ជំងឺក្រពះ កើតឡើងលើមនុស្សស្ទើរតែគ្រប់វ័យ គ្រប់ទីកន្លែង មិនក្រាន់ភេទ ឡើយ។ ការលើសអាស៊ីតក្រពះជាជំងឺក្រពះ ដែលត្រូវប្រយ័ត្ន ពីព្រោះជំងឺនេះ អាចបង្កទៅជាធ្ងន់ធ្ងរដល់រលាកក្រពះ ឈានដល់ដំបៅឬមានមហារីកក្រពះ។
ជំងឺលើសជាតិអាស៊ីត ដំណាក់កាលដំបូងអ្នកអាចចំណាំបានដោយមានរោគសញ្ញាដូចជា៖ ក្រហាយក្នុងទ្រូង រកក្អួតចង្អោរនៅពេលព្រឹក ក្អកស្ងួត ឈឺពោះ ចុកឆ្អល់ក្រោយពេលញ៉ាំអាហារ...សញ្ញាទាំងនេះសុទ្ធតែបង្ហាញថាអ្នកកំពុងមានបញ្ហាលើសជាតិអាស៊ីតក្នុងក្រពះ។
ជាការពិតណាស់ យោងតាមការណែនាំពីគេហទំព័រ healthshots បានណែនាំថា ប្រសិនជាអ្នកកំពុងតែមានអាការៈដូចដែលបានរៀបរាប់ខាងលើជាពិសេសនៅពេលព្រឹក អ្នកគួរបន្ថែមទម្លាប់ញ៉ាំភេសជ្ជៈ៦មុខខាងក្រោមឱ្យបានរាល់ព្រឹក ដើម្បីជួយកាត់ និងលាងជាតិអាស៊ីតចេញពីក្រពះរបស់អ្នក។
១. ទឹកត្រសក់៖ ការទទួលទានទឹកត្រសក់ពិតជាមានប្រយោជន៍ក្នុង ការបំបាត់ការចាល់ជាតិអាស៊ីត ព្រោះវាមានជីវជាតិខ្ពស់ ផ្តល់ឱ្យរាងកាយរបស់អ្នកនូវជាតិសរសៃ និងជាតិទឹកដែលត្រូវការសម្រាប់ការរំលាយអាហារ និងមានបរិមាណកាឡូរីទាប។
វិធីធ្វើទឹកត្រសក់៖ យកផ្លែត្រសក់ខ្ចី១ឬ២ផ្លែ ហាន់ជាបន្ទះស្តើងៗរួចកិនក្នុងម៉ាស៊ីនទឹកក្រឡុក បន្ថែមទឹក១កែវ កិនឱ្យម៉ត់សឹមផឹក។
២. ទឹកក្រូចឆ្មារ៖ ក្រូចឆ្មារសម្បូរទៅដោយវីតាមីន C និង B និងសារធាតុរ៉ែដូចជា ផូស្វ័រ កាល់ស្យូម និងម៉ាញ៉េស្យូម។ ការផឹកទឹកក្រូចឆ្មារទៀងទាត់ គឺវាជួយ ដុតបំផ្លាញជាតិខ្លាញ់ រំលាយអាហារ និងលាងជាតិអាស៊ីតផងដែរ។ ចំពោះអ្នកមានបញ្ហាក្រពះពោះវៀនគួរផឹកក្រោយអាហារ។
៣. ទឹកខ្ញី៖ ការទទួលទានទឹកខ្ញីអាចជួយឱ្យក្រពះរបស់អ្នកបញ្ចេញចោលនូវជាតិអាស៊ីតដែលលើស ជំនួយទៅដល់ប្រព័ន្ធរំលាយអាហារ ជួយកាត់បន្ថយបញ្ហាចុកឆ្អល់បានមួយកម្រិតទៀតផង។
៤. ទឹកដូង៖ ប្រសិនបើអ្នកមានបញ្ហាក្រពះជាប្រចាំដូចជា ឈឺក្រពះ រំលាយអាហារមិនល្អ និងលើសជាតិអាស៊ីតជាដើម ការទទួលទានទឹកដូងជាប្រចាំ អាចជួយបានច្រើន។ ដោយសារតែវាសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងកាបូអ៊ីដ្រាត។ មិនតែប៉ុណ្ណោះ ទឹកដូងគឺជាប្រភពដ៏សម្បូរបែបនៃម៉ាញេស្យូម ទង់ដែង ជាតិដែក និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលសុទ្ធតែមានអត្ថប្រយោជន៍ក្នុងការកែលម្អសុខភាពរំលាយអាហារ។
ភេសជ្ជៈទាំង៤ខាងលើនេះសុទ្ធតែជាភេសជ្ជៈដែលអ្នកងាយរកបានបំផុត ប្រសិនជាមានបញ្ហាដូចខាងលើមិនគួររំលងនោះទេ។ ពីព្រោះភេសជ្ជៈទាំងនេះគឺវាមានតួរនាទីជួយទៅដល់ក្រពះច្រើន ជាពិសេសគឺលាងនិងបណ្តេញជាតិអាស៊ីតដែលលើសចេញពីក្រពះ។ មួយវិញទៀត ពេលវេលាល្អបំផុតដែលអ្នកគួរតែលាងជាតិអាស៊ីតចេញពីក្រពះគឺនៅពេលព្រឹក៕
អត្ថបទដោយ៖ មឿន គន្ធា