អាកាសធាតុខាងក្រៅក្តៅខ្លាំង ធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយមនុស្សប្រែប្រួលទៅជាក្តៅដូចគ្នា។ កាលណាសីតុណ្ណភាពក្នុងខ្លួនប្រែប្រួលទៅជាក្តៅ គឺវាបង្ករផលប៉ះពាល់ទៅកាន់សរីរាង្គច្រើនផ្នែក ទី១ ប្រព័ន្ធរំលាយអាហារដំណើរការមិនបានល្អ ញ៉ាំអាហារងាយបង្កទៅជារាគរួស ឈឺពោះ...។ ទី២ ប៉ះពាល់ស្បែក ទី៣ ខះជាតិទឹកក្នុងខ្លួន ងាយបង្កទៅជាជំងឺ Heat stroke និងកើនជាតិពុលក្នុងខ្លួនផងដែរ។
ជាការពិតណាស់ យោងតាមការចុហផ្សាយលើគេហទំព័រ food.ndtv បានណែនាំថា ដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួនកុំឱ្យឡើងចុះតាមអាកាសធាតុខាងក្រៅ ជួយការពារជំងឺ Heat stroke និងបណ្តេញជាតិពុលរដូវក្តៅ អ្នកគួរធ្វើទឹកឌីថុកទាំង៣មុខខាងក្រោមផឹកឱ្យបានរាល់ថ្ងៃ។
១. ឌីថុកតាសក់៖ គ្រឿងផ្សំមានដូចជា តាសក់ ១ផ្លែ ស្លឹកជីអង្កាម៨-១០សន្លឹក
ទឹកក្រូចឆ្មា២ចំណិត ដុំទឹកកក។ ចិតសំបកតាសក់ចេញឱ្យស្អាត រួចហាន់ជាបន្ទះស្តើងល្មម ដាក់ក្នុងកែវ ចាក់ទឹកឆ្អឹន(ក្តៅឧណ្ហៗ) ចូល ដាក់ទឹកក្រូចឆ្មារ ចាក់ដុំទឹកកកចូល រួចដាក់ស្លឹកជីអង្កាម។
២. ទឹកដូងជាមួយក្រូចឆ្មា និងជីអង្កាម៖ ជាភេសជ្ជៈដ៏ល្អ ជួយលាងសម្អាតជាតិពុលចេញពីថ្លើម និងពោះវៀន។ របៀបធ្វើ ដូង១ផ្លែ យកដូងទុំក៏បានដូងខ្ចីក៏បាន រួចច្របាច់ក្រូចឆ្មារ១ចំណិតចូល ដាក់ជីអង្កាម៣ទៅ៤សន្លឹក ផឹកចន្លោះម៉ោង៩ព្រឹកល្អបំផុត។
៣. វិធីធ្វើ យកទឹកខ្មេះប៉ោម ២ស្លាបព្រាកាហ្វេ ទឹកឃ្មុំ១/២ស្លាបព្រាកាហ្វេ លាយជាមួយទឹកធម្មតា២លីត្រ ទទួលទានពេញមួយថ្ងៃ។ ឌីថុកនេះ និងជួយប្រឆាំងអុកស៊ីតកម្ម ជួយឱ្យរាងកាយស្រួបជាតិរ៉ែ ប្រូតេអ៊ីនពីចំណីអាហារដែលអ្នកទទួលទានបានល្អ បញ្ចេញជាតិពុល ព្យាបាលបញ្ហាស្បែកខូច និងការពារស្បែកពីការឆ្លងមេរោគបានល្អ។ របៀបផឹកម្យ៉ាងទៀត តាមការណែនាំពីHealthline ណែនាំឱ្យយកទឹកខ្មេះប៉ោម១ឬ២ស្លាបព្រាកាហ្វេ លាយជាមួយទឹក១កែវធំ ហើយទទួលទាន។ សូមចាំថាត្បិតទឹកខ្មេះប៉ោមមានប្រយោជន៍ច្រើន ប៉ុន្តែទាមទារឱ្យអ្នកប្រើប្រាស់វាមានកម្រិត អ្នកគួរទទួលទានវាត្រឹម ១ទៅ១ស្លាបព្រាកាហ្វេ ឬពី១០ទៅ៣០មីលីលីត្រ ក្នុង១ថ្ងៃ គឺល្អបំផុត។
គូសបញ្ជាក់ផងដែរថា ចំពោះទឹកឌីថុកទាំង៣នេះ គឺផឹក១ថ្ងៃ១មុខ ទៅតាមចំណង់ចំណូលចិត្ត។ បេលវេលាសម្រាប់ផឹកទឹកឌីថុកល្អបំផុតគឺចន្លោះចាប់ពីម៉ោង៩ព្រឹកឡើងទៅ ក្រោយអាហារព្រឹករួច៕
អត្ថបទដោយ៖ មឿន គន្ធា