រដូវកាលផ្លែព្រីងទុំចូលមកដល់ មិនត្រឹមតែជាផ្លែឈើដែរមានរសជាតិឆ្ងាញ់ រូបរាងទាក់ទាញប៉ុណ្ណោះទេ តែផ្លែព្រីងមានទាំងមានអត្ថប្រយោជន៍មហាសាលសុខភាពនិងសម្រស់ផងដែរ។ អ្នកចូលចិត្តញ៉ាំផ្លែព្រីង មានបានដឹងហើយឬនៅថាព្រីងមិនត្រឹមតែឆ្ងាញ់ ញ៉ាំជួយឱ្យយើងមានអារម្មណ៍ល្អប៉ុណ្ណោះទេ វាថែមទាំងជួយប៉ូវសុខភាពរបស់អ្នកផងដែរ។ មិនមែនមាននៅតែកម្ពុជាទេ នៅប្រទេសផ្សេងក៏ពេញនិយមចូលចិត្តញ៉ាំផ្លែព្រីងនេះផងដែរ។
ផ្អែកតាមការឱ្យដឹងពីប្រភព India.com បានឱ្យដឹងថាផ្លែឈើមួយប្រភេទនេះប្រៀបដូចជាឱសថធម្មជាតិមួយ ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ជំងឺក្រពះ និងល្អសម្រាប់សន្លាក់ផងដែរ។ ផ្លែឈើនេះ អាចជួយដោះស្រាយបញ្ហារមូលពោះ ហើមពោះបានផងដែរ។ ក្រៅពីនោះព្រីងក៏នៅមានអត្ថប្រយោជន៍មួយចំនួនទៀត ដូចជា៖
១ ធ្វើអោយប្រសើរឡើងនូវចំនួនអេម៉ូក្លូប៊ីន៖ ផ្ទុកទៅដោយវីតាមីន C និងជាតិដែក បង្កើនអេម៉ូក្លូប៊ីន។ ជាមួយនឹងការកើនឡើងនៃចំនួនអេម៉ូក្លូប៊ីន ឈាមរបស់អ្នកនឹងផ្ទុកអុកស៊ីសែនកាន់តែច្រើនទៅកាន់សរីរាង្គ និងធ្វើឱ្យអ្នកមានសុខភាពល្អ។ ជាតិដែកដែលមាននៅក្នុងផ្លែឈើក៏បន្សុទ្ធឈាមរបស់អ្នកផងដែរ។
២ ជំនួយស្បែក៖ ផ្លែព្រីងមានផ្ទុកវីតាមីនC វីតាមីនA អាចជួយកែលម្អសុខភាពស្បែកនិងកែវភ្នែកបាន។ ញ៉ាំព្រីងអាចកាត់បន្ថយការកើតមុន និងធ្វើឱ្យស្បែកស្រស់ថ្លាបានផងដែរ។
៣ ល្អសម្រាប់សុខភាពបេះដូង៖ ផ្ទុកទៅដោយជាតិប៉ូតាស្យូម មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់បេះដូង។ ផ្លែឈើមានប្រយោជន៍ក្នុងជម្រុញការព្យាបាលជំងឺដូចជាជំងឺលើសឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល វាក៏រក្សាសរសៃឈាមរបស់អ្នកឱ្យមានសុខភាពល្អ និងការពារការឡើងរឹងនៃសរសៃឈាមផងដែរ។
៤ ការពារការឆ្លងមេរោគ៖ ផ្លែព្រីងមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ប្រឆាំងនឹងមេរោគ។ ផ្លែឈើក៏មានអាស៊ីត malic, tannins, អាស៊ីត gallic, អាស៊ីត oxalic និងអាស៊ីត betulic មានប្រសិទ្ធភាពការពារការឆ្លងមេរោគទូទៅផងដែរ។
ជារួមមក ផ្លែព្រីងជាផ្លែឈើធម្មជាតិ ដែលមានតាមរដូវកាលរបស់វាតែប៉ុណ្ណោះ ញ៉ាំឆ្ងាញ់ជំនួយសុខភាពទៀត។ ដោយសារមនុស្សភាគច្រើននិយមញ៉ាំព្រីងជាមួយអំបិលម្ទេស សូមចាំថាកុំបន្ថែមអំបិលម្ទេសស្ករច្រើនខ្លាំងពេក ដែលអាចធ្វើឱ្យលុបលើអត្ថប្រយោជន៍ពីធម្មជាតិរបស់ផ្លែព្រីងបាន៕
អត្ថបទដោយ៖ Senghong