យោងតាមការសម្ភាសជាមួយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា អូមីក្រុងមានលក្ខណៈឆ្លងដូច ភ្លើងចំបើង ប៉ុន្តែវាមានកម្រិតស្រាលមិនធ្ងន់ធ្ងរ និងឆាប់បាត់ទៅវិញចំពោះអ្នកមានកាយសម្បទារឹងមាំ និងអ្នកដែលបានចាក់វ៉ាក់ស៊ាំងរួចរាល់។ អ្នកខ្លះអាចនឹងមានអាការៈដូចផ្ដាសាយធម្មតា ខ្លះអាចដូចផ្ដាសាយធំ ឈឺរួមរឹតក្នុងខ្លួន ក្ដៅខ្លួន ក្អក ស្លេសតិចតួច ហើយវាបង្ហាញអាការទាំងនេះកើតឡើងតែក្នុង ១សប្តាហ៍ឬ ២ សប្តាហ៍ដំបូងប៉ុណ្ណោះ រួចហើយវានឹងជាសះស្បើយឡើងវិញបន្ទាប់ពីលេបថ្នាំ និងបានទទួលការព្យាបាល។
លោកបានបន្តទៀតថា អូមីក្រុង មានទម្ងន់នៃការឈឺស្រាល និងរយៈពេលនៃការឈឺខ្លី ហើយវីរុសនេះមិនបានធ្វើឱ្យអ្នកជំងឺ បាត់ក្លិន បាត់រសជាតិ ឬមានធ្វើឱ្យសុខភាពទ្រុឌទ្រោមធ្ងន់ធ្ងរខ្លាំងដូចជា វីរុសដែលតា នោះទេ គ្រាន់តែវីរុសនេះមានការចម្លងលឿន។ ហេតុនេះសម្រាប់អ្នកដែលកើតក្នុងកម្រិតស្រាលអាចព្យាបាលដោយខ្លួនឯងនៅផ្ទះបាន។ ទាំងនេះអាចជាមូលហេតុមួយដែលរដ្ឋាភិបាលសម្រេចមិនធ្វើការបិទខ្ទប់ប្រទេសឡើងវិញម្ដងទៀត ព្រោះបើមានការបិទប្រទេសវាគ្មានអ្វីចំណេញ អាចនឹងធ្វើឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ ប៉ះពាល់ដល់ផ្លូវចិត្ត ធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយ ។
លោកបានបញ្ជាក់ផងដែលថា ទោះបីជាអូមីក្រុងមិនធ្ងន់ធ្ងរ តែសូមបងប្អូនបន្តការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣កុំនិង៣ការពារ និងធ្វើការចាក់វ៉ាក់ស៊ាំងឱ្យបានគ្រប់គ្នា ពិសេសដូសជំរុញ ព្រោះយើងមិនដឹងថាវីរុសនេះអាចបំប្លែងខ្លួនទៅជាវីរុសថ្មីអ្វីទៀត។ មួយវិញទៀតយើងឃើញហើយថា កន្លងមកមានអ្នកស្លាប់ដោយសារអូមីក្រុងសុទ្ធតែជាអ្នកមិនបានចាក់វ៉ាក់ស៊ាំង។ ហេតុនេះសូមបងប្អូននាំគ្នាទៅចាក់វ៉ាក់ស៊ាំងឱ្យបានគ្រប់គ្នា ពីព្រោះមានតែអ្នកដែលមិនបានចាក់វ៉ាក់ស៊ាំងប៉ុណ្ណោះដែលឆ្លងហើយមានសភាពធ្ងន់ធ្ងរ និងហានិភ័យនៃការស្លាប់ខ្ពស់៕
អត្តបទដោយ៖ Senghong

