មានឪពុកម្តាយខ្លះ នៅខ្វះចន្លោះបង្ហាញក្តីស្រឡាញ់ចំពោះកូន។ តាមអ្នកគ្រូ ធាវ ដាវិន(Theav Davin) បានប្រាប់ពីបទពិសោធន៍ថា “កាលខ្ញុំនៅក្មេងឪពុកម្តាយតែងប្រើពាក្យសម្តី ថាឱ្យ ឬនិយាយខ្លាំងៗ ភាសាបែបនេះ ធ្វើឱ្យខ្ញុំស្មានថាឪពុកម្តាយអត់ស្រឡាញ់ខ្លួនខ្ញុំទេ ប៉ុន្តែនៅក្នុងបេះដូងរបស់ឪពុកម្តាយតែងមានក្តីស្រឡាញ់ចំពោះកូនជានិច្ច”។ នេះជាបទបិសោធអតីតកាលទាំងខ្ញុំ និងបងប្អូនទាំងអស់គ្នា ច្បាស់ជាធ្លាប់ឆ្លងកាត់ពេលឪពុកម្តាយប្រើភាសាបែបនេះ។ នៅខាងក្រោមនេះ អ្នកគ្រូ ធាវ ដាវិន បានចែករំលែកភាសាក្តីស្រឡាញ់ទាំង ៥នេះ ដែលឪពុកម្តាយគួរយល់ដឹងបន្ថែម ដើម្បីផ្តល់ក្តីស្រឡាញ់ឱ្យកូន ក្លាយជាមនុស្សល្អក្នុងសង្គម។
ភាសាស្រឡាញ់ទី១៖ ពាក្យសម្តី៖ អ្នកគ្រូ ដាវិន បានប្រាប់ថា ការជេរ និងថាឱ្យ របស់ឪពុកម្តាយកាលពីមុន ជាភាសាក្តីស្រឡាញ់ដោយសារតែពួកគាត់ខ្វះខាតចំណេះដឹង និងការអប់រំ ព្រោះតែសម័យមុនប្រទេសយើងជួបភ្លើងសង្រ្គាម។ តាមបទពិសោធន៍ការចិញ្ចឹមកូនរបស់អ្នកគ្រូ ដាវិន បានបញ្ជាក់បន្ថែមថា ការប្រើពាក្យសម្តីជាភាសាវិជ្ជមាន ជាភាសាក្តីស្រឡាញ់ ធ្វើកូនទទួលបានអារម្មណ៍កក់ក្តៅ។ មានរឿងមួយ ម្តាយត្រូវតែអត់ធ្មត់ឱ្យច្រើន ទោះបីខឹងក៏ត្រូវតែព្យាយាមទប់អារម្មណ៍ប្រើភាសាចំពោះកូនដោយធម្មតាដែរ។ ពេលយើងប្រើសម្តីស្រែកខ្លាំងៗ ដាក់កូន ធ្វើឱ្យកូនមានអារម្មណ៍ភ័យខ្លាចដក់ជាប់ក្នុងចិត្ត។ លោកវេជ្ជបណ្ឌិត Gary Chapman ផ្នែកចិត្តវិទ្យាបានប្រាប់ថា ការប្រើពាក្យសម្តីដោយក្តីស្រឡាញ់ធ្វើឱ្យមនុស្សនោះទទួលអារម្មណ៍ថាគេជាបុគ្គលមានតម្លៃ និងមានភាពកក់ក្តៅក្នុងបេះដូងពួកគេ។
ភាសាស្រឡាញ់ទី២៖ ទង្វើ៖ មានពាក្យមួយនិយាយថា ទង្វើមានតម្លៃជាងពាក្យគ្រាន់តែនិយាយ។ អ្នកគ្រូ ដាវិន ប្រាប់ថា កូនក្មេងនៅតូច ទោះបីអត់ទាន់ចេះគិតក៏ដោយ ប៉ុន្តែក្មេងពូកែចងចាំ និងរៀនសូត្រតាមរយៈសកម្មភាពរបស់មនុស្សចាស់បានល្អណាស់។ អ្នកគ្រូបានរំលឹកអតីតកាលថា កាលកូនខ្ញុំនៅតូច ហើយខ្ញុំបានឈ្លោះគ្នាជាមួយប្តីរបស់ខ្ញុំ កូនខ្ញុំរាងធំបន្តិចបានសួរខ្ញុំថា ហេតុអ្វីម៉ាក់និងប៉ា ឈ្លោះគ្នា? ពេលខ្ញុំឮបែបនេះ បានខ្ញុំដឹងទង្វើរបស់ឪពុកម្តាយមានឥទ្ធិពលលើចិត្តគំនិតរបស់កូន។ អ្នកគួរតែធ្វើទង្វើដោយភាពវិជ្ជមានក្នុងការរស់នៅ ដើម្បីកូនរបស់អ្នករៀនសូត្រតាម។ នេះចាត់ទុកថាជាការបង្ហាញពីក្តីស្រលាញ់មួយដែរ។
ភាសាស្រឡាញ់ទី៣៖ ការឱ្យអំណោយ៖ កូនរបស់លោកអ្នកពិតជាចង់បានរបស់សំខាន់អ្វីមួយ ដើម្បីលើកទឹកចិត្តពួកគេ គឺការឱ្យជាអំណាយ។ អ្នកគ្រូ ដាវិន ប្រាប់ថា ការឱ្យជាកាដូរ ឬជាអំណាយ មិនចាំបាច់របស់មានតម្លៃនោះទេ គ្រាន់តែនាំកូនដើរលេង ទៅហូបអាហារ និងផ្តល់ពេលវេលាឱ្យកូន ធ្វើឱ្យកូនមានអារម្មណ៍ស្និតស្នាលនឹងគ្នាដែរ។ តាមលោកវេជ្ជបណ្ឌិត Gary Chapman បញ្ជាក់ថា ការឱ្យជាអំណោយ វាជាភាសានៃសេចក្តីស្រឡាញ់ និងមានអត្ថន័យ ដែលធ្វើឱ្យបុគ្គល(កូន) មានអារម្មណ៍ទទួលបានក្តីស្រលាញ់កក់ក្តៅ និងពេញចិត្តពេញថ្លើម។ ដូចជាការឱ្យជាអំណាយ ការ៉េមមួយដើម ក៏ជាការបង្ហាញ់ក្តីស្រឡាញ់ដែរ។
ភាសាស្រឡាញ់ទី៤៖ ផ្តល់ពេលវេលា៖ កូនរបស់លោកអ្នកពិតជាត្រូវការសេចក្តីស្រឡាញ់ខ្លាំងណាស់។ តាមអ្នកគ្រូ ដាវិន បានបញ្ជាក់ថា ទោះបីខ្ញុំរវល់ការងារច្រើនក៏ដោយ ក៏ខ្ញុំបែកចែកពេលវេលាបន្តិចបន្តួចឱ្យកូនដែរ។ ព្រោះកូនត្រូវការវត្តមានរបស់យើង។ យើងនៅជាមួយកូន កុំលេងទូរស័ព្ទ យើងត្រូវការផ្តោតអារម្មណ៍នៅជាមួយកូន ការធ្វើផ្តល់ពេលវេលាបែបនេះ ធ្វើឱ្យក្តីស្រឡាញ់យើងនឹងកូនកាន់តែកក់ក្តៅ។ ក្មេងរឹងមាំព្រោះតែក្តីស្រឡាញ់របស់ឪពុកម្តាយ”។ តាមគេហទំព័រ verywellmind បានចុះផ្សាយថា ការផ្តល់ពេលវេលាឱ្យកូនជាភាសាមួយពង្រឹងគុណភាពក្នុងការទំនាក់ទំនង។
ភាសាស្រឡាញ់ទី៥៖ ការប៉ះរាងកាយ៖ ការបង្ហាញភាសារាងកាយក៏ជាក្តីស្រឡាញ់មួយដែរ។ អ្នកគ្រូ ដាវិន បាននិយាយថា ការថើប ការអោប និងការប៉ះរាងកាយចំពោះកូនសុទ្ធតែបង្ហាញក្តីស្រឡាញ់។ ពេលកូនចេញពីរៀនខ្ញុំតែងតែអោបកូនជានិច្ច ដើម្បីផ្តល់ក្តីស្រឡាញ់។ ការផ្តល់ក្តីស្រឡាញ់កាន់តែច្រើន កូនកាន់តែមានកម្លាំងចិត្តរៀនសូត្រ។ នេះជាភាសាទំនាក់ទំនងគ្នាផ្នែកផ្លូវកាយ ប៉ុន្តែវាក៏មានឥទ្ធិពលដល់ផ្លូវចិត្តរបស់កូនខ្លាំងណាស់។
ភាសាទាំង ៥នេះ ជួយបង្កើតក្តីស្រឡាញ់រវាងកូន និងឪពុកម្តាយកាន់តែស្នាតស្នាល កាន់តែកក់ក្តៅ និងកាន់តែយល់ចិត្តគ្នាបន្ថែម កុំឱ្យកូនកើតបញ្ហាផ្លូវចិត្ត។ ជាពិសេសភាសាទាំងនេះ ធ្វើឱ្យកូនមានភាពក្លាហានផ្នែកផ្លូវចិត្ត ដើម្បីជម្នះបញ្ហា និងប្រឹងប្រែងរៀនសូត្របានលទ្ធផលល្អផងដែរ៕ អ្នកគ្រូ ធាវ ដាវីន គ្រូបង្វឹកផ្នែកហាត់ប្រាណ និងសុខភាព Tel: 012 377 322 ,ចុចទីនេះ Facebok៖ Theav Davin អត្ថបទដោយ៖ ទ្រ សុភាព


