អូទីស្សឹម គឺជាការអភិវឌ្ឍន៍មិនធម្មតា ឫមិនប្រក្រតីនៃប្រព័ន្ធប្រាសាទខួរក្បាលដែលប៉ះពាល់ដល់ជំនាញផ្នែកភាសា ទំនាក់ទំនងសង្គម និងវិបត្តិអាកប្បកិរិយា។
តាមរយៈការសម្ភាសន៍ជាមួយកញ្ញា មៀច សុជា លើប្រធានបទពាក់ព័ន្ធទៅនឹងបញ្ហាអូទីស្សឹមដែលកើតលើកុមារ។ ទន្ទឹមនឹងគ្នានេះដែរ កញ្ញា មៀច សុជា មានតួនាទី ធ្វើការទាក់ទង និងការព្យាបាលទៅលើកុមារដែលមានបញ្ហាផ្សេងៗគ្នា នៅគ្លីនិចសុខមាលភាព និងការអភិវឌ្ឍន៍កុមារ (Unique child development clinic) បានលើកជុំរឿងបញ្ហាអូទីស្សឹមថា អូទីស្សឹមមិនមែនជាជំងឺនោះទេ បានន័យថាបុគ្គលដែលមានបញ្ហាអូទីស្សឹមមិនមានលក្ខណះមើលទៅខុសគ្នាពីអ្នកដទៃនោះទេ ប៉ុន្តែពួកគេអាចខ្សោយផ្នែកភាសា អាកប្បកិរិយា ការរៀនសូត្រ និងការយល់ឃើញពិភពដែលនៅជុំវិញខ្លួនរបស់គេ។
ជាមួយគ្នានេះដែរ កញ្ញា មៀច សុជា បានបង្ហើបថា មូលហេតុបណ្តាលឱ្យកូនមានបញ្ហាអូទីស្សឹម ដែលឪពុកម្ដាយត្រូវដឹងទន្ទឹមនឹងគ្នានេះ យោងតាមការសិក្សាស្រាវជ្រាវមួយចំនួន និងការអង្កេតផ្ទាល់របស់កញ្ញផ្ទាល់ដែលធ្វើការជាមួយកុមារដែលមានបញ្ហាអូទីស្សឹមមានលក្ខណះសម្គាល់ ៣ យ៉ាងសំខាន់ៗ គឺបញ្ហាផ្នែកភាសា, ទំនាក់ទំនងសង្គម, អាកប្បកិរិយា លើសពីនេះក៏មានបញ្ហាញាណផ្សេងៗទៀតផងដែរ។
១‑ភាសា៖ កុមារចូលចិត្តស្ងៀមស្ងាត់មិនសូវនិយាយស្តី ឬសកម្មជ្រុល(ក្នុងចំណោមកុមារមានបញ្ហាអូទីស្សឹម ១០០នាក់ មាន ២៥% គឺមិននិយាយស្តី ឬខ្លះទៀតពេលនិយាយមិនមានគោលដៅនិងអត្តន័យច្បាស់លាស់ ប្រយោគដាច់ៗ មិនអាចយល់បានឫកុមារបញ្ចេញសំលេងបានតែត្រាប់តាមការនិយាយរបស់យើង ឬកុមារខ្លះនិយាយដដែលៗ ឫ កុមារខ្លះទៀតមានភាសាផ្ទាល់ខ្លួន)។
២‑ទំនាក់ទំនងសង្គម៖ កុមារចូលចិត្តនៅម្នាក់ឯង មិនចូលរួមក្រុមជាកុមារដទៃ ឬលេងជាមួយពួកគេ មិនមានភាពស្និតស្នាលជាមួយឪពុកម្តាយ មិនចេះសំលឹងទឹកមុខ មិនចេះចង្អុលបង្ហាញ ចង់បានអ្វីមួយទាញដៃអ្នកផ្សេងអោយជួយ(មិនចេះប្រើភាសាកាយវិកាដើម្បីបង្ហាញ)។
៣‑អាកប្បកិរិយា៖ អាកប្បកិរិយាកុមារចូលចិត្តរលាស់ដៃ បង្វិលខ្លួន ដើរចុងជើង(ដើរចង្អើតជើង) ចូលចិត្តធ្វើសកម្មភាពឫលេងអ្វីដដែលៗ បោកក្បាល ខាំខ្លួនឯង មានចរឹកឆេវឆាវ ឆាប់ខឹងឆាប់បាត់។ លើសពីនេះសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលលឿនរហ័ស និងពេលខ្លះកុមារមិនមានប្រតិកម្មទៅនឹងកម្តៅ (មិនដឹងក្តៅ មិនដឹងត្រជាក់) មានបញ្ហាញាណដឹង កុមារមិនដឹងពីរសអាហារ។
ភ្ជាប់ជាមួយនឹងបញ្ហានេះ ស្ថាប័នដែលពាក់ព័ន្ធជាមួយនឹងបញ្ហាអូទីស្សឹម National Autism Association បានបញ្ជាក់ថា មូលហេតុមួយចំនួនដែលឪពុកម្ដាយត្រូវមានការយកចិត្តទុកដាក់ក្នុងការតាមដានកូនៗរបស់ខ្លួនជាប្រចាំ ដើម្បីចៀសវាងការមានបញ្ហាដោយមិនដឹងខ្លួន។ តួយ៉ាងមូលហេតុដែលបង្កឱ្យមានបញ្ហាអូទីស្សឹមទាំងនោះរួមមាន៖ ការចុះខ្សោយនៃការយល់ដឹង, មិនមានការទំនាក់ទំនងជាមួយនរណា, អាកប្បកិរិយាដដែលៗ, មិនឆ្លើយតបនឹងឈ្មោះរបស់ពួកគេ, ចូលចិត្តនៅម្នាក់ឯង, មិននិយាយ ឬក៏និយាយយឺត, ផ្តល់ចម្លើយដែលមិនទាក់ទងទៅនឹងសំណួរ, និងមានប្រតិកម្មមិនធម្មតា។
ដូច្នេះឪពុកម្ដាយត្រូវតែយកចិត្តទុកដាក់សង្កេតឱ្យបានល្អិតល្អន់ ចៀសវាងកូនមានបញ្ហាអូទីស្សឹមមិនដឹងខ្លួន ប៉ុន្តែឪពុកម្ដាយត្រូវចាំថាគ្រប់ក្មេងទាំងអស់ដែលមានសកម្មភាពទាំងនេះមិនមែនមានន័យថាមានបញ្ហាអូទីស្សឹមទាំងអស់នោះទេ ដើម្បីអ្នកទាំងអស់គ្នាដឹងច្បាស់ អ្នកត្រូវតែអ្នកជំនាញផ្នែកកុមារ ដើម្បីតាមដានអំពីអាការៈនោះកាន់តែច្បាស់។
អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍