ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា មនុស្សជាច្រើននិយមញុំាអយស្ទ័រឆៅជាខ្លាំង ហើយពីមាត់មួយទៅមាត់មួយប្រាប់តៗគ្នាថា ញុំាអយស្ទ័រឆៅប៉ូវកម្លាំងខ្លាំងណាស់។ មួយវិញទៀតយើងក៏ឃើញការផ្សាយតាមរយៈវីដេអូមួយចំនួនបង្ហាញពីការញុំាអយស្ទ័រឆៅដាក់ទឹកត្រីកោះកុង មើលទៅទំនងគួរឱ្យចង់ញុំាជាខ្លាំង។ ជាហេតុធ្វើឱ្យគ្រប់គ្នាញុំាអយស្ទ័រឆៅឆ្ងាញ់មាត់ ប៉ុន្តែមិនដឹងថា ប្រភពអយស្ទ័រមកពីទីណាពិតប្រាកដនោះទេ។
បើយោងតាមប្រភព CDCរបស់អាមេរិក បានរៀបរាប់ប្រាប់ថា ការញុំាអយស្ទ័រឆៅ ឬញុំាសាច់ខ្យល់ឆៅផ្សេងៗទៀតនឹងធ្វើឱ្យអ្នកប្រឈមមុខកើតជំងឺជាច្រើនមុខ ព្រោះមានបាក់តេរីរស់នៅក្នុងអយស្ទ័រ ដែលអ្នកពុំអាចមើលឃើញនឹងភ្នែកបានឡើយ។
នៅក្នុងនោះដែរ ប្រភពដដែលបានបន្តបន្ថែមថា ជំងឺVibriosis គឺជាជំងឺដែលបង្កឡើងដោយបាក់តេរីVibrio ហើយបាក់តេរីVibrioរស់នៅតាមធម្មជាតិក្នុងទឹកសមុទ្រ ដែលជាទូទៅវារស់នៅក្នុងអយស្ទ័រ ឬខ្យងជាដើម។ ដូច្នេះការញុំាអយស្ទ័រឆៅអាចនាំឱ្យអ្នកកើតជំងឺVibriosis។
ជាក់ស្ដែង CDCរបស់អាមេរិក បានប៉ាន់ប្រមាណថា ប្រជាជនអាមេរិកប្រហែល៨ម៉ឺននាក់កើតជំងឺVibriosis ហើយប្រជាជនអាមេរិកចំនួន១០០នាក់បានស្លាប់ដោយសារបាក់តេរីVibrioជារៀងរាល់ឆ្នាំ។
មិនតែប៉ុណ្ណោះទេ CDC បានបន្ថែមទៀតថា ការឆ្លងមេរោគVibrioតាមរយៈការញុំាអយស្ទ័រភាគច្រើនបណ្ដាលឱ្យអ្នកមានរោគសញ្ញា រាគ និងក្អួត។ អ្នកដែលឆ្លងមេរោគVibrio អាចវិវត្តទៅក្នុងដំណាក់កាលឈឺខ្លាំង។ នៅក្នុងចំណោមមនុស្សឆ្លងមេរោគVibrioចំនួន៥នាក់អាចមានម្នាក់ស្លាប់ ដោយសារតែមេរោគVibrioអាចនាំឱ្យមានការឆ្លងមេរោគចូលទៅក្នុងចរន្តឈាម និងឡើងពងបែកលើស្បែកធ្ងន់ធ្ងរ។
នៅក្នុងនោះដែរ CDC បានបញ្ជាក់ទៀតថា ក្រុមមនុស្សដែលងាយឆ្លងមេរោគVibrioពីការញុំាអយស្ទ័រលឿនជាងគេគឺ អ្នកមានជំងឺថ្លើម ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺមេរោគអេដស៍ និងក្រុមមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងលើ។
ដូច្នេះដើម្បីបង្កើនសុវត្ថិភាពអ្នកពីការឆ្លងមេរោគVibrioពីការញុំាអយស្ទ័រ អ្នកត្រូវអនុវត្តដូចខាងក្រោមនេះ៖
-កុំបរិភោគអយស្ទ័រឆៅ ត្រូវបញ្ជាក់ថា អយស្ទ័រដែលអ្នកនឹងបរិភោគពិតជាចម្អិនបានល្អ ហើយត្រូវចាំថា ទឹកក្រូចឆ្មាមិនអាចសម្លាប់មេរោគក្នុងអយស្ទ័របានឡើយ។
-ត្រូវលាងដៃនឹងសាប៊ូជានិច្ច ក្រោយពេលចម្អិនអយស្ទ័រ និងបរិភោគអយស្ទ័រ។