៅពេលឪពុកម្ដាយផ្ដល់នូវអាហារជីវៈជាតិដល់កូនៗ នោះរាងកាយនឹងស្រូបយក ហើយផ្ដល់នូវថាមពលទៅតាមសរីរាង្គសំខាន់ៗរបស់រាងកាយ ដើម្បីលូតលាស់ល្អ និងអភិវឌ្ឍបានត្រឹមត្រូវ។ នេះបើយោងតាមប្រភព The Aga Khan University Hospital។
ជារឿងៗកុមារខ្វះវីតាមីន និងសារធាតុរ៉ែ នេះក៏ដោយសារតែពួកគេញុំានូវប្រភពអាហារដែលសម្បូរទៅដោយជាតិស្ករ និងកែច្នៃច្រើន។ ហើយកង្វះសារធាតុចិញ្ចឹមអាចធ្វើឱ្យកុមារលូតលាស់យឺត មានបញ្ហាចំពោះការរំលាយអាហារ ប៉ះពាល់ដល់ស្បែក និងការលូតលាស់ឆ្អឹងខ្សោយ។
អ៊ីចឹងឪពុកម្ដាយត្រូវសង្កេតពីអាការ សញ្ញានៃកង្វះជីវៈជាតិតបស់កូន រួចត្រូវផ្ដល់នូវអាហារដែលសម្បូរទៅដោយជីវៈជាតិទាំងនោះដើម្បីបន្ថែមរួមមាន៖
១.វីតាមីនB៖ កូនអ្នកអាចមានសញ្ញាដូចជា ការឃ្លានអាហារ ទន់ខ្សោយ និងឆាប់ខឹង ដែលចំណុចទាំងនេះអាចជាការបញ្ហាពីកង្វះវីតាមីនបេ។ មិនតែប៉ុណ្ណោះទេ រោគសញ្ញា ដំបៅលើបបូរមាត់ ដំបៅលើអណ្ដាត និងដំបៅលើរាងកាយ ក៏ជាស្ថានភាពមួយនៃកង្វះវីតាមីនបេនៅក្នុងរាងកាយផងដែរ។ ដូច្នេះ ឪពុកម្ដាយត្រូវបន្ថែមវីតាមីនបេឱ្យកូនដូចជា បន្លែបៃតង ទឹកដោះគោ ស៊ុត សាច់ ថ្លើម និងត្រី។
២.វីតាមីនA៖ កង្វះវីតាមីនអាអាចនាំឱ្យកុមារមានរោគសញ្ញារួមមាន ភ្នែកស្ងួត ងងឹតភ្នែកនៅពេលយប់ ស្នាមជ្រីវជ្រួញលើស្បែក ឬចំណុចពណ៌ត្នោតនៅលើភ្នែក ការឆ្លងមេរោគញឹកញាប់។ ដូច្នេះឪពុកម្ដាយត្រូវបន្ថែមវីតាមីនអាឱ្យកូនដូចជា ប្រេង ថ្លើម ការ៉ុត ដំឡូងជ្វា ប្រូខូលី ដែលសុទ្ធតែជាអហារសម្បូរវីតាមីនA។
៣.វីតាមីនD៖ កុមារត្រូវការវីតាមីនDសម្រាប់ការលូតលាស់ឆ្អឹង ការពារបញ្ហាឆ្អឹង និងការពារពុកឆ្អឹង។ អ៊ីចឹងរាងកាយត្រូវការវីតាមីនD ដើម្បីរក្សាកម្រិតល្អនៃជាតិកាល់ស្យូម និងផូស្វ័រ ដើម្បីបង្កើតកោសិកាភាពស៊ាំ គ្រប់គ្រងការផលិតប្រូតេអ៊ីនជាដើម។ រោគសញ្ញានៃកង្វះវីតាមីនDចំពោះកុមាររួមមាន ការលូតលាស់យឺត ឈឺសាច់ដុំ ឈឺខ្នង ឈឺភ្លៅ ឈឺឆ្អឹង អស់កម្លាំង ការដើរយឺតៗ និងពុកធ្មេញ។ នៅក្នុងនោះផងដែរ ទារកតម្រូវការវីតាមីនDទាបជាងកុមារ និងមនុស្សពេញវ័យ។ មានវ័យថា ក្មេងអាយុពី ០-១២ ខែត្រូវការ ១០mcg ជារៀងរាល់ថ្ងៃ; អាយុ១២-១៣ ឆ្នាំត្រូវការ ១៥mcg; អាយុពី ១៤-១៨ ឆ្នាំត្រូវការ ១៥mcg។ កង្វះវីតាមីន D ច្រើនតែបណ្តាលមកពីកុមារខ្វះការប៉ះនឹងពន្លឺថ្ងៃ ហើយឪពុកម្តាយគួរតែផ្តល់ឱ្យទារកនូវអាហាររួមមាន ស៊ុត ត្រី (ត្រី salmon, mackerel) ដើម្បីជួយកែលម្អកង្វះវីតាមីនD។
៤.កង្វះជាតិសូដ្យូម និងប៉ូតាស្យូម៖ ការកង្វះជាតិសូដ្យូម និងប៉ូតាស្យូមអាចនាំឱ្យកុមាររមួលក្រពើ និងខ្សោយសាច់ដុំ។
៥.កង្វះជាតិកាល់ស្យូម៖ កង្វះសារធាតុចិញ្ចឹមនេះអាចនាំឱ្យមានបញ្ហាបេះដូង ហើយកាល់ស្យូមទាបអាចប៉ះពាល់ដល់មុខងារសាច់ដុំ បញ្ហាបេះដូង កំណកឈាម សកម្មភាពអង់ស៊ីម និងពិបាកក្នុងការផ្ដល់ព័ត៌មានទៅប្រព័ន្ធប្រសាទក្នុងរាងកាយ។ កុមារអាចទទួលបានកាល់ស្យូមគ្រប់គ្រាន់ពីទឹកដោះគោ បន្លែបៃតង តៅហ៊ូ ត្រី (ត្រីសាម៉ុង និងត្រីសាឌីន) គ្រាប់ធញ្ញជាតិ គ្រាប់សណ្តែកស សណ្តែកសៀង គ្រាប់អាល់ម៉ុន និងធញ្ញជាតិដទៃៗទៀត។
៦.កង្វះជាតិដែក៖ កុមារត្រូវការជាតិដែក ដើម្បីបំពេញមុខងារផ្សេងៗនៃរាងកាយរបស់ពួកគេ។ មិនតែប៉ុណ្ណោះទេ កង្វះជាតិដែកអាចនាំឱ្យមានភាពស្លេកស្លាំងចំពោះកុមារ ហើយក្រោយមកអាចបណ្តាលឱ្យកុមារងងុយដេក និងការយល់ដឹងខ្សោយ។ ប្រភពជាតិដែកភាគច្រើនបានមកពីអាហារសមុទ្រ សណ្តែក សណ្តែក បន្លែបៃតង និងផ្លែឈើស្ងួត។