ជឿថាអ្នកដែលលើសគីឡូ និងអ្នកដែលចង់សម្រកកីឡូគឺពួកគាត់មានសម្ពាធខ្លាំងក្នុងការញ៉ាំអាហារ។ អ្នកខ្លះចង់ស្រកគីឡូខ្លាំងពេករហូតដល់ថ្នាក់កាត់របបអាហារ៣ពេលក្នុងមួយថ្ងៃចោលមកញ៉ាំត្រឹមតែ១ពេលវិញ នេះជាកត្តាបង្កគ្រោះថ្នាក់ខ្លាំងទៅដល់សុខភាព ជាពិសេសគឺក្រពះ ពោះវៀន និងតម្រងនោម។
ជាការពិតណាស់ យោងតាមការចុះផ្សាយចុះផ្សាយនៅលើគេហទំព័រ webmd លោក Jorge Cruise អ្នកជំនាញផ្នែកសម្រកគីឡូបានបញ្ជាក់ថា ការសម្រកគីឡូមិនមែនមានន័យថាត្រូវតែតមអាហារ អត់អាហារទើបស្រកនោះទេ។ តាមពិតទីរបបអាហាររបស់អ្នកសម្រកគីឡូគឺស្តង់ដារគេឱ្យញ៉ាំ១ថ្ងៃ៥ពេល អាហារធម្មតា៣ពេល និងអាហារសម្រន់២ពេល។ លោក បានបន្តថាអ្វីដែលអ្នកសម្រកគីឡូត្រូវយកចិត្តទុកដាក់ខ្លាំងជាងគេគឺម៉ោងនៅក្នុងការញ៉ាំអាហារ៣ពេលក្នុង១ថ្ងៃ បើញ៉ាំត្រូវម៉ោងត្រូវអាហារមិនបាច់ដេកភ័យថាឡើងគីឡូនោះទេ។
ជាមួយគ្នានេះដែរ ក្បួនរបស់តារាស្រីថៃ Mai Davika ក្នុងការសម្រកគីឡូ រក្សារាងស្រឡូនស្អាតដូចរាល់ថ្ងៃគឺនាងក៏នៅតែរក្សារបបអាហារ៣ពេលដដែល Mai Davika បានលាតត្រដាង នូវវិធីសាស្ត្រសម្រកទម្ងន់របស់នាងថា “ក្នុងមួយថ្ងៃ នាងជ្រើសយកម៉ោងញ៉ាំអាហារតែ ៨ ម៉ោង និងយកពេល ១៦ ម៉ោងសម្រាប់ ផឹកតែ ទឹក ឬកាហ្វេខ្មៅដើម្បីដុតកម្ចេចជាតិខ្លាញ់ក្នុងខ្លួន។
ខាងក្រោមនេះជាម៉ោងញ៉ាំអាហារ៣ពេលសម្រាប់អ្នកចង់សម្រកគីឡូ និងអ្នកដែលចង់ទប់គីឡូកុំឱ្យឡើង៖
១. ពេលព្រឹក៖ ម៉ោងញ៉ាំអាហារពេលព្រឹកគឺគេតម្រូវឱ្យញ៉ាំបន្ទាប់ពីក្រោកពីគេង១ម៉ោង មានន័យថាបើអ្នកក្រោកពីគេងម៉ោង៧ នោះអាហារពេលព្រឹករបស់អ្នកគឺត្រូវញ៉ាំម៉ោង៨។ ហើយអាហារដែលអ្នកគួរញ៉ាំនៅពេលព្រឹកមានដូចជា ផ្លែប៊័រ ដំឡូង ស៊ុត សាច់មាន់...។
២. អាហារថ្ងៃត្រង់៖ គឺគេតម្រូវឱ្យញ៉ាំក្រោយអាហារពេលព្រឹក៣ឬ៤ម៉ោង មានន័យថាបើអ្នកញ៉ាំអាហារព្រឹកម៉ោង៨ អាហារថ្ងៃត្រង់ត្រូវញ៉ាំម៉ោង១១ឬ១២។ ហើយអាហារដែលត្រូវញ៉ាំនៅពេលថ្ងៃសម្រាប់អ្នកចង់សម្រកគីឡូ ឬចង់ទប់គីឡូកុំឱ្យឡើងមានដូចជា៖ សាច់ទ្រូងមាន់ សាច់ត្រី...ញ៉ាំជាមួយបាយអង្ករសំរូប ឬអង្កក្រហម។
· បាយអង្កសំរូបឬអង្ករក្រហម គឺវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា anthocyanin ជាតិសរសៃអាហារ ដែលជួយបង្កើន ការរំលាយអាហាររបស់អ្នកបានលឿន។ អង្ករសំរូប ១០០ ក្រាមមានកម្រិតកាឡូរីប្រហែល ១១១ ប៉ុណ្ណោះ ខុសពីអង្ករសធម្មតា ១០០ក្រាម មានកម្រិតកាឡូរីរហូតដល់ ១៥០។ របៀបចម្អិនបាយអង្កសំរូប៖ អ្នកត្រូវយកអង្ករ ក្នុងបរិមាណសមសបមួយដែលអ្នកធ្លាប់ញ៉ាំ ទៅត្រាំក្នុងទឹករយៈពេល ១-២ នាទី រួចយកមកលាងទឹក ៣-៤ ដងដើម្បីឱ្យជ្រះម្សៅរបស់អង្ករ ។ នៅពេលដាន់ចម្អិន អ្នកត្រូវដាក់ទឹកឱ្យច្រើន ដើម្បីឱ្យកម្រិតម្សៅថយចុះយកាន់តែតិច។ បើអាចអ្នកគួរចម្អិន ជាមួយទឹកដូង ព្រោះទឹកដូងមានសមត្ថភាពកាត់ជាតិម្សៅរបស់អង្ករបានល្អជាងទឹកធម្មតា។
៣. អាហារពេលល្ងាច៖ ត្រូវញ៉ាំក្រោយអាហារថ្ងៃត្រង់៤ម៉ោង អាចចន្លោះម៉ោង៤ល្ងាចទៅម៉ោង៥។ ចំពោះអាហារពេលល្ងាចអ្នកអាចជ្រើសញ៉ាំជាប្រភេទសាច់គោ សាច់ត្រី សាច់ទ្រូងមាន់...ហើយញ៉ាំជាមួយបាយអង្ករសំរូបដដែល។
ក្រៅពីរបបអាហារទាំង៣ពេលនេះហើយ អ្នកគួរបង្កើនទម្លាប់ហាត់ប្រាណ១ថ្ងៃ១៥នាទីទៅ៣០នាទី ហើយក្បាច់ដែលអ្នកចង់សម្រកគីឡូត្រូវហាត់មានដូចជា ការរត់ ជិះកង់ ការហែលទឹក...និងលំហាត់ប្រាណនៅផ្ទះ ដូចជាការហាត់ cardio លោតអន្ទាក់ ទាញខ្សែ និងយោគៈក៏អាចជួយដុតកាឡូរីបានផងដែរ៕
អត្ថបទដោយ៖ មឿន គន្ធា