នៅពេលអ្នកគិតពីជំនាញភាពជាអ្នកដឹកនាំ (Leadership skill) អ្នកប្រហែលជាគិតដល់ភាពជឿជាក់ ជំនាញបច្ចេកទេសនិងចំណេះដឹងជាក់លាក់ណាមួយ ឬបទពិសោធន៍។ តែអ្នកប្រហែលជាមិនបានគិតដល់ជំនាញមួយដ៏សំខាន់ដែលអ្នកដឹកនាំគ្រប់គ្នាតែងមានជារួម នោះគឺ ជំនាញ“បញ្ញាអារម្មណ៍” ឫ “ភាពវៃឆ្លាតផ្នែកអារម្មណ៍ (EQ)”។
ស្រមៃគិតអំពីវប្បធម៌របស់ក្រុមហ៊ុនមួយដែលពោពេញទៅដោយចំណាប់អារម្មណ៍ ការយកចិត្តទុកដាក់ ការយល់ចិត្ត ការបើកចំហនិងស្មោះត្រង់រវាងថ្នាក់ដឹកនាំនិងបុគ្គលិក។ ក្នុងអត្ថបទមួយរបស់ Chuckgarcia ដែលមានចំណងជើង Emotional Intelligence case study: Elon Musk of Telsa Inc. បានសរសេរពីក្រុមហ៊ុន Telsa របស់ Elon Musk នៅក្នុង Case study ស្តីពីករណីនិយោជិកផលិតកម្មរងរបួសនៅរោងចក្រ ដែល Musk បានសរសេរអ៊ីមែលមួយ ទៅកាន់និយោជិករបស់គាត់ដើម្បីបង្ហាញពីបំណងក្នុងការដោះស្រាយបញ្ហា និងការយល់ពីបញ្ហាប្រឈមរបស់និយោជិក។
សេចក្តីលម្អិតនៅក្នុងសារនិយាយថា៖
[...] “គ្មានពាក្យណាអាចបញ្ជាក់ថាខ្ញុំយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនិងសុខុមាលភាពរបស់អ្នកទេ”។ វាធ្វើឱ្យខ្ញុំខូចចិត្តនៅពេលមាននរណាម្នាក់រងរបួសខណៈកំពុងសាងសង់រថយន្ត ហើយព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឱ្យក្រុមហ៊ុន Tesla ទទួលបានជោគជ័យ”។ ទៅមុខខ្ញុំបានស្នើសុំថា រាល់ការរងរបួសត្រូវរាយការណ៍មកខ្ញុំដោយផ្ទាល់ ដោយគ្មានករណីលើកលែង។ ខ្ញុំកំពុងជួបក្រុមសុវត្ថិភាពរៀងរាល់សប្តាហ៍ ហើយខ្ញុំចង់ជួបជាមួយអ្នករងរបួសក្នុងពេលឆាប់នៅពេលដែលពួកគេជាសះស្បើយ ដើម្បីខ្ញុំអាចយល់ថាត្រូវធ្វើដើម្បីធ្វើអោយវាប្រសើរឡើងជាងមុន។ បន្ទាប់មក ខ្ញុំនឹងចុះទៅផលិតកម្ម ហើយបំពេញភារកិច្ចដែលពួកគេអនុវត្ត។ នៅ Tesla អ្នកគ្រប់គ្រងត្រូវតែដាក់សុវត្តិភាពក្រុមការងារមុនសុវត្ថិភាពរបស់ពួកគេ”។ [...]
សារនេះបង្ហាញភាពជាអ្នកដឹកនាំរបស់ Elon Musk ក្នុងការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកដែលមូលហេតុនៃអ៊ីមែលនេះមានសារៈសំខាន់ខ្លាំងដោយសារពាក្យសម្តីរបស់ Musk បញ្ជាក់នូវការយកចិត្តទុកដាក់ ការយល់ចិត្ត និងឆន្ទះក្នុងការចាត់វិធានការដែលមានឥទ្ធិពលបំផុត" ដែលទាំងនេះឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ “ភាពវៃឆ្លាតនៃអារម្មណ៍” ក្នុងការធ្វើឱ្យអារម្មណ៍ដំណើរការសម្រាប់អ្នក ជាជាងប្រឆាំងនឹងអ្នក ហើយនេះជាគុណភាពសំខាន់នៃអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពដែលអ្នកដឹកនាំគួរទទួលស្គាល់ថាវាពិតជាសំខាន់ណាស់ក្នុងអាជីវកម្ម។
យោងតាមការសិក្សារបស់ Inc & Entrepreneurs ជិត ៩០ ភាគរយនៃអ្នកដែលមាន EQ ខ្ពស់ជា High performer លើសមិត្តរួមការងារដែលមានជំនាញបច្ចេកទេសនិងចំណេះដឹងស្រដៀងគ្នា។ លើសពីនេះទៀត យោងតាមការស្ទង់មតិរបស់ CareerBuilder និយោជិក ៧១ ភាគរយឱ្យតម្លៃទៅលើ EQ លើស IQ ពីព្រោះនិយោជិក (និងអ្នកធ្វើការសម្រេចចិត្ត) ដែលមានបញ្ញាអារម្មណ៍ខ្ពស់អាចរក្សាភាពស្ងប់ស្ងាត់ពេលស្ថិតនៅក្រោមសម្ពាធ ហើយអាចដោះស្រាយបញ្ហានិងជួយមិត្តរួមការងារដោយការយល់ចិត្ត។
សិក្សាពីជ្រុងមួយទៀត នៅក្នុងការនិយាយជាសាធារណៈ អារម្មណ៍គឺជាឧបករណ៍ដ៏អស្ចារ្យបំផុតមួយដែលមនុស្សម្នាក់អាចប្រើដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនរបស់ខ្លួន ព្រោះបើគ្មានអារម្មណ៍ សារនោះទំនងជានឹងបរាជ័យ។
យើងធ្វើការសម្រេចចិត្តដោយផ្អែកលើអារម្មណ៍ យើងត្រូវបានបំផុសគំនិតដោយសារតែអារម្មណ៍ យើងធ្វើសកម្មភាពដោយសារតែអារម្មណ៍ ចុងក្រោយគំនិតនិងជំរើសរបស់យើងជំរុញដោយអារម្មណ៍។
តែយើងមិនត្រូវច្រឡំជាមួយនឹងអារម្មណ៍ហួសហេតុនោះទេ។ ភាពវៃឆ្លាតនៃអារម្មណ៍សំដៅសមត្ថភាពក្នុងការគោរព និងស្តាប់អ្នកដទៃ ហើយវាជាផ្នែកមួយនៃជំនាញទន់ដែលជារឿយៗត្រូវបានគេមើលរំលងនៅក្នុងពិភពធុរៈកិច្ច។
ផងដែរ នៅក្នុងវគ្គសំណួរនិងចម្លើយនៅ SXSW លោក Musk ឆ្លើយតបនឹងសំណួរថា “តើអ្វីទៅជាកំហុសដ៏ធំបំផុតរបស់អ្នក?” ថា៖
[…] “ជាទូទៅកំហុសដែលខ្ញុំបានធ្វើគឺការដាក់ទម្ងន់ទៅលើទេពកោសល្យរបស់នរណាម្នាក់ តែមិនបានផ្តោតគ្រប់គ្រាន់លើបុគ្គលិកលក្ខណៈរបស់ពួកគេ”។ ខ្ញុំគិតថាវាពិតជាសំខាន់ថាម្នាក់ៗមានបេះដូង។ ខ្ញុំបានធ្វើខុសដោយគិតថាវាទាក់ទងតែនឹងខួរក្បាលទេ"។ […]
អ្វីដែលយើងទាំងអស់គ្នាអាចរៀនពីកំហុសធំបំផុតរបស់គាត់គឺ “មិនត្រូវមើលលើ Hard credential ច្រើនជ្រុល ដោយមិនអោយតម្លៃទៅលើបញ្ញាអារម្មណ៍របស់នរណាម្នាក់ថាវាក៏ជា “ជំនាញ” មួយដែរ ហើយជាជំនាញសំខាន់ទៀតផង។
ដោយសារតែបញ្ញាអារម្មណ៍នេះហើយ ដែលធ្វើឱ្យនាយកប្រតិបត្តិ Elon Musk របស់ក្រុមហ៊ុនយក្សបច្ចេកវិទ្យាអាចបង្កើតឡើងភាពច្នៃប្រឌិតជុំរុញភាពវៃឆ្លាតខាងវិទ្យាសាស្ត្រដើម្បីអនុវត្តគំនិតទាំងនោះ។
ភាពវាងវៃខាងអារម្មណ៍មិនត្រឹមតែជួយជាក្លាយជាអ្នកដឹកនាំដែលពូកែជាងមុនប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកក្លាយជាមនុស្សដែលប្រសើរជាងមុនតាមរយៈការកែលំអការយល់ដឹងពីខ្លួនឯង ការយល់ដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្ស ការអភិវឌ្ឍការយល់ចិត្ត និងការអភិវឌ្ឍភាពធន់នឹងអារម្មណ៍ ដើម្បីគ្រប់គ្រងភាពតានតឹងបានល្អប្រសើរជាដើម ដែលទាំងនេះអាចឱ្យអ្នកជាធ្វើគ្រូបង្វឹកស៊ើបការណ៍ផ្លូវចិត្ត អ្នកសម្របសម្រួលដ៏ពូកែ និងជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពបំផុតដែលអាចសាងទំនាក់ទំនងប្រកបដោយទំនុកចិត្ត ផលិតភាព និងការសហការកាន់តែខ្លាំង។
សូមចាំថា មេដឹកនាំល្អបំផុតមានកម្រិតបញ្ញាវៃឆ្លាតខ្ពស់ជាងគេព្រោះពួកគេជឿថាមនុស្សដែលពួកគេដឹកនាំគឺជាមនុស្សដែលមានអារម្មណ៍ មានបេះដូង មិនមែនដុំថ្ម! ដូចនេះ បើអ្នកចង់ក្លាយជាអ្នកដឹកនាំល្អបំផុត អ្នកត្រូវអភិវឌ្ឍសមត្ថភាព EQ របស់អ្នកឱ្យពូកែ។
អត្ថបទដោយ ហៃ សុចិន្តា