មនុស្សយើងកាលបើបានអប់រំចិត្តបានល្អហើយ នឹងធ្វើឲ្យចិត្តស្ងប់បរិសុទ្ធរមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្ដីចម្រើនយ៉ាងក្រៃលែងអាចនាំសេចក្ដីសុខមកឲ្យខ្លួនឯង ព្រមទាំងអ្នកជុំវិញខ្លូនជានិច្ច។ សេចក្ដីសុខដែលកើតមកអំពីការអប់រំចិត្តឲ្យស្ងប់នឹងបរិសុទ្ធជាសេចក្ដីសុខយ៉ាងត្រជាក់ត្រជំ មិនមានសេចក្ដីសុខណាៗ ក្នុងលោកស្មើបានឡើយ។ ដូច្នេះដើម្បីជាប្រយោជន៍សម្រាប់ប្រិយមិត្តរបស់យើងនៅក្នុងថ្ងៃនេះចាបបៃតងសូមលើកយកព្រះសង្ឃចំនួន៣រូប ដែលយើងមិនគួររំលងដើម្បីតាមដានក្នុងការស្វែងរកចំណីអារម្មណ៍អប់រំផ្លូវចិត្ត។
១. ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម៖ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌។ ព្រះអង្គ បានបង្កើតកម្មវិធីអប់រំយុវជនឲ្យមកសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនា ហើយកម្មវិធីនេះ បានបន្តរហូតមកដល់សព្វថ្ងៃ គឺសាលាពុទ្ធិកសិក្សាផ្នែកអប់រំសីលធម៌ និងភាសាបរទេស។ ស្ទើរតែជារៀងរាល់ថ្ងៃព្រះអង្គតែងតែចែករំលែកនូវធម៌អប់រំចិត្តនានាជូនញាតិញោមគ្រប់វ័យមិនថាចាស់ ក្មេងប្រកបទៅដោយទស្សនៈដ៏ថ្លៃថ្លា និងផ្ដល់នូវគុណប្រយោជន៍បំផុតចំពោះផ្លូវចិត្ត ក៏ដូចជាទស្សនៈក្នុងជីវិត។
២. ព្រះគ្រូ សាន សុជា៖ មិនខុសពីព្រះគ្រូ គូ សុភាព ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ត្រូវបានប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ និងគោរពឲ្យតម្លៃដល់ព្រះអង្គយ៉ាងខ្លាំង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរ បានចាត់ទុកព្រះគ្រូថា ជាអ្នកប្រាជ្ញខ្មែរ ឬជាបណ្ឌិតសង្ឃដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងជាភិក្ខុសង្ឃបានយល់ដឹងច្រើនទាំងផ្លូវលោក និងផ្លូវព្រះធម៌ និងការអប់រំចិត្ត តាមរយៈការសម្ដែងព្រះធម្មទេសនា ពន្យល់អំពីព្រះធម៌នានា និងជានិច្ចកាលព្រះគ្រូតែងតែចេញវីដេអូអប់រំចិត្តយ៉ាងជ្រះថ្លាជាទីបំផុត។ ដូច្នេះបើបងប្អូនចង់តាមដានព្រះគ្រូអាចចូលទៅ Follow ផេកដែលមានឈ្មោះ San Sochea ។
៣. ព្រះគ្រូ គូ សុភាព៖ ជឿជាក់ថាប្រិយមិត្តនៅក្នុងបណ្ដាញសង្គម ក៏ដូចជាពុទ្ធសាសនិកកម្ពុជា ច្បាស់ជាបានស្គាល់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ហើយ ដែលកន្លងមកគុណម្ចាស់តែងតែចែករំលែកនូវធម៌អប់រំចិត្តនានាជូនញាតិញោមគ្រប់វ័យមិនថាចាស់ ក្មេងប្រកបទៅដោយទស្សនៈដ៏ថ្លៃថ្លា និងផ្ដល់នូវគុណប្រយោជន៍បំផុតចំពោះផ្លូវចិត្ត ក៏ដូចជាទស្សនៈជីវិតក្នុងការរស់នៅរបស់ជីវិតប្រចាំថ្ងៃ។ ដូច្នេះបើបងប្អូនចង់តាមដានព្រះគ្រូអាចចូលទៅ Follow ផេកដែលមានឈ្មោះ Kou Sopheap ៕
ជាចុងក្រោយនេះចាបបៃតងក៏ចង់ក្រើនរំលឹកដល់ប្រិយមិត្តទាំងអស់កុំព្រងើយកន្តើយឲ្យសោះចំពោះការអប់រំផ្លូវចិត្ត ព្រោះកាលណាផ្លូវចិត្តអប់រំបានល្អនោះវានឹងឲ្យការគិតរបស់យើងមានតែរឿងវិជ្ជមាន ដែលយើងអាចនិយាយបានថា គិតល្អ ធ្វើល្អ នាំតែសេចក្ដីសុខចម្រើនដល់ខ្លួនជារៀងរហូត។
អត្ថបទដោយ៖ ស្រីណុច