ផ្លែគូលែន គឺជាផ្លែឈើរដូវក្ដៅ ដែលមានរសជាតិឆ្ងាញ់ពិសារ ហើយផ្លែគូលែននេះក៏សម្បូរនៅក្នុងប្រទេសកម្ពុជាយើងដែរ។ បើនិយាយដល់ផ្លែគូលែននេះ យើងប្រហែលជានឹកដល់រសជាតិនៃផ្លែឈើមួយនេះ និងរងចាំដល់ខែផ្លែដឹងតែទិញញុំាតែម្តង។ មែនហើយគ្រប់គ្នាធ្លាប់តែញុំាសាច់គូលែន ប៉ុន្តែមិនដែលញុំាគ្រាប់ផ្លែគូលែននោះទេ ពីព្រោះគ្រាប់ផ្លែមានរសជាតិម្សៅ ដែលភាគច្រើនអ្នកគ្រប់គ្នាបោះចោល។
បើយោងតាមប្រភព Livestrong បានឱ្យដឹងថា គ្រាប់គូលែនមានសមាសធាតុពុលដ៏ខ្លាំងក្លាដែលគេស្គាល់ថាជា Hypoglycin A និង Analog Methylene Cyclopropyl-glycine (MCPG)។ នៅក្នុងនោះដែរ ការទទួលទានគ្រាប់គូលែនអាចបណ្ដាលឱ្យមានការថយចុះជាតិស្ករក្នុងឈាម។ ប៉ុន្តែ អ្នកក៏មិនត្រូវញុំាច្រើននោះដែរ។
បើយោងតាមប្រភព TheHealthSite បានបញ្ជាក់ថា កុំបរិភោគគ្រាប់គូលែនច្រើនពេក ពីព្រោះវាមានជាតិពុលធម្មជាតិ ដែលជាជាតិពុលប៉ះពាល់ដល់រាងកាយមនុស្ស។ ចុះតើយើងគួរបរិភោគបែបណា?
គួរជម្រាបថា បើយោងតាមប្រភព Health Shots ដែលអ្នកជំនាញ Kaul បានបន្ថែមថា របៀបបញ្ចូលគ្រាប់គូលែនទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នករួមមាន៖
១.វិធីសាស្ដ្រដ៏មានប្រជាប្រិយមួយគឺ ការទទួលទានគ្រាប់គូលែនក្នុងទម្រង់ជាអាហារបំប៉ន។ អាហារបំប៉នទាំងនេះជាធម្មតាមានក្នុងទម្រង់ជាម្សៅ ដែលធ្វើឱ្យយើងងាយស្រួលក្នុងការប្រើប្រាស់គ្រាប់គូលែនជាអាហារបំប៉នប្រចាំថ្ងៃរបស់អ្នក។
២.អ្នកអាចរៀបចំចម្រាញ់គ្រាប់គូលែនដោយខ្លួនឯងនៅផ្ទះផងដែរ ដោយចាប់ផ្តើមយកគ្រាប់់គូលែនស្រស់ លាងឱ្យបានស្អាត ហើយហាលឱ្យស្ងួត។ នៅពេលស្ងួតហើយ យើងធ្វើការកិនគ្រាប់គូលែនទៅជាម្សៅល្អ ដោយប្រើប្រាស់ម៉ាស៊ីនកិនគ្រឿងទេស។ នៅក្នុងនោះ ម្សៅគ្រាប់គូលែនរបស់អ្នកអាចប្រើប្រាស់ជាគ្រឿងទេសសម្រាប់បន្ថែមក្នុងទឹកក្រឡុក ទឹកដោះគោជូរ ឬអាហារផ្សេងៗ។
ចំណាំម្តងទៀត អ្នកក៏មិនត្រូវប្រើប្រាស់ច្រើនពេកនោះដែរ អ្នកគួរតែប្រើម្សៅគ្រាប់គូលែនក្នុងកម្រិតមធ្យម ពីព្រោះការទទួលទានច្រើនពេកអាចនាំឱ្យមានផលប៉ះពាល់។ យ៉ាងណាមិញ ប្រសិនបើអ្នកមានបញ្ហាសុខភាព ឬកំពុងប្រើប្រាសថ្នាំ គួរតែពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាពជាមុខសិន។
នៅក្នុងនោះដែរ បើយោងតាមប្រភពដដែលបានរៀបរាប់ប្រាប់ថា អត្ថប្រយោជន៍សុខភាពនៃការប្រើប្រាស់គ្រាប់គូលែនសម្រាប់ជាគ្រឿងទេសក្នុងភេសជ្ជៈរួមមាន៖
១.មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្លាំង៖
អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយនៃសារធាតុចម្រាញ់ពីគ្រាប់គូលែនគឺ មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំ។ អ្នកឯកទេសខាងចំណីអាហារ និងអាហាររូបត្ថម្ភ Avni Kaul បានមានប្រសាសន៍ថា សារធាតុចម្រាញ់ទាំងនេះសម្បូរទៅដោយសារធាតុPolyphenols Flavonoids និង Proanthocyanidins ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនៅក្នុងរាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្សាបរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ដូច្នេះកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាមហារីក ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។
២.ស្ដារស្បែកឡើងវិញ៖
គេដឹងហើយថា ផ្លែល្ហុងល្អសម្រាប់សក់ ប៉ុន្តែគ្រាប់គូលែនមានអត្ថប្រយោជន៍សម្រាប់ស្បែក។ សារធាតុចម្រាញ់ពីគ្រាប់ពូជ គូលែន(Lychee) បានបង្ហាញពីឥទ្ធិពលដ៏អស្ចារ្យលើសុខភាពស្បែក។ អ្នកជំនាញ Kaul បានពន្យល់ថា កម្រិតខ្ពស់នៃសារធាតុ polyphenols ដែលមាននៅក្នុងសារធាតុចម្រាញ់ទាំងនេះ រួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវភាពយឺតនៃស្បែក និងជាតិទឹក ខណៈដែលក្នុងពេលដំណាលគ្នានឹងកាត់បន្ថយរូបរាងនៃស្នាមជ្រួញ។ ជាងនេះទៅទៀត សារធាតុចម្រាញ់ពីនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ ដែលអាចជួយការពារការឆ្លងមេរោគលើស្បែក និងលើកកម្ពស់សុខភាពស្បែក។ ការបន្ថែមសារធាតុចម្រាញ់ពីគ្រាប់គូលែនទៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នក អាចធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លាឡើងវិញ ដោយទុកឱ្យវាមើលទៅក្មេងជាងវ័យ និងភ្លឺថ្លា។
៣.ជំនួយសុខភាពសរសៃឈាមបេះដូង៖
ការស្រាវជ្រាវក៏បានណែនាំផងដែរថា សារធាតុចម្រាញ់ពីគ្រាប់គូលែនអាចមានឥទ្ធិពលវិជ្ជមានលើសុខភាពសរសៃឈាមបេះដូង។ អ្នកជំនាញ Kaul បាននិយាយថា "សារធាតុចម្រាញ់ទាំងនេះត្រូវបានរកឃើញសម្រាប់គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល កាត់បន្ថយការរលាក និងជំរុញលំហូរឈាមឱ្យមានសុខភាពល្អ"។ តាមរយៈការបញ្ចូលសារធាតុចម្រាញ់ពីគ្រាប់គូលែនទៅក្នុងរបបអាហាររបស់អ្នក ឬរបបអាហារបន្ថែម អ្នកអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង និងរក្សាប្រព័ន្ធសរសៃឈាមបេះដូងឱ្យមានសុខភាពល្អ។
៤.មានសក្តានុពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម៖
ការសិក្សាមួយចំនួនបានបង្ហាញថា សារធាតុចម្រាញ់ពីគ្រាប់គូលែនបង្ហាញពីលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ សារធាតុចម្រាញ់ទាំងនេះមានសក្តានុពលក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម បង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងកាត់បន្ថយផលវិបាកដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។ សម្រាប់បុគ្គល ដែលមានបញ្ហាជាមួយនឹងជំងឺទឹកនោមផ្អែម ឬមានហានិភ័យនៃការវិវត្តទៅជាជំងឺ ការបញ្ចូលសារធាតុចម្រាញ់ពីគ្រាប់គូលែនទៅក្នុងផែនការរបបអាហាររបស់ពួកគេអាចបង្ហាញថាមានប្រយោជន៍។
ចំណាំម្តងទៀត អ្នកក៏មិនត្រូវប្រើប្រាស់ច្រើនពេកនោះដែរ អ្នកគួរតែប្រើម្សៅគ្រាប់គូលែនក្នុងកម្រិតមធ្យមសមល្មម ពីព្រោះការទទួលទានច្រើនពេកអាចនាំឱ្យមានផលប៉ះពាល់។ យ៉ាងណាមិញ ប្រសិនបើអ្នកមានបញ្ហាសុខភាព ឬកំពុងប្រើប្រាសថ្នាំ គួរតែពិគ្រោះជាមួយង្នកជំនាញថែទាំសុខភាពជាមុខសិន មុននឹងទទួលទាន។ មួយវិញទៀត គ្រាប់គូលែនមិនមែនជាថ្នាំនោះទេ វាគឺគ្រាប់ធញ្ញជាតិដែលមានសារធាតុជួយសុខភាព ប៉ុន្តែប្រសិនបើយើងទទួលទានច្រើនក៏អាចប៉ះពាល់ដល់រាងកាយផងដែរ។