ការដោះស្រាយបញ្ហាលើការងារ គ្រួសារ និងមុខជំនួញ ត្រូវការខួរក្បាលផលិតជាគំនិត។ ខួរក្បាលជារោងចក្រផលិតគំនិតថ្មីៗ ហើយជីវិតយើងបែបណា ក៏អាស្រ័យលើរោងចក្រខួរក្បាលមួយដំនេះដែរ។ បើព្យាយាមប្រើខួរក្បាលដែរ ប៉ុន្តែខួរក្បាលគិតអត់ចេញ និងរាងស្ពឹកៗនោះ អ្នកមកបង្វឹកខួរក្បាលតាមទម្លាប់ទាំង ៣នេះ គិតហូរចេញចម្លើយលឿន ហើយអារម្មណ៍លែងស្រ្តេស លែងស្មុគស្មាញទៀតដែរ។
១. ទម្លាប់អាន៖ យើងចេះតែឆ្ងល់ថា ហេតុអ្វីខួរក្បាលគេគិតបានលឿនម្ល៉េះ? ចំណែកខួរក្បាលយើងវិញគិតរឿងរ៉ាវអ្វីក៏យឺតដែរ។ តាមលោកគ្រូ សំ កុសល មានប្រសាសន៍ថា ចង់ឱ្យខួរក្បាលគិតបានល្អ ខ្ញុំតែងចំណាយពេលវេលាក្នុងការអានយ៉ាងតិចចំនួន ៣០ នាទី និងការសរសេរចំនួន ៣០ នាទីដែរ។ ហើយខ្ញុំមានគោលដៅក្នុងការអានសៀវភៅឱ្យបានចំនួនពីរក្បាល ទៅបីក្បាល ក្នុងមួយខែ។ នេះជារបៀបសំលៀងគំនិតឱ្យមុតស្រួចលើការងារឱ្យកើនចំណូល និងដោះស្រាយបញ្ហាលែងទល់គំនិតទៀតហើយ។ សូម្បីសៀវភៅមេដែក ក៏បញ្ជាក់ដែរថា បើអ្នកអានសៀវភៅលើស៦០ក្បាលក្នុងមួយឆ្នាំ អ្នកនឹងក្លាយជាសហគ្រិនឆ្នើមមិនខានឡើយ។ នេះជារបៀបបង្វឹកខួរក្បាលកុំឱ្យគិតស្ពឹកបន្តទៀត។
២. លំហាត់ប្រាណប៉ូវខួរក្បាល៖ អ្នកអាចគិតថា ធ្វើលំហាត់ប្រាណជួយត្រឹមតែសុខភាពរាងកាយ តែវាមានអត្ថប្រយោន៍ច្រើន។ ពេលអ្នកស្រ្តេសខ្លាំង អ្នកអាចគិតរកដំណោះស្រាយបានល្អទេ? ច្បាស់ណាស់ ខួរក្បាលរបស់អ្នកគិតអ្វីមិនសូវបានល្អទេ។ ហេតុអ្វីលំហាត់ប្រាណមានឥទ្ធិពលដល់ខួរក្បាល? ងាយខ្លាំងណាស់ ដើម្បីអ្នកអាចពិសោធន៍បានដោយខ្លួនឯង។ ពេលអ្នកស្រ្តេសខ្លាំង និងធ្លាក់ទឹកចិត្ត អ្នកអាចធ្វើការសាកល្បងជាមួយការធ្វើលំហាត់ប្រាណរត់ឱ្យលឿន ហាត់Gym (លើកទម្ងន់) លមើល(ហាត់ឱ្យបែបញើស) អ្នកមានអារម្មណ៍បែបណា? ហើយលទ្ធផលនឹងឃើញច្បាស់ដោយខ្លួនឯង។ តាមការស្រាវជ្រាវពី UCLA បានបង្ហាញថា “ការធ្វើលំហាត់ប្រាណ ជួយបង្កើតតត្តាការលូតលាស់កោសិការបស់ខូរក្បាល ដើម្បីតភ្ជាប់ជាមួយប្រព័ន្ធប្រសាទថ្មី ហើយអ្នកគិតបានលឿនខុសពីធម្មតាមិនខានឡើយ។
៣. ហ្វឹកការផ្តោតអារម្មណ៍៖ តាមលោកស្រីវេជ្ជបណ្ឌិត Tara Swart Bieber ជាអ្នកជំនាញខាងសរសៃប្រសាទបានមានប្រសាសន៍ថា ខ្ញុំធ្វើសមាធិគ្មានថ្ងៃលុះនោះទេ។ ការធ្វើសមាធិយ៉ាងហោចណាស់ ១២នាទីក្នុងមួយថ្ងៃជាការហាត់ចិត្ត និងខួរក្បាលខ្ញុំគិតអ្វីមួយបានលឿន និងរក្សាថាមពលខួរក្បាលបានល្អបំផុត”។ មានអ្នកមួយចំនួនមិនអាចគ្រប់គ្រងលើអារម្មណ៍របស់ខ្លួន ពេលគិតលើរឿងអ្វីមួយ អារម្មណ៍ចេះតែបែកគ្មានសមាធិ។ ចឹងហើយគិតអ្វីក៏គ្មានប្រសិទ្ធភាពធំដំដែរ។ ដូចជាលោកស្រីវេជ្ជបណ្ឌិត ទោះបីគាត់មានកិច្ចការច្រើនក៏ដោយ គាត់មានសមាធិក្នុងការផ្តោតអារម្មណ៍លើការងារ និងដោះស្រាយបញ្ហាបានច្រើន។ ការសមាធិជាការសំលៀងអារម្មណ៍ និងគំនិតឱ្យមុតស្រួច ដើម្បីទម្លុះបញ្ហា៕
អត្ថបទដោយ៖ ទ្រ សុភាព