ជំងឺ
គ្រោះថ្នាក់! ពេទ្យខ្មែររកឃើញបុរសម្នាក់លេបគ្រាប់ម៉ាក់ប្រាង៧៣គ្រាប់ កុំញុំាផ្លែឈើលេបគ្រាប់ទាំងមូល

គ្រោះថ្នាក់នៃការបរិភោគទាំងគ្រាប់នូវផ្លែឈើដែលមានគ្រាប់ធំៗ! បើយោងតាមប្រភព មន្ទីរពេទ្យកាល់ម៉ែត (Calmette Hospital) បានចុះផ្សាយថា នៅល្ងាចថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ មានអ៊ុប្រុសម្នាក់អាយុ ៤៨ឆ្នាំ មកពីខេត្តតាកែវ បានចូលមកមន្ទីរពេទ្យកាល់ម៉ែត ដោយមានអាការឈឺចុកឆ្អល់នៅចុងដង្ហើម និងក្អួតជាច្រើនដង ដែលអាការៈនេះមានប្រហែលជិតមួយខែហើយ គឺបន្ទាប់ពីគាត់បានពិសា ផ្លែម៉ាក់ប្រាង ដោយមិនបានយកគ្រាប់ចេញ។

តាមរយៈការសាកសួរ អ្នកជំងឺផ្ទាល់ គឺគាត់បានពិសារផ្លែម៉ាក់ប្រាងជាច្រើនគ្រាប់តាំងពីដើមខែមេសា ពោលគឺប្រហែលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ និងបន្តពិសានៅថ្ងៃបន្តបន្ទាប់មកទៀត ដោយពុំបានយកគ្រាប់ចេញទេ។ ប្រហែលជា ៤ ទៅ ៥ថ្ងៃបន្ទាប់ពីការហូប គាត់ក៏មានអាការឆ្អល់នៅចុងដង្ហើម និង ក្អួតជាបន្តបន្ទាប់។ ដោយការធ្វើទុក្ខបែបនេះពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានការធូរស្រាល បើទោះបី គាត់បានពិសាថ្នាំពេទ្យមួយចំនួនក៏ដោយ គាត់ក៏សម្រេចមកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣។

ក្រោយពីការសាកសួរពីគ្រូពេទ្យជំនាញយ៉ាងម៉ត់ចត់រួច គ្រូពេទ្យក៏បានស្នើរសុំធ្វើ អេកូពោះ និងស្កេនពោះ។ ជាលទ្ធផល យើងឃើញមានគ្រាប់ម៉ាក់ប្រាងមួយគ្រាប់ ជាប់នៅនឹងគល់ពោះវៀនតូច (Bulbe) ដែលជាមូលហេតុនាំឲ្យគ្រាប់ជាច្រើនផ្សេងទៀត ចាល់នៅពេញក្រពះ។

ក្រោយពីបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់រវាង គ្រូពេទ្យឯកទេស ថ្លើម ក្រពះ ពោះវៀន និងគ្រូពេទ្យឯកទេស ថ្នាំសណ្តំ រួចមក យើងក៏សម្រេចចិត្ត ធ្វើការឆ្លុះក្រពះ ទាំងយប់ ដើម្បីចាប់គ្រាប់ទាំងនោះចេញ។ ក្រុមគ្រូពេទ្យបានព្យាយាមចាប់គ្រាប់ម៉ាក់ប្រាងទាំងនោះចេញម្តងមួយៗ បានដោយជោគជ័យ ដែលមានចំនួនសរុប ៧៣ គ្រាប់ ក្នុងរយៈពេលជិត ៣ ម៉ោង។

នៅក្នុងនោះដែរ បើយោងតាមប្រភពដដែលបានឱ្យដឹងថា ផលវិបាកធ្ងន់ធ្ងរ ករណីមិនបានព្យាបាលទាន់ពេលវេលារួមមាន៖

១- គ្រាប់ដែលកកស្ទះយូរក្នុងពោះវៀនធំ ដែលនៅលាយឡំនឹងលាមកក្ដៀនបង្កឲ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺមិនអាចជុះលាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។

២- គ្រាប់ដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀនដែលកំពុងរលាក គឺអាចបង្កឲ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀនសាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite) ដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយាវរបស់អ្នកជំងឺ ធ្វើឲ្យមានការលំបាកក្នុងការសង្រ្គោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។

ជាចុងក្រោយមន្ទីរពេទ្យកាល់ម៉ែត បានមានអនុសាសន៍ថា សូមបរិភោគផ្លែឈើដែលមានគ្រាប់ធំៗ ដោយប្រុងប្រយ័ត្ន និង មិនគួរបរិភោគទាំងគ្រាប់ឡើយ៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia