ធ្លាប់តែលឺតៗគ្នាថា អំឡុងពេលពពោះស្ត្រីមិនគួរប្រើប្រាស់ផលិតផលគ្រឿងថែរក្សាស្បែក ឬ ពពួកលេលាបខ្លួននោះទេ ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កូន ឬអ្នកខ្លះទៀតបានលើកឡើងថា អាចនឹងធ្វើឱ្យស្បែកឆាប់មានបញ្ហាថែមទៀតផង។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ជាទូទៅអំឡុងពេលស្ត្រីពពោះ គេមិនឱ្យលាបឡេ ឬគ្រឿងថែរក្សាស្បែកនោះទេ ពីព្រោះគេខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ទៀតសោត សារធាតុដែលគេព្រួយបារម្ភបំផុតនោះគឺ ពពួក រ៉េទីណុល(Retinol ដែលមានផ្ទុកវីតាមីនA),ពពួកថ្នាំអាស្ពីរីន( Aspirin) ពពួកសារធាតុទាំងអស់នេះ គឺធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ទារកក្នុងផ្ទៃ ពោលគឺធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កូន ធ្វើឱ្យក្មេងមិនមានសុខភាពរឹងមាំ ទន់ខ្សោយ ឬម្យ៉ាងទៀតពេលពួកគេកើតមកអាចប្រឈមនឹងជំងឺផ្សេងៗជាដើម។
លោកវេជ្ជបណ្ឌិតបានបន្តថា អំឡុងពេលពពោះស្ត្រីភាគច្រើនប្រាកដជាឡើងមុន ស្នាមខ្មៅៗលើស្បែករបស់ពួកគាត់ ទាំងនេះដោយសារតែអរម៉ូនក្នុងខ្លួនរបស់ស្រ្តី គឺមានការប្រែប្រួល។ ដោយសារតែបញ្ហាទាំងអស់នេះ ទើបធ្វើឱ្យស្ត្រីបានព្យាយាមលាបផលិតផលដើម្បីថែរក្សាស្បែកក៏ដូចជាសម្រស់របស់ខ្លួនកុំឱ្យដុនដាបកាន់តែអាក្រក់។
ក៏ប៉ុន្តែ លោកវេជ្ជបណ្ឌិតគួច ម៉េងលី បានបញ្ជាក់ថាប្រសិនបើ អ្នកមានផ្ទៃពោះចង់លាបឡេ ឬគ្រឿងថែរក្សាសម្រស់ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យឱ្យបានច្បាស់ ពីសារធាតុដែលពួកគាត់ប្រើ ចៀសវាងផលិតផលទាំងអស់នោះផ្ទុកសារធាតុដូចបានរៀបរាប់ខាងលើ និងដើម្បីកុំឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
ទន្ទឹមនឹងនេះ កញ្ញាវេជ្ជបណ្ឌិត ឯក ផាណារី ដែលជាគ្រូពេទ្យជំនាញខាងរោគសើស្បែក និងសម្ភស្សពី គ្លីនិក អុីខេ (EK Skin & Laser Clinic) បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលមានផ្ទៃស្រ្តីមិនគួរប្រើផលិតផលផ្ដេសផ្ដាសនោះទេ ព្រោះសារធាតុនៅក្នុងផលិតផលខ្លះអាចធ្វើឱ្យទារកក្នុងផ្ទៃមានសុខភាពមិនល្អ ប៉ះពាល់ការលូតលាស់របស់ក្មេង និងធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់ក្មេងចុះខ្សោយ ប្រឈមមុខនឹងជំងឺផ្សេងៗ។ ក៏ប៉ុន្តែ មានពពួកផលិតផលមួយចំនួនដែលស្ត្រីមានផ្ទៃពោះអាចប្រើបាន ជាប្រភេទថ្នាំលាបក្នុងការថែរក្សាស្បែក គឺដូចជាឡេការពារកម្ដៅថ្ងៃ ប្រភេទ Physical Sunscreen ដែលមានធាតុផ្សំដូចជា Zinc Oxide និង Titanium Dioxide រីឯឡេផ្ដល់សំណើមស្បែក ដែលមានរូបមន្ត Hyaluronic Acid ( HA) , ពពួកវីតាមីនចិញ្ចឹមស្បែក វីតាមីនC, វីតាមីនE , វីតាមីន B3 ជាដើម។
ដូចនេះ ប្រសិនបើបងប្អូនស្ត្រីទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ឡេលាបខ្លួន ឬ ផលិតផលផ្សេងៗទៀត បើចៀសវាងបានក៏គួរចៀសវាងសិនទៅ ក៏ប៉ុន្តែបើចៀសវាងមិនបាន អាចទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសស្បែក រឺអ្នកជំនាញស្បែកមុនប្រើប្រាស់។
អត្ថបទដោយ៖ តឹក ស៊ីថា