ការជ្រើសរើសគូជីវិតគឺពិតជាសំខាន់ ព្រោះជាមនុស្សដែលអ្នកត្រូវចំណាយពេលរស់នៅជាមួយពេញមួយជីវិត បើកាលណាអ្នករើសខុសនោះកន្លះជីវិតក្រោយ បន្ទាប់ពីរៀបការប្រាកដជាឥតន័យ។ ប៉ុន្តែសម្រាប់មនុស្សស្រីខ្លះបើស្រលាញ់ហើយគឺស្រលាញ់ងប់មិនខ្វល់ពីអ្វីទាំងអស់។ ជីវិតអាពាហ៍ពិពាហ៍ត្រូវការមនុស្សដែលមានទំនួលខុសត្រូវ សុចរិត និងចេះគោរពគ្នាទៅវិញទៅមក។ មានបុរសប្រភេទខ្លះៗមិនថាអ្នកស្រលាញ់គេកំរិតណាក៏ដោយ ការរៀបការជាមួយគេអាចនាំឱ្យអ្នកស្ដាយក្រោយពាក់កណ្តាលជីវិត។ ខាងក្រោមនេះគឺជាបុរស ៣ ប្រភេទទោះបីជាអ្នកស្រលាញ់ខ្លាំងក៏មិនគួររៀបការជាមួយដែរ៖
១. បុរសដែលគ្មានទំនួលខុសត្រូវ និងគ្មានគោលដៅច្បាស់លាស់៖ ប្រសិនបើដៃគូរបស់អ្នកចេះតែរស់ឱ្យរួចពីមួយថ្ងៃទៅមួយថ្ងៃគ្មានលំនឹងផ្អែកហិរញ្ញវត្ថុ គ្មានគំនិត គ្មានគោលដៅមួយដែលច្បាស់លាស់ទេ បន្ទាប់ពីរៀបការរួចគាត់ទំនងជាមិនដឹងថាអនាគតគាត់ត្រូវធ្វើអ្វីឡើយ។ ការងារក៏មិនស្ថិតស្ថេរ លុយរកបានតិចចាយអស់គ្មានផែនការ គាត់រស់នៅបែប “រកបានក៏បាន រកមិនបានក៏អត់” អនាគតសម្រេចយ៉ាងណាក៏ចោលឱ្យវាកើតទៅតាមលទ្ធភាព។
បើអ្នកនៅតែជំនះព្រោះតែស្រលាញ់ អ្នកត្រូវត្រៀមឱ្យស្រេច ព្រោះក្រោយរៀបការ មានកូន នឹងក្លាយជាអ្នកដែលទទួលខុសត្រូវរ៉ាប់រងនូវរឿងគ្រប់យ៉ាងតែម្នាក់ឯង។ កុំជឿពាក្យសម្ដីសន្យាដែលគាត់ឱ្យអ្នក តែត្រូវជឿលើទង្វើ ព្រោះពាក្យសម្ដីគ្រាន់តែជាផ្សែងដែលនិយាយចេញហើយរសាត់បាត់ទៅតាមខ្យល់ប៉ុណ្ណោះ។
២. បុរសដែលមានចិត្តក្ដៅ ចូលចិត្តប្រើហឹង្សា៖ ចំណាំមើលថាបើអ្នកត្រឹមជាសង្សាតែពេលឈ្លោះគ្នាម្ដងៗគាត់ចូលចិត្ត វាយរបស់របដូចជា កៅអី តុ ឬគំរាមកំហែងធ្វើឱ្យអ្នកភ័យ នេះជាសញ្ញាមួយដែលអ្នកមិនគួរបន្តទំនាក់ទំនងនេះទៀតទេ។ សាកស្រមៃទៅថា ត្រឹមជាសង្សាអ្នកទទួលរងសម្ពាធនេះ ចុះក្រោយរៀបការតើអ្នកនឹងត្រូវជួបរឿងអ្វីទៀត?
មនុស្សដែលធ្លាប់ប្រើហឹង្សាមិនមែនអាចកែបានត្រឹមពាក្យសន្យាទេ ថ្ងៃនេះឈប់ថ្ងៃក្រោយប្រាកដជាកើតឡើងទៀត។ ហើយតែងតែបញ្ច្រាសបន្ទោសទៅលើអ្នកថា “ព្រោះអ្នកធ្វើឱ្យគាត់ខឹង”។ មនុស្សដែលមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួន មិនសមនឹងធ្វើជាប្តីឬជាឪពុកឡើយ។
៣. បុរសដែលផ្ដាច់ការ គ្មានការគោរពសិទ្ធស្ត្រី៖ បុរសបែបនេះចង់គ្រប់គ្រងគ្រប់យ៉ាងពីអ្នកមិនថា ការស្លៀកពាក់ កន្លែងដែលអ្នកទៅ មិត្តដែលអ្នកជួប និងចង់ឱ្យអ្នកធ្វើតាមគ្រប់យ៉ាងដែលគាត់ចង់បាន។ គាត់បិទសិទ្ធអ្នក ហើយអះអាងថាទាំងនេះព្រោះតែគាត់ស្រលាញ់។ បើអ្នកនៅតែជំនះរៀបការជាមួយបុរសប្រភេទនេះយូរទៅអ្នកនឹងបាត់អត្តសញ្ញាខ្លួនឯង បាត់បង់មិត្តភកិ្ក បាត់បង់ការងារ បាត់បង់ក្ដីស្រម៉ៃ សូម្បីសំឡេងរបស់អ្នក ព្រោះគាត់នឹងមិនឱ្យសិទ្ធអ្នកធ្វើអ្វីដែលខ្លួនចង់ធ្វើឡើយ។
ជីវិតគ្រួសារមិនមែនជាអារម្មណ៍ណាមួយទេវាជាការសម្រេចចិត្តធំមួយ។ ការជ្រើសរើសប្តីគឺជាការជ្រើសរើសអ្នកដែលនឹងពង្រឹងដំណើរជីវិតអ្នក មិនមែនជាមនុស្សដែលត្រូវទាញអ្នកចុះទេ។ សូមគិតពីខ្លួនអ្នក អនាគតរបស់អ្នក និងកូនរបស់អ្នក។ ការជ្រើសរើសត្រឹមត្រូវនៅថ្ងៃនេះ ជៀសវាងស្ដាយក្រោយនៅពេលក្រោយ៕
អត្ថបទដោយ៖ សារួ
