ភាពស្រស់ស្អាត់ និងរាងកាយរឹងមាំ ធ្វើឱ្យមនុស្សមានទំនុកចិត្តលើខ្លួនឯង។ ជាពិសេសសម្រស់តែម្តង ធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍ច្រើន ចង់ឱ្យក្មេងជាងវ័យ និងសុខភាពល្អ។ ថ្ងៃនេះ ចាបបៃតងសុំលើកពីអ្នកគ្រូ សោម សូលីដា បញ្ជាក់ពីរបៀបថែទាំសុខភាពសម្រស់ កុំឱ្យឆាប់ចាស់លឿនពេក៖
ការថែសម្រស់តាមធម្មជាតិ ការហូបអាហារជាប្រចាំថ្ងៃ ជារឿងសំខាន់ក្នុងការកំណត់សម្រស់ និងសុខភាព។ តាមអ្នកគ្រូ សោម សូលីដា ជាអ្នកជំនាញសម្រកគីឡូ និងផ្នែកហាត់ប្រាណជាច្រើនឆ្នាំបាននិយាយថា បើអ្នកចង់ឱ្យស្បែកក្មេងជាងវ័យ របបអាហារពិតជារួមចំណែកការពារកុំឱ្យចាស់លឿន ពេលអ្នកញ៉ាំបន្លែ(ស្ពៃ ការរ៉ុត និងត្រសក់...) និងផ្លែឈើ(ផ្លែប៉ោម ផ្លែក្រូច និងផ្លែប័រ...) និងអ្នកគួរតែទទួលទឹកឱ្យបានគ្រប់គ្រាន់ ទាំងអស់នេះ ជាសារធាតុការពារស្បែក កុំឱ្យចាស់លឿន។” តាមអ្នកជំនាញបានបញ្ជាក់ថា មួយថ្ងៃយើងគួរពិសារទឹកចាប់ពី ៣ទៅ៤លីត្រ ដើម្បីចិញ្ចឹមស្បែក និងលាងជាតិពុលពីរាងកាយ។
ហើយអ្នកគ្រូសូលីដា បានបន្តថា ការទទួលទានទឹកបានគ្រប់គ្រាន់ វាមិនត្រឹមតែជួយលាងសម្អាតជាតិពុលចេញពីក្នុងខ្លួនរបស់យើងនោះទេ វាក៏ជួយទប់ភាពឆ្អែតបានយូរ។ ប្រសិនបើយើងទទួលទានទឹកមុនអាហារ វាជួយកាត់បន្ថយការឃ្លានអាហារខ្លាំងដែរ ការធ្វើបែបនេះ ក៏ជាវិធីសម្រកគីឡូ និងថែសម្រស់ទៀត។”
សម្រាប់ការថែសម្រស់តាមធម្មជាតិឱ្យបានល្អបំផុត អ្នកគ្រូសូលីដា បានណែនាំឱ្យអ្នកទាំងអស់គ្នាផ្លាស់ប្តូរឱ្យមកធ្វើលំហាត់ប្រាណឱ្យទៀងទាត់ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងអាហារមានតុល្យលើមូលដ្ឋានធម្មជាតិ ហើយគេងឱ្យបានគ្រប់គ្រាន់ ជួយការពារឡើងគីឡូ និងការពារសម្រស់ឱ្យក្មេងជាងវ័យ។ សូម្បីរាងកាយរឹងមាំ រស់នៅអាយុវែងផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព