បើយោងតាមប្រភពផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបង្ហោះនូវមតិ(Comment)របស់កីឡាការិនី ស្រួង ភាវី ដែលកញ្ញាបានបញ្ចេញមតិថា ជាដំបូងកូនស្រីកម្ពុជាម្នាក់នេះ សូមគោរពឧទ្ទិសលទ្ធផលនេះ ជូនចំពោះមហាបុព្វបុរសខ្មែរគ្រប់ជំនាន់ គោរពជូនថ្នាក់ដឹកនាំ និងប្រជាជនខ្មែរគ្រប់រូប ដោយក្ដីមោទនភាពដ៏ខ្ពង់ខ្ពស់ក្រៃលែងរបស់នាងខ្ញុំ។
នៅក្នុងនោះដែរ កីឡាការិនី ស្រួង ភាវី បានបន្ថែមទៀតថា សារជូនពររបស់ពុកម៉ែបងប្អូន ពិតជាមានតម្លៃមហាសាល និងមិនអាចកាត់ថ្លៃបាន ប្រជាជនស្រុះស្រួលសាមគ្គីគ្នា នុ៎ះនាវាកម្ពុជាប្រកដជាលឿនលយឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់បំផុត។ កម្លាំងចិត្តពុកម៉ែបងប្អូន ក្ដីស្រលាញ់របស់ពុកម៉ែបងប្អូន ការលេីកទឹកចិត្តពីសំណាក់ពុកម៉ែបងប្អូន គឺពិតជាធ្វើឱ្យសម្រេចបាននូវក្ដីស្រមៃរបស់កម្ពុជា។ សូមពុកម៉ែបងប្អូនទទួលនូវការគោរពស្រលាញ់អំពីនាងខ្ញុំ សូមគោរពជូនពរពុកម៉ែបងប្អូន សូមអរគុណ
គួរបញ្ជាក់ថា កីឡាការិនី ស្រួង ភាវី កីឡារិនីស្នូកឃ័រ និងប៊ីយ៉ា បានសម្រេចបំណងប្រាថ្នានាំមេដាយមាសជូនជាតិពីស៊ីហ្គេម បន្ទាប់ពីឈ្នះកីឡាការិនីវៀតណាម Kien Tuong Phung វគ្គផ្តាច់ព្រ័ត្រកីឡាស្នូកឃ័រ និងប៊ីយ៉ា លើវិញ្ញាសាប៊ីយ៉ាការ៉ុម៣បាំង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ។
គួរជម្រាបថា កីឡាការរិនី ស្រួង ភាវី ដើមកំណើតកម្ពុជា ទទួលបានជ័យជម្នះជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាប៊ីយ៉ាការ៉ុមលំដាប់ពិភពលោកដែលរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង។ ហើយកាលពីឆ្នាំ២០២១ កីឡាការិនី ស្រួង ភាវី ធ្លាប់បានឈ្នះជើងឯកក្នុងការប្រកួតស្នូកឃ័រ ដោយដណ្ដើមបានពានរង្វាន់ Blue One Resort LPBA Championship ផ្នែកនារី នៅសាធារណរដ្ឋកូរ៉េផងដែរ ដែលព្រឹត្តិការណ៍នោះមានកីឡាការិនីចូលរួមសរុប ៦៤ នាក់ ដែលសុទ្ធសឹងជាជើងខ្លាំងលំដាប់ពិភពលោក។