មិនមែនតែក្មេងៗនោះទេ មនុស្សពេញវ័យមួយចំនួនឬអ្នកខ្លះមានគ្រួសារមានកូនរួចហើយក៏នៅតែមានទម្លាប់មួយគឺ ខាំក្រចក អ្នកខ្លះមានទម្លាប់បែបនេះតាំងពីតូច ហើយអ្នកខ្លះទៀតគាត់គិតថាធ្វើបែបនេះអាចជួយបំបាត់ស្ត្រេសបាន។ ការខាំក្រចកត្រូវបានគ្រប់គ្នាគិតថាវាជារឿងមិនសូវមានអនាម័យក្នុងការរស់នៅ តែមិនមែនត្រឹមតែប៉ុននេះនោះទេ បើតាមការសិក្សាថ្មីៗនេះបង្ហាញថា មនុស្សដែលចូលចិត្តខាំក្រចកលេងនេះចាត់ទុកថាជាទម្លាប់មិនល្អ អាចមានបញ្ហាដល់ក្រពះហើយថែមទាំងមានគ្រោះថ្នាក់ផ្សេងៗដល់ការរស់នៅក្នុងជីវិតទៀតផង។
ខាំក្រចកមិនត្រឹមតែការមិនមានអនាម័យសម្រាប់សុខភាពរស់នៅនោះទេ វាក៏ជាកត្តាមួយដែលធ្វើឱ្យមានបញ្ហាធ្មេញ ដូចជាការមិនស្មើរនៃធ្មេញផ្នែកខាងចុងឬខុសមុខងាររបស់ធ្មេញជាដើម។ លើសពីនេះសារធាតិដែលសល់ពីក្រចកបានចូលទៅក្នុងក្រពះ អាចបណ្តាលឱ្យមានបញ្ហាក្រពះឈឺក្រពះដោយមិនដឹងមូលហេតុ ចំណែកឯក្រចកដៃវិញ ខូចទ្រង់ទ្រាយធ្ងន់ធ្ងរក្នុងរយៈពេលវែងរកស្អាតរកល្អត្រឹមមិនបាននោះទេ នេះបើតាមការឱ្យដឹងរបស់lifehack.org។
មនុស្សដែលចូលចិត្តខាំក្រចក យើងអាចសម្គាល់បានថាក្រចករបស់ពួកគេច្រើនតែមានក្រចកខ្លីជាងមនុស្សមធ្យម។ សាច់ក្រចករបស់ពួកគេក៏មានស្លាកស្នាម មិនស្អាតផងដែរហើយនៅបើធ្ងន់ធ្ងរក្រចករបស់ពួកគេអាចនឹងលែងដុះ ធ្វើឱ្យមានក្រចកត្រឹមៗទៀតផង។ ចំណែកឯដំណោះស្រាយវិញ គឺព្យាយាមស្វែងយល់ពីមូលហេតុនៃអាកប្បកិរិយាខាំក្រចករបស់អ្នក ថាហេតុអ្វីទើបអ្នកចេះតែធ្វើវា បន្ទាប់មកជំនួសវាដោយទម្លាប់ល្អមួយទៀតទៅជាទម្លាប់វិជ្ជមាន។ ឧទាហរណ៍ប្រសិនបើអ្នកខាំក្រចករបស់អ្នកនៅពេលអ្នកធុញថប់ នៅពេលក្រោយៗសូមអ្នករើសការទៅដើរលេងឬស្តាប់ចំរៀងជំនួសវិញនៅពេលដែលអ្នកមានអារម្មណ៍តានតឹងដើម្បីឱ្យវាអាចជួយសម្រួលអារម្មណ៍កុំឱ្យមានបញ្ហាសុខភាពដ៏ទៃ៕
អត្ថបទដោយ៖ លីហួយ