ការដាច់សរសៃឈាមក្នុងខួរក្បាល កើតឡើងនៅពេលដែល លំហូរឈាមដែលត្រូវទៅផ្គត់ផ្គង់កោសិកាក្នុងខួរក្បាលត្រូវបានកាត់ផ្ដាច់ ឬថយចុះ ដែលនាំឲ្យខ្វះអ៊ុកស៊ីសែន និងសារធាតុចិញ្ចឹមសម្រាប់ខួរក្បាល ស្របពេលជាមួយគ្នានេះ កោសិកាខួរក្បាលចាប់ផ្ដើមងាប់ក្នុងរយៈពេលដ៏ខ្លី បើគ្មានការជួយសង្គ្រោះទាន់ពេលវេលានោះទេ អ្នកជំងឺនឹងគ្រោះថ្នាក់។
យោងតាមមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា យើងទាំងអស់គ្នាពិតជាគ្មាននរណាម្នាក់ ចង់ធ្លាក់ខ្លួនពិការនោះទេ។ ការព្យាបាលបន្ទាន់នៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលមានផ្នែកជំនាញឯកទេស គឺជាកត្តាកំណត់ជោគជ័យនៃការជាសះស្បើយរបស់អ្នកជំងឺ។ ដំណើរការនៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺទាមទារជាដំបូង នូវការស្គាល់ឲ្យបានឆាប់រហ័ស ពីរោគសញ្ញានៃជំងឺនេះ ពីអ្នកជំងឺផ្ទាល់ ឬអ្នកនៅក្បែរគាត់។ រោគសញ្ញាសំខាន់ៗមាន៖
១. ពិបាកនិយាយភ្លាមៗ ឬនិយាយមិនបាន។
២. ទន់ដៃ ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)
៣. វៀចមុខភ្លាមៗ សូមបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត ព្រោះបើគាត់មកទាន់ក្នុងថិរវេលា ៤ម៉ោងដំបូងក្នុងករណីស្ទះសរសៃឈាមខួរក្បាល។ គាត់អាចទទួលបានការព្យាបាលដោយឱសថទំនើបចុងក្រោយ (Thrombolyse) ដែលអាចរំលាយដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការប្រើប្រាស់ថ្នាំនេះទេ)។
ការអញ្ជើញមកកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយលោកអ្នកមាន រោគសញ្ញាដូចរៀបរាប់ខាងលើ ជាមួយក្រុមការងារជំនាញប្រសាទសាស្ត្រ និងពហុជំនាញពាក់ព័ន្ធ អមដោយបច្ចេកវិទ្យាថ្មីទំនើប របស់មន្ទីរពេទ្យកាល់ម៉ែត គឺជាកត្តាសត្យានុម័តនៃការកាត់បន្ថយពិការភាពនៃជំងឺនេះ ក៏ដូចជាការកាត់បន្ថយមរណភាពភ្លាម និងយូរអង្វែង។«សូមកុំបណ្តោយឲ្យជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល បំផ្លាញអនាគតអ្នក ឬក៏ក្រុមគ្រួសារអ្នក!»
