សួត គឺជាសរីរាង្គសំខាន់បំផុតនៅក្នុងទ្រូង ដែលដើរតួនាទីនៅក្នុងការដកដង្ហើម ហើយវាមានទីតាំងជ្រៅនៅក្នុងសន្ទះទ្រូង។ តើគេធ្វើការឆ្លុះទង សួតដើម្បីអ្វី?
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ពៅ ឈាងហេង ឯកទេស ផ្លូវដង្ហើម និងសួត បានមានប្រសាសន៍ថា រាល់បញ្ហាទាំងអស់ គឺពេទ្យត្រូវការធ្វើរោគវិនិច្ឆ័យ ដែលមានជំនួយពីផ្នែកវិជ្ជសាស្រ្តដូចជា ការថត X-Ray និងការថតស្កេនជាដើម។ លើសពីនេះទៅទៀត ជាពិសេសគ្រូពេទ្យឯកទេសផ្នែកសួតដែលធ្វើការរោគវិនិច្ឆ័យ គឺត្រូវការឧបករណ៍ម្យ៉ាងទៀតដែលហៅថា ការឆ្លុះទងសួត។
លោកវេជ្ជបណ្ឌិត ពៅ ឈាងហេង បានមានប្រសាសន៍បន្ថែមថា ជាទូទៅគ្រូពេទ្យតែងតែស្នើសុំក្នុងការធ្វើការឆ្លុះទងសួតនៅក្នុងករណីដូចជា ក្អករុំារ៉ៃដែលរកមូលហេតុមិនឃើញ និងមានជំងឺដុំឈាម ដែលត្រូវធ្វើការបេះយកសាច់ ដើម្បីយកទៅពិសោធន៍ថា តើវាជាសាច់ស្លូត ឬសាច់កាច? ឬ អ្នកជំងឺដែលមានបញ្ហាទឹកចូលស្រោមសួតដែលរកមូលហេតុមិនឃើញ។
នៅក្នុងនោះដែរ លោកវេជ្ជបណ្ឌិត ពៅ ឈាងហេង បានបន្ថែមថា សម្រាប់ ការឆ្លុះទងសួតនេះ គឺគ្រូពេទ្យត្រូវធ្វើការសុងបញ្ចូលនូវឧបករណ៍ឆ្លុះតាមរន្ធច្រមុះ ឬតាមមាត់ ចូលទៅក្នុងទងសួតរបស់អ្នកជំងឺ ដើម្បីមើលពីស្ថានភាពផ្ទៃខាងក្នុងសួតរបស់អ្នកជំងឺ។ ជាមួយគ្នានេះដែរ គ្រូពេទ្យអាចធ្វើការបើតយកទឹកដែលនៅខាងក្នុងសួត ដើម្បីយកទៅពិសោធន៍មើលថា តើនៅក្នុងទង់សួតមានមេរោគអ្វីដែរឬទេ? ជាពិសេសគឺ មេរោគរបេង ហើយលើសពីនេះទៅទៀត គ្រូពេទ្យក៏អាចធ្វើការច្រឹបយកសាច់ផ្នែកណាមួយរបស់ទងសួត ដើម្បីយកទៅពិសោធន៍មើលថា តើមានជំងឺមហារីកដែរឬទេ?
![]()
លោកវេជ្ជបណ្ឌិត ពៅ ឈាងហេង បានបញ្ជាក់ថា ដើម្បីធ្វើការឆ្លុះទងសួតទៅបាន អ្នកជំងឺត្រូវធ្វើការអត់អាហារយ៉ាងតិច ៤ម៉ោងមុនពេលចាប់ផ្ដើមធ្វើការឆ្លុះទងសួត និងត្រូវមានលទ្ធផលឈាមបង្ហាញថា អ្នកជំងឺគ្មានវិបត្តិកំណកឈាមឡើយ លើសពីទៅទៀតអ្នកជំងឺគ្មានប្រវត្តិបញ្ហាជាមួយនឹងថ្នាំស្ពឹក ពីព្រោះគ្រូពេទ្យត្រូវធ្វើការបាញ់ថ្នាំស្ពឹកចូលទៅក្នុងមាត់ ដើម្បីឱ្យស្ពឹកងាយស្រួលក្នុងការឆ្លុះទងសួត។
ជាចុងក្រោយ លោក វេជ្ជបណ្ឌិត ពៅ ឈាងហេង បានបន្ថែមថា ការឆ្លុះទងសួត ពិតជាមានសារៈសំខាន់មែនទែននៅក្នុងការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាការព្យាបាលជាបន្ទាន់សំរាប់ជំងឺផ្លូវដង្ហើម ជាពិសេស គឺផ្នែកសួតតែម្តង ដូច្នេះសូមបងប្អូនកុំមានការភ័យខ្លាចក្នុងការឆ្លុះទង់សួតនេះអី។ ពីព្រោះថាការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលានឹងទទួលបានការព្យាបាលមានជោគជ័យកម្រិតខ្ពស់ និងគ្មានផលលំបាកនោះទេ។
អត្ថបទដោយ៖ ម៉ាង វិសិដ្ឋារតន៍

