ការឆ្លងមេរោគ Sinus ឬក៏ឆ្លងមេរោគប្រហោងឆ្អឹងច្រមុះគឺបណ្តាលមកពីមេរោគបាក់តេរី និងផ្សិតដែលវាយប្រហារ Sinuses បណ្តាលឱ្យរលាកក្នុងច្រមុះ ។ ជំងឺនេះបណ្តាលឱ្យមានរោគសញ្ញាមិនល្អដូចជា ឈឺក្បាល តឹងច្រមុះ សម្ពាធប្រហោងឆ្អឹង ឈឺលើផ្ទៃមុខ។ ផ្អែកលើប្រភពវែបសាយ Vnexpress មាន អាហារមួយចំនួនអាចផ្តល់សារធាតុចិញ្ចឹម ជំនួយប្រព័ន្ធភាពស៊ាំ និងជួយសម្រួលដល់ជំងឺមួយនេះ។
១. ខ្ទឹមស៖ មានតួនាទីបញ្ចេញសារធាតុ Allicin ដែលមានឥទ្ធិពលប្រឆាំងបាក់តេរី និងប្រឆាំងមេរោគក្នុងច្រមុះ។ ជាមួយនឹងផលប៉ះពាល់ទាំងនេះ ខ្ទឹមសអាចជួយបន្ថយបញ្ហាប្រហោងឆ្អឹង ផ្តាសាយ និងឡើងស្លេស។ ខ្ទឹមសនេះមានប្រសិទ្ធភាពខ្លាំងពូកែសម្រាប់អ្នកដែលទើបកើតជំងឺរលាក Sinus ស្រាល។
២. ខ្ញី៖ គឺជាអាហារដ៏ល្អបំផុតមួយសម្រាប់អ្នកដែលឆ្លងមេរោគក្នុងប្រហោងឆ្អឹង ជាពិសេសបញ្ហាប្រហោងឆ្អឹងដែលបណ្តាលមកពីអាឡែស៊ី។ ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ដែលជួយបំបាត់អាការអាឡែហ្ស៊ីដូចជា ហៀរសំបោរ និងតឹងច្រមុះ។
៣. បន្លែ និងផ្លែឈើចម្រុះពណ៌៖ ផ្លែស្ត្របឺរី ប៊្លូបឺរី ផ្លែឆឺរី ប៉េងប៉ោះ ស្ពៃខ្មៅ ខាត់ណា ប្រូខូលី សុទ្ធសឹងតែជាបន្លែផ្លែឈើសម្បូរទៅដោយវីតាមីន C វាមានសមត្ថភាពប្រឆាំងអុកស៊ីតកម្ម ជួយឱ្យរាងកាយបង្កើតកោសិកាឈាមស និងកាត់បន្ថយការរលាក។ ខណៈផ្លែម្នាស់មានផ្ទុកសារធាតុ Bromelain ជាច្រើនដែលអាចកាត់បន្ថយការឈឺចាប់ និងហើមប្រហោងឆ្អឹង។
បន្ថែមពីលើអាហារដែលជួយសម្រួលជំងឺមួយនេះ អ្នកដែលមានមេរោគក្នុងប្រហោងឆ្អឹង គួរតែកំណត់ការទទួលទានទឹកដោះគោ ដែលភេសជ្ជៈនេះអាចជំរុញការផលិតទឹករំអិលកាន់តែច្រើននៅក្នុងច្រមុះ។ ហើយអាហារដែលមានជាតិស្ករបន្ថែមខ្ពស់ដូចជា នំឃុឃី ស្ករ ដូណាត់ ក៏មិនត្រូវញ៉ាំច្រើនពេកទេព្រោះវាបណ្តាលឱ្យច្រមុះរលាកកាន់តែខ្លាំង។
ដោយឡែកផ្អែកតាមការចែករំលែកពីលោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា បានណែនាំវិធីសាមញ្ញា១ដើម្បីជួយសម្រួលបញ្ហារលាកឆ្អឹងច្រមុះគឺការលាងច្រមុះដោយសេរ៉ូមប្រៃ ដោយគ្រាន់តែប្រើសឺរ៉ាំង បូមហើយញាត់ចូលច្រមុះបាញ់សេរ៉ូមប្រៃបញ្ចូលនោះវានឹងហៀរលាងចេញមកវិញដោយខ្លួនឯង ហើយវិធីសាស្ត្រនេះ ប្រសិនបើគ្រាន់តែគ្រុនផ្ដាសាយធម្មតា មិនថាមនុស្សធំឬក្មេងទេ អាចបំបាត់ផ្ដាសាយទៅវិញបានលឿនផងដែរ។
គួរបញ្ជាក់ដែរថា សម្រាប់វិធីសាស្ត្រលាងច្រមុះនេះ ជាវិធីដែលគ្រូពេទ្យណែនាំសម្រាប់អ្នកមានបញ្ហាច្រមុះទាំងអស់ តែមិនមែនមានន័យថា ឱ្យតែមានបញ្ហាបាញ់តែសេរ៉ូមប្រៃអាចជាឡើងវិញគ្រប់គ្នានោះទេ តម្រូវឱ្យអ្នកជំងឺធ្វើរោគវិនិច្ឆ័យច្បាស់លាស់ពីគ្រូពេទ្យជាមុនសិន។ ដោយឡែក សម្រាប់អ្នកមានបញ្ហាផ្ដាសាយ តឹងច្រមុះ ធម្មតា វិធីសាស្ត្រនេះ នឹងជួយឱ្យជាសះស្បើយឡើងវិញលឿនបំផុត៕
អត្ថបទដោយ៖ ស្រីណុច