មានការសិក្សាមួយគេបានរកឃើញថាមេជីវិតឈ្មោលមានការថយចុះច្រើនជាង៥០% ឯណោះក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ តាមការឱ្យដឹងពីប្រភពHealtshots។ បញ្ហាពិបាកមានកូនមានច្រើន មិនមែនមកតែពីបុរសនោះទេ វាកើតកើតឡើងដោយសារសុខភាពមេជីវិតរបស់ដៃគូទាំងសងខាងផងដែរ។ ការស្ត្រេស កត្តាចំណីអាហារក៏ជាផ្នែកមួយដែលធ្វើឱ្យគុណភាពមេជីវិតខ្សោយចុះ មិនអាចមេជីវិតឈ្មោលទៅជួបនិងស៊ុតបង្កកំណើតញីបាន។
របបអាហារមួយចំនួន វាមានសមត្ថភាពជម្រុងសុខភាពមេជីវិត បង្កើនឱកាសនៃការមានគភ៌យ៉ាងអស្ចារ្យ។ របបអាហារដែលមានជីវជាតិ និងតុល្យភាពល្អ អាចជួយទ្រទ្រង់សុខភាពទូទៅ រួមទាំងសុខភាពបន្តពូជទាំងបុរស និងស្ត្រីបាន។ វាជាការសំខាន់ក្នុងការជ្រើសរើសរបបធអាហារប្រចាំថ្ងៃ ដែលមានប្រយោជន៍ដល់សុខភាពអ្នក ខាងក្រោមនេះជាក្រុមអាហារដែលល្អបំផុតសម្រាប់គុណភាពមេជីវិត គូស្វាមីដែលកំពុងព្យាយាមយកកូន មិនគូររំលងនោះទេ។
១ គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្ន(មិនលីងបន្ថែមអំបិល) សម្បូរទៅដោយវីតាមីនE ជាសារធាតុចិញ្ចឹមសំខាន់ដែលបង្ហាញពីការបង្កើន ចំនួនមេជីវិតឈ្មោល និងចលនារបស់មេជីវិតឈ្មោលចំពោះ មនុស្សមួយចំនួន។ លើសពីនេះ គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយសារធាតុ folate និង selenium ដែលមានសារៈសំខាន់សម្រាប់ការមានកូនទាំងបុរសនិងស្ត្រី។ វាក៏ជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា៦ និងមានអាស៊ីតខ្លាញ់អូមេហ្គា3តិចតួច ដែលមានសារៈសំខាន់ជាពិសេសសម្រាប់សុខភាពផងដែរ ផ្អែកតាម verywellfamily។
២ ផ្លែក្រូច៖ ក្រុមផ្លែក្រូច គឺជាប្រភពដ៏ល្អបំផុតសម្រាប់វីតាមីន C។ ក្រូចមានផ្ទុកសារធាតុ polyamine putrescine ដែលការស្រាវជ្រាវសត្វមួយចំនួនបានផ្សារភ្ជាប់ជាមួយនឹងសក្តានុពលក្នុងការកែលម្អសុខភាពស៊ុតនិងទឹកកាមផងដែរ។ លោកអ្នកអាចទទួលទានផ្លែក្រូចស្រស់ក៏បាន ឬច្របាច់ទឹកផឹកក៏បាន។ ចំណាំថា ផ្លែក្រូចវាអាចប្រឆាំងជាមួយនឹងថ្នាំមួយចំនួន ប្រសិនបើអ្នកកំពុងតែលេបថ្នាំជាប្រចាំសូមសួរវេជ្ជបណ្ឌិតរបស់អ្នកជាមុន។
៣ ថ្លើម៖ ថ្លើមសត្វ ជាពិសេសថ្លើមគោ គឺជាអាហារសម្បូរសារធាតុចិញ្ចឹមបំផុត។ វាផ្ទុកទៅដោយវីតាមីនរលាយជាតិខ្លាញ់ រួមទាំងវីតាមី A ដែលពិបាកទទួលបាននៅកន្លែងផ្សេងក្នុងរបបអាហារ។ ថ្លើមក៏ផ្ទុកទៅដោយជាតិដែកដែលអាចស្រូបយកបានខ្ពស់ ដែលជួយការពារការរលូតកូន និងភាពស្លេកស្លាំងរបស់ម្តាយ និងវីតាមីន B12 ដែលត្រូវការសម្រាប់ការបង្កើតកោសិកាឈាមក្រហម និងDNAត្រឹមត្រូវ។
៤ សណ្តែក៖ គឺជាប្រភពដ៏ប្រសើរនៃជាតិសរសៃនិងហ្វូឡាត ដែលសារធាតុទាំងពីរនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាតុល្យភាពអ័រម៉ូនដែលមានសុខភាពល្អ។ គ្រាប់សណ្តែកក៏មានផ្ទុកសារធាតុ polyamine spermidine ខ្ពស់ ដែលអាចជួយជម្រុញមេជីវិតឈ្មោលបង្កកំណើតដល់ស៊ុត។ សណ្តែកក៏មានប្រូតេអ៊ីនខ្ពស់ ដែលអាចជួយលើកកម្ពស់ការបញ្ចេញពងអូវុលដែលមានសុខភាពល្អ។ ការសិក្សាបង្ហាញថានៅពេលដែល 5%នៃកាឡូរីដែលបរិភោគបានមកពីប្រូតេអ៊ីនបន្លែ ច្រើនជាងប្រូតេអ៊ីនសត្វ ជាពិសេសសាច់មាន់ និងសាច់ក្រហម ហានិភ័យនៃភាពគ្មានកូនដោយសារតែanovulation ត្រូវបានធ្លាក់ចុះរហូតដល់ជាង50%។
៥ ស៊ុតលឿង៖ ស៊ុតមានជាតិដែក កាល់ស្យូម ស័ង្កសី វីតាមីន B6 អាស៊ីតហ្វូលិក និងវីតាមីន B12។ ស៊ុតលឿងពីមាន់ដែលចិញ្ចឹមក៏សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា3 ដែលជួយបង្កើនការមានកូន EPA និង DHA និងវីតាមីនរលាយជាតិខ្លាញ់ A, D, E និងវីតាមីនK2 ផងដែរ។ មានការសិក្សាមួយចំនួន និយាយថា ស៊ុតក៏មានផ្ទុកសារធាតុcholine ដែលអាចកាត់បន្ថយហានិភ័យនៃពិការភាពពីកំណើតមួយចំនួន។
ក្នុងការបង្កកំណើតត្រូវការគុណភាពមេជីវិតដែលល្អ ពីដៃគូទាំងសងខាង ហេតុនេះទាំងបុរសស្ត្រី គួរតែមើលថែសុខភាពនិងទទួលទានអាហារដែលល្អៗទាំងអស់គ្នា។ សម្រាប់គូស្នេហ៍ថាមានគម្រោងចង់បានកូន គួរឈប់ទទួលទានគ្រឿងស្រវឹងមុនពេលបង្កកំណើត៦ខែទៅ១ឆ្នាំ។ប្រសិនបើលោកអ្នកព្យាយាមហើយ នៅតែមិនទាន់មានកូនទៀត សូមស្វែងរកការប្រឹក្សាពីគ្រូពេទ្យឯកទេសខាងបង្កកំណើត៕
អត្ថបទដោយ៖ Senghong