មនុស្សមានក្តីសុខព្រោះតែមានមិត្តល្អៗ និងក្តីស្រឡាញ់។ មនុស្សមានសុខព្រោះតែមានទ្រព្យច្រើន។ ប៉ុន្តែបើមនុស្សយើងមានបញ្ហាសុខភាពរាងកាយ មួយថ្ងៃៗ ដេកតែឈឺចាប់នឹងជំងឺ តើអ្នកមានក្តីសុខឬទេ? ព្រះពុទ្ធបានពោលថា ទុក្ខមួយផ្នែកនៃជីវិតមនុស្ស គឺទុក្ខព្រោះជំងឺ។ ការថែសុខភាពជារឿងទី១។ តាមព្រះភិក្ខុ វជិរប្បញ្ញោ បណ្ឌិត គូ សុភាព សង្ឃដីកាថា ទម្លាប់ ៣នេះ នាំជីវិតអ្នកបានសុខ។
ជីវិតរបស់យើង មិនអាចខ្វះបាននោះគឺ ការថែរាងកាយឱ្យរឹងមាំ។ តាមព្រះអង្គបណ្ឌិត គូ សុភាព មានសង្ឃដីកាថា ចូរអ្នកព្យាយាមធ្វើលំហាត់ប្រាណ ដើម្បីជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាល ការគាំងបេះដូង កាត់បន្ថយអារម្មណ៍ស្ត្រេស ព្រោះវាជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងបង្កើនខួរក្បាលឱ្យចងចាំបានល្អ។ បើមិនធ្វើអ្វីធំដុំ ក៏ត្រូវដើរយ៉ាងហោចណាស់ ៣០នាទីក្នុង១ថ្ងៃ ដើម្បីបញ្ចេញញើស បញ្ចេញជាតិពុលពីក្នុងខ្លួនដែរ ធ្វើរបៀបនេះ សូម្បីសុខភាពកាយក៏ប្រសើរ សុខភាពចិត្តក៏ល្អដែរ។
ការហាត់ប្រាណកម្រមានអ្នកឈឺណាស់ ឈឺតែអ្នកមិនសូវហាត់ប្រាណទេ។ ត្រឹមតែប៉ុណ្ណឹងក៏មិនទាន់គ្រប់គ្រាន់ដែរ។ របបអាហារជាប្រភពរបស់មនុស្សគ្រប់គ្នា មិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ តាមព្រះអង្គបណ្ឌិត គូ សុភាព មានសង្ឃដីកាថា អ្នកកុំញ៉ាំច្រើនពេក មានទម្លាប់ទំពារអាហារឱ្យហ្មត់បានល្អ ញ៉ាំអាហារទៀងពេល ញ៉ាំអាហារណាមានសុខភាព ញ៉ាំបន្លែបែបធម្មជាតិ ញ៉ាំហើយកុំអង្គុយឬគេងភ្លាម វាមិនល្អចំពោះប្រព័ន្ធរំលាយនៃក្រពះទេ អ្នកគួរតែដើរខ្លះ ដើម្បីឱ្យអាហាររលាយល្អ។ កុំញ៉ាំពេលល្ងាចច្រើនពេក ព្រោះវាមិនសូវជាចាំបាច់ និងធ្វើឱ្យអ្នកឡើងគីឡូលឿន។ ហើយពេលអ្នកពិបាកចិត្ត សូមកុំពិសាគ្រឿងស្រវឹង ព្រោះវាធ្វើឱ្យពុលថ្លើម នាំឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ចុងក្រោយ ទុក្ខកាន់តែកើនឡើងថែម។
នៅសល់ទម្លាប់ចុងក្រោយមួយទៀត ដែលព្រះអង្គបានផ្តាំសង្ឃដីកាថា ទោះបីអ្នករវល់ការងារប៉ុនណាក៏ដោយ ពិបាកចិត្តប៉ុនណាក៏ដោយ រឿងមួយអ្នកមិនមើលរំលង គឺការគេងនេះឯង។ ព្រោះវាមានផលប៉ះពាល់ខ្លាំងដល់សុខភាពកាយចិត្តអ្នក។ ហើយដើម្បីគេងលក់នោះ អ្នកត្រូវរក្សាចិត្តឱ្យស្ងប់ ផ្អាកគិតមួយរយៈសិន ចាំស្អែក ចាំគិតតទៀត។ ពេលអ្នកផ្សាយមេត្តាឱ្យខ្លួនឯង (សូមឱ្យខ្ញុំបានសុខ រួចផុតពីទុក្ខ) ចិត្តត្រជាក់ក៏គេងលក់ក៏ស្រួលដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព