បញ្ហានាពេលបច្ចុប្បន្នរបស់ឳពុកម្ដាយ គឺកូនមិនចង់ញ៉ាំអាហារ។ រាល់ពេលញ៉ាំអាហារម្ដងៗ ត្រូវបង្ខំ យំផង លេងផងទម្រាំនឹងបានញ៉ាំអាហារ។ ក្មេងមួយចំនួនទៀតពួកគាត់មិនចូលចិត្តញ៉ាំបន្លែ ផ្លែឈើ ចូលចិត្តញ៉ាំសាច់ឬនំកញ្ចប់ច្រើនជាងទៅវិញ។ បញ្ហាទាំងអស់នេះ អាចមកពីម្ដាយដែលធ្វើឡើងដោយអចេតនាធ្វើឱ្យកូនខ្លាច ឬមានទម្លាប់រើសអាហារ។ កែទម្លាប់ខាងក្រោមនេះចេញ បើចង់ឱ្យកូនសុខភាពល្អ មិនរើសចំណី ៖
មិនសម្អាតសុដន់ឱ្យស្អាតមុនបំបៅដោះ៖ ពេលកូននៅបៅដោះអ្នកម្ដាយគួរតែសម្អាតនិងប្រុងប្រយ័ត្នបំផុតមុននឹងឱ្យកូនបៅដោះ ចៀសវាងបាក់តេរីតោងជាប់ធ្វើឱ្យកូនរាក ហើមពោះ លែងចង់បៅ។ ផ្អែកតាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េង លី លើកឡើងថា ម្ដាយជាគួរតែបំបៅដោះកូនឱ្យទៀងពេលវេលា កុំចាំតែកូនយំទើបឱ្យបៅ។ ម្យ៉ាងវិញទៀតគួរប្រើទឹកក្ដៅ និងក្រណាត់ស្អាត ជ្រលក់ហើយជូតសុដន់ ដើម្បីឱ្យមេរោគងាប់ជាមុនសិន មុននឹងឱ្យកូនបៅ។ សម្រាប់កំប៉ុងទឹកដោះគោ គួរដោះចេញឱ្យអស់ហើយអាចស្រុះទឹកក្ដៅហាលឱ្យស្ងួត ឬលាងសម្អាតឱ្យបានស្អាតដើម្បីសម្លាប់មេរោគ។
ទម្លាប់ឱ្យកូនញ៉ាំតែរសជាតិដដែលៗ៖ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលី បានលើកឡើងថា ការទម្លាប់ធ្វើបបរដាក់គ្រឿងដដែលៗ គឺធ្វើឱ្យខូចរសជាតិអណ្ដាតរបស់កូន។ ហេតុនេះធ្វើឱ្យក្មេងៗធំឡើងមិនចង់ញ៉ាំបន្លែ ផ្លែឈើ គួរតែឱ្យកូនញ៉ាំអាហារ បែបស្ងោរបន្លែឱ្យកូនញ៉ាំឱ្យបានគ្រប់មុខ កុំទម្លាប់បបរដាក់តែសាច់និងបន្លែដដែលៗរាល់ថ្ងៃ។ ឧទាហរណ៍ថា ថ្ងៃនេះស្ងោរការ៉ុត ស្អែកឡើងគួរស្ងោរបន្លែផ្សេងៗទៀត ផ្លាស់ប្តូររាល់ថ្ងៃ ព្រមទាំងកិនផ្លែឈើឱ្យបានគ្រប់មុខឱ្យកូនបានភ្លក់និងប្តូររសជាតិ។ ទម្លាប់ធ្វើបែបនេះកូននឹងចាប់រសជាតិបាន ពេលធំឡើងពួកគេនឹងមិនរើសអាហារនោះទេ។
ទម្លាប់បញ្ចុកកូន៖ ក្មេងនៅពេលដែលចាប់ផ្ដើមធំបន្តិចម្ដងៗ ដល់វ័យលូតលាស់ នឹងចាប់ផ្ដើមចង់ចាប់កាន់ញ៉ាំដោយខ្លួនឯង ហេតុនេះឪពុកម្ដាយគួរបណ្ដោយឱ្យកូនញ៉ាំខ្លួនឯង។ គួរមានតុអាហារមួយសម្រាប់ពួកគេ គ្រាន់តែលាងដៃឱ្យស្អាត ហើយឱ្យពួកគេចាប់កាន់ ដោយខ្លួនឯង លែងខ្លះ ច្របាច់ខ្លះ តែនឹងធ្វើឱ្យពួកគេរីករាយក្នុងការញ៉ាំ ចង់ញ៉ាំអាហារព្រោះវាធ្វើឱ្យមានអារម្មណ៍ថាសប្បាយ។ ក្មេងនៅពេលអ្នករឹតតែបង្ខំបញ្ចុក រឹតតែមិនចង់ញ៉ាំ ហេតុនេះបណ្ដោយឱ្យពួកគេមានទម្លាប់ញ៉ាំខ្លួនឯងប្រសើរជាង។ ម្យ៉ាងវិញទៀត អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី លើកទឹកចិត្តឱ្យឳពុកម្ដាយ គួរទម្លាប់កូនឱ្យទទួលទានអាហាររួមតុជាមួយគ្នាពីតូច គ្រាន់តែដួសម្ហូបដាក់ចានឱ្យពួកគេ ហើយឱ្យញ៉ាំអាហារព្រមគ្នា ធ្វើដូចជាក៏អាចបង្កើនអារម្មណ៍ឱ្យកូនចង់ញ៉ាំអាហារឡើងវិញផងដែរ និងមិនធ្វើឱ្យបាក់ស្បាតពេលធំឡើង៕
អត្ថបទដោយ៖ Senghong