បន្លែបៃតងជាច្រើន សុទ្ធតែមានប្រយោជន៍ដល់សុខភាព ក្នុងនោះក៏មានវត្តមាននៃននោងពស់ផងដែរ។ តើបងប្អូនធ្លាប់ស្គាល់បន្លែននោងពស់ទេ? បន្លែមួយប្រភេទនេះមានរសជាតិស្រដៀងនឹងត្រសក់ ជាប្រភេទបន្លែដែលអាចយកកែច្នៃ ជាម្ហូបអាហារបានច្រើនរបៀបមិនថា ស្ងោ ឆា ស្រុសអន្លង់ ឬញ៉ាំឆៅជាបន្លែផ្ទាប់ផ្សេងបានផងដែរ។ អ្វីដែលសំខាន់បន្លែមួយប្រភេទនេះ ក៏ជាប្រភពនៃសារធាតុចិញ្ចឹមដែលអាចជំនួយសុខភាព និងជួយបង្ការជំងឺបានច្រើនមុខថែមទៀត។
ផ្អែកតាមប្រភព healthbenefitstimes បានលើកឡើងថា ននោងពស់មានសមត្ថភាពជួយកម្ចាត់ជាតិពុលចេញពីរាងកាយបានល្អ។ សារធាតុមាននៅក្នុងននោងពស់ ជួយសម្រួលប្រព័ន្ធរំលាយអាហារ សម្អាតជាតិពុលពីពោះវៀន ជួយសម្រួលដល់ការបន្ទោរបង់។ ក្រៅពីទទួលទានននោងពស់ជាបន្លែ ឬចំអិនម្ហូបផ្សេងៗ គេណែនាំឱ្យទទួលទានទឹកផ្លែននោងពស់១ទៅ២ស្លាបព្រានៅពេលព្រឹក ដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើ។
ជាមួយគ្នានេះ ននោងពស់ជាបន្លែដែលមានកាឡូរីទាប សមស្របសម្រាប់អ្នកចង់សម្រកទម្ងន់ ក៏ដូចជាអ្នកជំងឺទឹកនោមផ្អែមបានផងដែរ។ ននោងពស់ជារបបអាហារដែលល្អបំផុតមួយ សម្រាប់អ្នកដែលមានបញ្ហាលើសជាតិស្ករក្នុងឈាម ជួយសម្រួលទប់ហានិភ័យនៃជំងឺទឹកនោមផ្អែមបានផងដែរ។
បន្ថែមពីលើនោះ ការទទួលទានទឹកននរពស់ក្រឡុកជា២ពែងជាប្រចាំថ្ងៃ នឹងជួយសម្រួលសរសៃឈាម បំបាត់អាការញ័រទ្រូង កាត់ស្ត្រេស និងបំបាត់ការឈឺចាប់លើបេះដូង។ ប៉ូតាស្យូម ដែលមាននៅក្នុងននោងពស់ ជួយកាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាម បន្ថយកូឡេស្តេរ៉ុល និងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមបានផងដែរ៕